បេនស៊ីរ៉ាក់ (៣៤)

អំពីការយល់សប្តិ
១សេចក្តី​សង្ឃឹម​ឥត​ខ្លឹម​សារ រមែង​បោក​បញ្ឆោត​មនុស្ស​ល្ងី​លើ្ង រីឯ​ការ​យល់​សប្តិ​ក៏​រមែង​ធ្វើ​ឲ្យ​មនុស្ស ដែល​គ្មាន​សុភ​និច្ឆ័យ​ស្មាន​ថា​ខ្លួន​អាច​ធើ្វ​អ្វី​បាន​តាម​អំពើ​ចិត្ត​ដែរ។

២អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្តិ ហាក់​ដូច​ជា​ចង់​ចាប់​ស្រមោល ឬ​ដេញ​តាម​ខ្យល់។

៣ពេល​យល់​សប្តិ មនុស្ស​យើង​បាន​ឃើញ​តែ​ស្រមោល​ប៉ុណ្ណោះ គឺ​ដូច​ជា​ឃើញ​មុខ​នៅ​ក្នុង​កញ្ចក់។

៤តើ​អ្វី​ដ៏​បរិសុទ្ធ អាច​ចេញ​ពី​អ្វី​ដែល​មិន​បរិសុទ្ធ​ដូច​ម្តេច​បាន? តើ​សេចក្តី​ពិត អាច​ចេញ​ពី​ការ​ភូត​កុហក​ដូច​ម្តេច​កើត?

៥ការ​ទស្សន៍​ទាយ ប្រផ្នូល ការ​យល់​សប្តិ សុទ្ធតែ​ឥត​ខ្លឹម​សារ​ទាំង​អស់ ដូច​គំនិត​រវើ​រវាយ​របស់​ស្រ្តី​ដែល​ឈឺ​ចាប់​ក្នុង​ពេល​កំពុង​សំរាន​កូន។

៦កុំ​យក​ចិត្ត​ទុក​ដាក់​នឹង​សុបិន​នោះ​មក​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

៧សុបិន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​វង្វេង អស់​អ្នក​ដែល​ជឿ​លើ​សុបិន​ទាំង​នោះតែងតែ​ខក​ចិត្ត​ជា​ខ្លាំង។

៨វិន័យ​ដ៏​ពេញ​លក្ខណ: មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​ទាំង​នេះ​ទេ រីឯ​ព្រះ​ប្រាជ្ញា​ញាណ​ដែល​អ្នក​ជឿ​ថ្លែង បាន​ពេញ​លក្ខណ:​  ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បោក​បញ្ឆោត​ទាំង​នេះ​ដែរ។

អំពីការធើ្វដំណើរ
៩អ្នក​ធើ្វ​ដំណើរ​ច្រើន ក៏​រៀន​បាន​ច្រើន។ អ្នក​ដែល​មាន​ការ​ពិសោធ​ជាច្រើន ក៏​មាន​យោបល់​ដ៏​ឈ្លាស​វៃ​ដែរ។

១០អ្នក​គ្មាន​បទ​ពិសោធ យល់​ដឹង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

១១រីឯ​អ្នក​ដែល​តែង​តែ​ធើ្វ​ដំណើរ​ច្រើន រមែង​បង្កើត​ការ​ប៉ិន​ប្រសប់។

១២ពេល​ធើ្វ​ដំណើរ ខ្ញុំ​បាន​ឃើញ​អ្វីៗ​ជាច្រើន ខ្ញុំ​ក៏​យល់​សេចក្តី​ច្រើន ជាង​សេចក្តី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ទៅ​ទៀត។

១៣ខ្ញុំ​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជាញឹក​ញយ ប៉ុន្តែ ខ្ញុំ​ដោះ​ខ្លួន​រួច​ដោយ​សារ​ការ​ពិសោធ​របស់​ខ្ញុំ។

ការគោរពកោតខ្លាចព្រះជាម្ចាស់
១៤អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នឹង​មាន​អាយុ​យឺន​យូរ។ ១៥ព្រោះ​គេ​ផ្ញើ​ជីវិត​លើ​ព្រះ​សង្គ្រោះ​របស់​ខ្លួន។

១៦អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​  មិន​ខ្លាច​អ្វី​ទ្បើយ គេ​មិន​ភ័យ​ពី​អ្វី​សោះ ព្រោះ​គេ​សង្ឃឹម​លើ​ព្រះ​អង្គ។

១៧អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ពិតជា​មាន​សុភមង្គលហើយ!

១៨តើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​នរណា? តើ​នរណា​ជា​អ្នក​គាំទ្រ​គេ?

១៩ព្រះ​អម្ចាស់​តែង​តែ​ទត​មើល​អស់​អ្នក ​ដែល​ស្រឡាញ់​ព្រះអង្គ ព្រះអង្គ​ធើ្វ​ជា​ខែល​ដ៏​មាន​មហិទិ្ធ​ប្ញទិ្ធ ជា​បង្អែក​ដ៏​រឹង​មាំ ជា​ជំរក​ការពារ​ខ្យល់​ក្តៅ  ជា​ម្លប់​ដ៏​ត្រជាក់ ក្រោម​កំដៅ​ថ្ងៃ​ត្រង់ ព្រះអង្គ​រក្សា​ការពារ​គេ​ក្នុង​គ្រប់​ឧបសគ្គ ហើយ​ជួយ​គេ​មិន​ឲ្យ​រលំ​ដួល​ទ្បើយ។

២០ព្រះ​អង្គ​លើក​ទឹក​ចិត្ត​គេ និង​ធ្វើ​ឲ្យ​ភ្នែក​គេ​ភ្លឺ ព្រះ​អង្គ​ប្រោស​ឲ្យ​គេ​បាន​ជា​សះស្បើយ​ ព្រម​ទាំង​ប្រទាន​ជិវិត និង​ព្រះ​ពរ។

អំពីការគោរពប្រណិប័តន៍ ព្រះជាម្ចាស់ដ៏ស្មោះត្រង់
២១ប្រសិន​បើ​អ្នក​យក​សត្វ ដែល​ខ្លួន​រក​បាន​ដោយ​អយុត្តិធម៌​មក​ធើ្វ​ជា​យញ្ញ​បូជា ក៏​ដូច​ជា​មើល​ងាយ​ព្រះ​ជាម្ចាស់​ដែរ។

២២ព្រះអង្គ​មិន​សព្វ​ព្រះ​ហប្ញទ័យ​ទទួល​តង្វាយ​របស់​មនុស្ស​ដែល​បំពាន​វិន័យ​ទើ្បយ។

២៣ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត មិន​គាប់​ព្រះ​ហប្ញទ័យ​នឹង​តង្វាយ​របស់​ជន​ពាល​ទេ ព្រះ​អង្គ​ក៏​មិន​លើក​លែង​ទោស​ពួក​គេ​ឲ្យ​រួច​ពី​បាប តាម​ចំនួន​យញ្ញ​បូជា​នោះ​ដែរ។

២៤អ្នក​ដែល​កេង​ប្រវ័ញ្ច​ទ្រព្យ​របស់​ជន​ក្រខ្សត់​យក​មក​ថ្វាយ​ជា​យញ្ញ​បូជា ហាក់​ដូច​ជា​អារ​ក​កូន​នៅ​មុខ​ឪពុក។

២៥អាហារ​ជា​អាយុ​ជីវិត​របស់​ជន​ក្រ​ខ្សត់ អ្នក​ដក​ហូត​អាហារ​ពី​គេ គឺ​ជា​ឃាត​ករ។

២៦អ្នក​ដែល​រឹប​អូស​យក​ឧបករណ៍​ចិញ្ចឹម​ជីវិត​របស់​អ្នក​ដទៃ​ក៏​ដូច​សម្លាប់​គេ​ដែរ។

២៧អ្នក​ដែល​មិន​ឲ្យ​ប្រាក់​ឈ្នួល​ដល់​កូន​ឈ្នួល ក៏​ដូច​ជា​បង្ហូរ​ឈាម​គេ​ដែរ។

២៨បើ​ម្នាក់​អ្នក​សង់ ហើយ​ម្នាក់​ទៀត​ជា​អ្នក​បំផ្លាញ  បាន​សេចក្តី​ថា​អ្នក​ទាំង​ពីរ​គ្មាន​ចំណេញ​អ្វី​ក្រៅ​ពី​ការ​នឿយ​ហត់​ទ្បើយ

២៩បើ​ម្នាក់​ទូល​អង្វរ​ព្រះ​អម្ចាស់ ហើយ​អ្នក​ទៀត​ប្រទេច​ផ្តាសា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​នរណា​មួយ

៣០អ្នក​ជំរះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ក្រោយ​ពី​បាន​ប៉ះ​សាក​សព​រួច​ ​បើ​គេ​ប៉ះ​សាក​សព​ម្តង​ទៀត តើ​ពិធី​ជ្រមុជ​ទឹក​ដើម្បី​ជំរះ​កាយបាន​ប្រយោជន៍​អ្វី?

៣១អ្នក​តម​អាហារ ដើម្បី​សុំ​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​រំដោះ​បាប រួច​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​បាប​ដដែល តើ​នរណា​នឹង​ស្តាប់​ពាក្យ​អង្វរ​របស់​គាត់? តើ​គាត់​តម​អាហារ​ធើ្វ​អ្វី?