បេនស៊ីរ៉ាក់ (៣០)

ការអប់រំកូន
១អ្នក​ស្រឡាញ់​កូន​ប្រុស ​របស់​ខ្លួន​ខ្លាំង តែង​តែ​វាយ​វា​នឹង​រំពាត់​ជា​ញឹក​ញាប់។ ដល់​ពេល​ចាស់ អ្នក​នោះ​នឹង​បាន​សប្បាយ​ដោយ​សារ​កូន​ពុំខាន។

២អ្នក​អប់រំ​កូន​ប្រុស​របស់​ខ្លួន​បាន​ល្អ រមែង​ស្កប់​ចិត្ត ដោយ​សារ​កូន​នោះ។ គេ​មុខ​ជា​ខ្ពស់​មុខ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ខ្លួន​ស្គាល់ ព្រោះ​តែ​កូន​នោះ​ទៀត។

៣អ្នក​ដែល​ផ្តល់​ចំណេះ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​រមែង​ធើ្វ​ឲ្យ​សត្រូវ​ច្រណែន​ឈ្នានីស ហើយ​បាន​សប្បាយ​រីក​រាយ​ក្រៃ​លៃង នៅ​ចំពោះ​មុខ​មិត្ត​ភកិ្ត​របស់​ខ្លួន។
៤​កាល​ណា​អ្នក​នោះ​ផុត​ជីវិត គាត់​ដូចជា​មិន​ស្លាប់​ទេ ព្រោះ​មាន​កូន​ម្នាក់​ដូច​គាត់​បន្ត​ពូជ​ពង្ស​របស់​គាត់។
៥​ក្នុង​ពេល​គាត់​នៅ​មាន​ជីវិត គាត់​អរ​សប្បាយ​នឹង​ឃើញ​កូន​ប្រុស​របស់​គាត់​ពេល​គាត់​ស្លាប់ គាត់​បិទ​ភ្នែក​ជិត ដោយ​មិន​ស្តាយ​ស្រណោះ​អ្វី​ទេ។ ៦គាត់​ទុក​កូន​ម្នាក់​ដែល​នឹង​ចេះ​សង​សឹក​សត្រូវ​ឲ្យ​គាត់ ហើយ​ដឹង​គុណ​មិត្ត​ភកិ្ត​របស់​គាត់។

៧​អ្នក​ដែល​ថ្នាក់​ថ្នម​កូន​ប្រុស​ខ្លាំង​ពេក ត្រូវ​តែ​ព្យាបាល​របួស​របស់​កូន​នោះ។ ពេល​កូន​ស្រែក​តែ​បន្តិច គាត់​ភ័យ​ស្លោ​ភ្លាម។ ៨​សេះ​ដែល​គេ​បង្ហាត់​មិន​ដល់​ពិបាក​ជិះ រីឯ​កូន​ប្រុស​ដែល​គេ​បណោ្តយ​ឲ្យ​ធើ្វ​តាម​ចិត្ត តែង​តែ​ធើ្វ​បាប​ឪពុក​ម្តាយ។

៩​ប្រសិន​បើ​អ្នក​ថ្នាក់​ថ្នម​កូន​ពេក កូន​មុខ​ជា​ធើ្វ​ឲ្យ​អ្នក​កើត​ទុក្ខ​ប្រសិន​បើ​អ្នក​លេង​ជាមួយ​វា វា​នឹង​ធើ្វ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​ពុំខាន។

១០​ចូរ​កុំ​លេង​សើច​ជាមួយ​កូន​ជ្រុល​ពេក ក្រែង​នាំ​ឲ្យ​អ្នក​មាន​ទុក្ខ​រួម​ជាមួយ​វា នៅ​ទី​បញ្ចប់​អ្នក​នឹង​នឹក​ស្តាយ​ពុំខាន។

១១​ពេល​កូន​នៅ​ក្មេង ចូរ​កុំ​បណ្តោយ​ឲ្យ​វា​មាន​សេរី​ភាព​ជ្រុលពេក។

១២​ចូរ​វាយ​ប្រដៅ​កូន ពេល​វា​នៅ​ក្មេង ក្រែង​ដល់​ពេល​វា​ធំ វា​មិន​ស្តាប់​បង្គាប់។

១៣​ចូរ​យក​ចិត្ត​ទុក​ដាក់​អប់រំ​កូន​ប្រុស​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​អ្នក​ជួប​ការ​អាម៉ាស់ ដោយ​សារ​កិរិយា​អាក្រក់​របស់​វា។

សុខភាព
១៤​ជន​ក្រីក្រ​ដែល​មាន​សុខ​ភាព​ល្អ និង​កម្លាំង​មាំ​មួន​ប្រសើរ​ជាង​អ្នក​មាន​ស្តុកស្តម្ភ តែ​មាន​សុខភាព​ទន់​ខ្សោយ!។

១៥​មាន​សុខភាព​ល្អ​មាំ​មួន​ប្រសើរ​ជាង​មាន​មាស​ទាំង​អស់​នៃ​ពិភព​លោក មាន​កាយ​សម្បទា​មាំមួន​ប្រសើរ​ជាង​មាន​ទ្រព្យ​សម្បតិ្ត​ស្តុក​ស្តម្ភ។

១៦​ពុំ​មាន​សម្បត្តិ​ណា ប្រសើរ​ដូច​ខ្លួន​ប្រាណ​មាន​សុខ​ភាព​ល្អ​ទ្បើយ គ្មាន​សុភមង្គល​ណា​ប្រសើរ​ជាង​មាន​ការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ទេ។

១៧​ស៊ូ​ស្លាប់ ជា​ជាង​រស់​នៅ​ដោយ​អភ័ព្វ ស៊ូ​បាត់​បង់​ជីវិត ជា​ជាង​រស់​នៅ តែ​មាន​ជំងឺ​រ៉ាំរៃ។

១៨​ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា ដាក់​នៅ​មុខ​អ្នក​ជំងឺ  ដែល​មិន​ឃ្លាត ប្រៀប​ដូចជា​ម្ហូប​អាហារ​ដែល​គេ​សែន​នៅ​លើ​ផ្នូរ​ខ្មោច។

១៩​តើ​សំណែន​ដែល​គេ​សែន​ទៅ​ព្រះ​ក្លែង​ក្លាយ​មាន​ប្រយោជន៍​អ្វី​ដល់​ព្រះ​នោះ បើ​ព្រះ​នោះ​មិន​ដឹង​រស​ជាតិ មិន​ដឹង​ក្លិន! រីឯ​មនុស្ស​មាន​ជំងឺ ក៏​ដូច្នោះ​ដែរ។២០​គាត់​តែង​តែ​មើល​ម្ហូប​អាហារ​ដែល​គេ​យក​មក​ឲ្យ​គាត់ ហើយ​ដក​ដង្ហើម​ធំ​ដែរ។

ការសប្បាយរីករាយ
២១​ចូរ​កុំ​បណ្តោយ​ខ្លួន​តាម​ទុក្ខ​ព្រួយ​ទ្បើយ! ចូរ​កុំ​យក​ទុក្ខ​កង្វក់​មក​ដាក់​ក្នុង​ខ្លួន​ឯង។

២២​ចិត្ត​រីករាយ​រមែង​ធើ្វ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ  ការ​ត្រេកអរ តែង​តែ​ធើ្វ​ឲ្យ​គេ​មាន​អាយុ​យឺន​យូរ។

២៣​ចូរ​ឆ្លៀត​ពេល​សប្បាយ​ខ្លះ ចូរ​ធើ្វ​ចិត្ត​ឲ្យ​រីករាយ​ទ្បើង ចូរ​បណ្តេញ​ទុក្ខ​ព្រួយ​ឲ្យ​ឆ្ងាយ​ពី​អ្នក ដ្បិត​ទុក្ខ​ព្រួយ​បំផ្លាញ​មនុស្ស​អស់​ជាច្រើន ហើយ​ទុក្ខ​ព្រួយ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។

២៤​ចិត្ត​ច្រណែន​ឈ្នានីស និង​កំហឹង តែង​តែ​ធើ្វ​ឲ្យ​អាយុ​ខ្លី ​​​​​​​​​​​រីឯ​កង្វល់​តែងតែ​ធើ្វ​ឲ្យ​មនុស្ស​ឆាប់​ចាស់​មុន​អាយុ។

២៥​ការ​សប្បាយ​ចិត្ត រមែង​ធើ្វ​ឲ្យ​គេ​បរិភោគ​ឆ្ងាញ់  ហើយ​ចាប់​អារម្មណ៍​នឹង​ម្ហូប​អាហារ ដែល​ខ្លួន​បរិភោគ។