បេនស៊ីរ៉ាក់ (៣១)

ភាគទីបី

ពាក្យសសើរព្រះប្រាជ្ញាញាណ

អំពីធនធាន
១ការ​ខ្វល់​ខ្វាយ​ នឹង​ទ្រព្យ​សម្បត្តិ​រមែង​ធើ្វ​ឲ្យ​អ្នក​មាន​ដេក​មិន​លក់​  ហើយ​ធ្លាក់​ខ្លួន​ស្គម។ ២រីឯ​ការ​ខ្វល់​ខ្វាយ​រក​ស៊ី ​ក៏​ធើ្វ​ឲ្យ​ដេក​បិទ​ភ្នែក​មិន​ជិត ដូច​មាន​ជំងឺ​យ៉ាង​ធ្ងន់​ដែរ។

៣អ្នក​មាន​នឿយ​ហត់​ដោយ​ខំ​ប្រមូល​ទ្រព្យ។ ពេល​ឈប់​ប្រមូល គាត់​គិត​តែ​ពី​សប្បាយ។

៤​អ្នក​ក្រ​ធើ្វ​ការ​នឿយ​ហត់​ស្ទើរ​ស្លាប់​ខ្លួន នៅ​តែ​រក​មិន​បាន​គ្រប់​គ្រាន់ ពេល​ឈប់​រក គាត់​រឹត​តែ​ខ្វះ​ខាត​ខ្លាំង​ទៀត។

៥​អ្នក​ស្រឡាញ់​មាស​ខ្លាំង មិន​ដែល​សុច​រិត​ទេ។  អ្នក​គិត​តែ​ពី​រក​ចំណេញ រមែង​ឃ្លាត​ចាក​ពី​គន្លង​ផ្លូវ​ល្អ។

៦មនុស្ស​ជាច្រើន​រងគ្រោះ ហើយ​ជួប​ប្រទះ​នឹង​មហន្តរាយ ព្រោះ​តែ​ស្រឡាញ់​មាស​ខ្លាំង​ពេក។

៧មាស​ជា​អន្ទាក់​សំរាប់​អស់​អ្នក ដែល​វក់​នឹង​វា​ហើយ មនុស្ស​គ្មាន​សុភនិច្ឆ័យ តែង​តែ​ជាប់​អន្ទាក់​នោះ។

៨អ្នក​មាន​ដែល​គ្មាន​កំហុស ហើយ​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​មិន​វក់​តាម​មាស ពិត​ជា​មាន​សុភមង្គល​មិន​ខាន។ ៩តើ​អ្នក​មាន​បែប​នោះ​នៅ​ឯណា? យើង​ត្រូវ​នាំ​គ្នា​ទៅ​សរសើរគាត់! ដ្បិត​ក្នុង​ចំណោម​ប្រជា​ជន​ទាំង​មូល មាន​តែ​គាត់​ទេ​ដែល​បាន​ប្រព្រឹត្តិ​ការ​អស្ចារ្យ​បែប​នេះ។ ១០តើ​នរ​ណា​អាច​គេច​ផុត​ពី​ការ​ល្បួង​នេះ​បាន? ប្រសិន​គាត់​មិន​វក់​នឹង​មាស​មែន  គាត់​អាច​ខ្ពស់​មុខ​បាន។

មាន​មនុស្ស​តិច​ណាស់ ដែល​មាន​ឱកាស​បំពាន​លើ​វិន័យ តែ​មិន​ព្រម​បំពាន ឬ​ទោះបី​ជា​គេ​អាច​ប្រព្រឹតិ្ត​អំពើ​បាប​ក្តី ក៏​គេ​មិន​ព្រម​ប្រព្រឹត្ត​ដែរ។ ១១មនុស្ស​បែប​នេះ នឹង​ចម្រុង​ចម្រើន​យ៉ាង​ខ្លាំង​ហើយ​អង្គ​ប្រជុំ​  នឹង​និយាយ​រៀប​រាប់​នូវ​អំពើ​ល្អ​ដែល​គេ​បាន​ប្រព្រឹត្ត។

អំពីការជប់លៀង
១២ពេល​អ្នក​អង្គុយ​រួម​តុ​ជាមួយ​អ្នក​ធំ ចូរ​កុំ​លាន់​មាត់​នឹង​ម្ហូប​ដ៏​ឆ្ងាញ់​ទាំង​នោះ​ថា «មាន​ម្ហូប​ច្រើន​ណាស់!»។

១៣ចូរ​នឹក​ចាំ​ជានិច្ច​ថា ចិត្ត​លោភ​លន់​ជា​ការ​អាក្រក់  ជា​ហេតុ​នាំ​ឲ្យ​ភ្នែក​មើល​ឃើញ​តែ​របស់ ដែល​ខ្លួន​ចង់​បាន។ ពុំ​មាន​អ្វី​អាក្រក់​ជាង​ភ្នែក​ទ្បើយ ហេតុ​នេះ​ហើយ​បាន​ជា​ភ្នែក​ចេះ​តែ​យំ។

១៤កុំ​លូក​ដៃ​ទៅ​រក​ម្ហូប ដែល​អ្នក​ដទៃ​ចង់​បាន​ក្រែង​ប៉ះ​ទង្គិច​ដៃ​របស់​គេ។

១៥ចូរ​ចេះ​ស្មាន​ចិត្ត​អ្នក​ជិត​ខាង ហើយ​រិះគិត​ពិចារណា​សិន មុន​នឹង​លូក​ដៃ។

១៦អ្វីៗ​ដែល​គេ​លើក​ជូន​អ្នក  ចូរ​បរិភោគ​ដោយ​សម​រម្យ កុំ​ឲ្យ​គេ​ដៀល​ថា អ្នក​ស៊ី​ដូច​ជ្រូក។

១៧ចូរ​ឈប់​បរិភោគ​ឲ្យ​បាន​មុន​គេ ដើម្បី​សំដែង​ថា  អ្នក​ជា​មនុស្ស​មាន​សុជីវធម៌ កុំ​បរិភោគ​ហាក់​ដូចជា​មិន​ចេះ​ឆ្អែត ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ទាស់​ចិត្ត​នោះ​ទ្បើយ។

១៨ប្រសិន​បើ​អ្នក​រួម​តុ​ជាមួយ​មនុស្ស​ជាច្រើន​កុំ​លូក​ដៃ​ទៅ​បរិភោគ​មុន​គេ​ឲ្យ​សោះ។

១៩មនុស្ស​មាន​សុជីវធម៌​ តែង​ស្កប់​ចិត្ត​នឹង​របស់​បន្តិច​បន្តួច! កាល​ណា​គាត់​ចូល​ដំណេក គាត់​ឥត​រសាប់​រសល់​ទេ។

២០អ្នក​បរិភោគ ដោយ​ចេះ​ប្រមាណ នឹង​សំរាន្ត​លក់​ស្រួល គាត់​ក្រោក​ពី​ព្រលឹម ហើយ​ស្រួល​ខ្លួន។ រីឯ​មនុស្ស​ល្មោភ តែង​តែ​ដេក​មិន​លក់ ក្អួត​ចង្អោរ និង  ចុក​ពោះ​ជាដើម។

២១ប្រសិន​បើ​គេ​បង្ខំ​ឲ្យ​បរិភោគ​ច្រើន​ជ្រុល ចូរ​ក្រោក​ទ្បើង​ទៅ​ក្អួត​ឲ្យ​ឆ្ងាយ​ពី​គេ នោះ​កូន​នឹង​បាន​ធូរ​ស្រាល។

២២ម្នាល​កូន​អើយ! ចូរ​ស្តាប់​ឪពុក! កុំ​មើល​ងាយ​ពាក្យ​របស់​ឪពុក​ទ្បើយ! ទៅ​ថៃ្ង​មុខ​កូន​នឹង​យល់​ពាក្យ​ដែល​ឪពុក​ប្រាប់​ជា​មិន​ខាន។ ចូរ​ចេះ​ប្រមាណ​ក្នុង​គ្រប់​កិច្ចការ នោះ​កូន​នឹង​ចៀស​ផុត​ពី​ការ​ឈឺ​ស្កាត់។

២៣អ្នក​ដែល​អញ្ជើញ​ភ្ញៀវ​មក​ជប់​លៀង​យ៉ាង​អធឹក​អធម មុខ​ជា​ទទួល​ការ​សរសើរ​ពី​មនុស្ស​គ្រប់ៗ​គ្នា  ព្រោះ​គេ​យល់​ឃើញ​ថា គាត់​មាន​ចិត្ត​ទូលាយ។

២៤ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ទទួល​ភ្ញៀវ​ដោយ​សំចៃ​បាយ នឹង​ត្រូវ​គេ​និយាយ​ដើម​ពេញ​ទីក្រុង​ថា គាត់​ជា​មនុស្ស​មាន​ចិត្ត​កំណាញ់។

អំពីស្រា
២៥ចូរ​កុំ​អះ​អាង​ថា​ខ្លួន​ខ្លាំង​ជាង​ស្រា ដ្បិត​ស្រា​បាន​ធើ្វ​ឲ្យ​មនុស្ស​ជាច្រើន​វិនាស​អន្តរាយ។

២៦កំដៅ​របស់​ឡ រមែង​ល្បង​ល​មើល​គុណ​ភាព​ដែក រីឯ​ស្រា​ក៏​ល្បង​ល​មើល​ចិត្ត​ពួក​អ្នក​ក្រអឺត​ក្រទម​ដែល​ប្រវាយ​ប្រតប់​គ្នា​ដែរ។

២៧ស្រា​ប្រៀប​បាន​នឹង​ជីវិត​សំរាប់​មនុស្ស​យើង​ឲ្យ​តែ​យើង​បរិភោគ​ដោយ​ចេះ​ប្រមាណ។ បើ​គ្មាន​ស្រា​ទេ តើ​ជីវិត​របស់​គេ​សប្បាយ​ដូច​ម្តេច​បាន? ព្រះ​ជាម្ចាស់​បង្កើត​ស្រា​តាំង​ពី​ដើម​ដំបូង ដើម្បី​ធើ្វ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ។

២៨ប្រសិន​បើ​គេ​បរិភោគ​ស្រា តាម​ពេល​វេលា និង  ចេះ​ប្រមាណ ស្រា​នោះ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ល្អ និង​ចិត្ត​រីក​រាយ។

២៩ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​បរិភោគ​ស្រា​ជ្រុល​បណ្តាល​ឲ្យ​អារម្មណ៍​ទៅ​ជា​កាច​សាហាវ រក​រឿង​ឈ្លោះ​ប្រកែក​គ្នា។

៣០ការ​ស្រវឹង ធើ្វ​ឲ្យ​មនុស្ស​ខ្វះ​សុភនិច្ឆ័យ​កាន់​តែ​មួម៉ៅ​ទ្បើង​រហូត​ដល់​បណ្តាល​ឲ្យ​មាន​រឿង​ដល់​ខ្លួន។  ស្រា​ធើ្វ​ឲ្យ​គេ​បាក់​កម្លាំង ហើយ​ត្រូវ​អ្នក​ដទៃ​វាយ​ដំ​ថែម​ទៀត​ផង។

៣១ពេល​កូន​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ដែល​គេ​ពិសា​ស្រា​ច្រើន ចូរ​កុំ​ស្តី​បន្ទោស​អ្នក​ជិត​ខាង នៅ​ពេល​ឃើញ​គេ​បរិភោគ​ស្រា​ហួស​កំណត់​ទ្បើយ ចូរ​កុំ​បន្ទុះ​បង្ហាប់​គេ កុំ​និយាយ​ពាក្យ​ដែល​ធើ្វ​ឲ្យ​គេ​ខូច​ចិត្ត កុំ​បំបាក់​មុខ​គេ ដោយ​ទារ​ប្រាក់​ដែល​គេ​ជំពាក់​កូន​ឲ្យ​សោ។