បេនស៊ីរ៉ាក់ (២៩)

អំពីការខ្ចីប្រាក់
១​អ្នក​ដែល​មាន​ចិត្ត មេត្តា ករុណា​  រមែង​សុខ​ចិត្ត ឲ្យ​ជន​រួម​ជាតិ​ខ្ចី​ប្រាក់។ អ្នក​ដែល​ចេះ​ជួយ​គេ ប្រាកដ​ជា​កាន់​តាម​វិន័យ។

២​ចូរ​សុខ​ចិត្ត​ឲ្យ​ជន​រួម​ជាតិ​ខ្ចី​ប្រាក់ នៅ​ពេល​គេ​ត្រូវ​ការ។ ចូរ​សង​ប្រាក់​គេ ឲ្យ​ទាន់​ពេល​កំណត់។

៣​ចូរ​កាន់​ពាក្យ​សច្ច: ដើម្បី​ឲ្យ​គេ​ទុក​ចិត្ត​លើ​កូន។  ធើ្វ​ដូចេ្នះ​កូន​នឹង​ទទួល​អ្វី​ដែល​កូន​ត្រូវការ គ្រប់​ពេល​វេលា។

៤​មនុស្ស​ជាច្រើន​ចាត់​ទុក ប្រាក់​ដែល​ខ្លួន​ខ្ចី​ថា​ជា​ប្រាក់​ដែល​ខ្លួន​បាន​រើស​បាន គឺ​មិន​ចង់​សង​ម្ចាស់​ដើម​វិញ​ទេ។ ធើ្វ​ដូចេ្នះ បណ្តាល​ឲ្យ​អ្នក​ដែល​យក​អាសា​ខ្លួន ជួប​ការ​លំបាក។ ៥មុន​នឹង​ទទួល​ប្រាក់​គេ ចូរ​អោន​កាយ​ថើប​ដៃ​ម្ចាស់​ប្រាក់ ដោយ​ពោល​ពាក្យ​សុភាព​រាប​សា អំពី​ទ្រព្យ​របស់​ម្ចាស់​ប្រាក់​នោះ លុះ​ដល់​ពេល​ត្រូវ​សង គេ​ចេះ​បង្អង់​ឲ្យ​យឺត​យ៉ាវ សង​តែ​ពាក្យ​សំដី​នឹក​ស្តាយ ហើយ​ចោទ​ទៅ​លើ​កាល:​ទេស:។

៦​ប្រសិន​បើ កូន​បំណុល​អាច​សង​ប្រាក់​មក​វិញ​តែ​ពាក់​កណ្តាល​នោះ ម្ចាស់​បំណុល​ចាត់​ទុក​ខ្លួន​ឯង​ថា​មាន​សំណាង​ហើយ។ បើ​ពុំ​នោះ​ទេ ម្ចាស់​បំណុល​នឹង​បាត់​បង់​ទ្រព្រ​របស់​ខ្លួន ហើយ​មាន​សត្រូវ​ម្នាក់​ដោយ​ឥត​អំពើ។ កូន​បំណុល​នឹង​យក​ពាក្យ​ប្រមាថ​ប្រទេច​ផ្តាសា មក​សង​ជុំនួស​ប្រាក់​វិញ គេ​បែរ​ជា​មើល​គាត់ ជំនួស​ការ​គោរព។

៧ហេតុនេះ​ហើយ បាន​ជា​មនុស្ស​ជាច្រើន​មិន​ព្រម​ឲ្យ​គេ​ខ្ចី​ប្រាក់ មិន​មែន​មក​ពី​គេ​ចិត្ត​អាក្រក់​ទេ គឺ​មក​ពី​គេ​ខ្លាច​បាត់​បង់​ទ្រព្យ​ដោយ​ឥត​អំពើ។

ការចែកទាន
៨ប៉ុន្តែ ចូរ​មាន​ចិត្ត​អត់​ធ្មត់​នឹង​ជន​ក្រីក្រ កុំ​បណ្តោយ​ឲ្យ​គេ​រង់ចាំ​ទាន​យូរ​ពេក។

៩ចូរ​យក​អាសា​ជន​កំសត់​ទុគ៌ត ដោយ​ចង់​ប្រតិបត្តិ​តាម​វិន័យ កុំ​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ នៅ​ពេល​ដែល​គេ​ត្រូវការ​ទ្បើយ។

១០ស៊ូ​ខាត​បង់​ប្រាក់ សំរាប់​បង​ប្អូន ឬសំរាប់​មិត្ត​ភក្តិ ជាជាង​លាក់​ប្រាក់​នោះ​ទុក​នៅ​ក្រោម​ដុំថ្ម​ឲ្យ​ច្រែះ​ស៊ី។

១១​ចូរ​ប្រើ​ប្រាស់​ទ្រព្យ​របស់​កូន ស្រប​តាម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដូចេ្នះ ទ្រព្យ​ទាំង​នោះ​មាន​ប្រយោជន៍​សំរាប់​កូន ជាង​មាស​ទៅ​ទៀត។

១២ចូរ​ធើ្វ​ទាន​សំរាប់​ជន​ក្រីក្រ ដោយ​បំរុង​ទុក​ទ្រព្យ​ទាំង​នោះ​ក្នុង​ឃ្លាំង​របស់​កូន ទាន​ទាំង​នោះ​នឹង​រំដោះ​កូន​ពី​គ្រោះ​កាច​ទាំង​ឡាយ។

១៣ទាន​ទាំង​នោះ នឹង​ការពារ​កូន​នៅ​ចំពោះ​មុខ​សត្រូវ ហើយ​តយុទ្ធ​សំរាប់​កូន ប្រសើរ​ជាង​ខែល​ដ៏​មាំ  ឬ​លំពែង​ដ៏​ធ្ងន់​ទៅ​ទៀត។

អំពីអ្នកជួយធានា
១៤​អ្នក​មាន​ចិត្ត​ល្អ រមែង​ជួយ​ធានា​រ៉ាប់​រង​ឲ្យ​ជន​រួម​ជាតិ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​លះ​បង់​ចោល​គេ តែង​តែ​បាត់​បង់​កិត្តិ​យស។

១៥​ប្រសិន​បើ ​មាន​នរណា​ម្នាក់​ជួយ​ធានា​រ៉ាប់​រង​ឲ្យ​កូន ចូរ​កុំ​បំភ្លេច​គុណ​គេ​ទ្បើយ ព្រោះ​គេ​ហ៊ាន​ប្រថុយ​ជីវិត​គេ​ផ្ទាល់ ដើម្បី​ធានា​កូន។

១៦មនុស្ស​បាប តែង​តែ​ខ្ជះខ្ជាយ​ទ្រព្យ​សម្បតិ្ត​របស់​អ្នក​ដែល​ជួយ​ធានា​ខ្លួន។ ១៧​ហើយ​ជន​រមិល​គុណ ក៏​តែង​តែ​បោះ​បង់​ចោល​អ្នក​ដែល​បាន​ជួយ​រំដោះ​គេ​ឲ្យ​រួច​ខ្លួន​ដែរ។

១៨អ្នក​មាន​ជាច្រើន​ត្រូវ​ហិន​ហោច ព្រោះ​តែ​បាន​ជួយ​ធានា​គេ​អ្នក​ទាំង​នោះ​ត្រូវ​ជ្រួល​ច្របល់​ញាប់​ញ័រ​ដូច​រលក​សមុទ្រ។ មាន​អ្នក​ធំ​ខ្លះ​ក៏​ត្រូវ​ចាក​ចេញ​ពី​មាតុ​ភូមិ​របស់​ខ្លួន ហើយ​ត្រាច់​ចរ​ឥត​គោលដៅ​តាម​ប្រជា​ជាតិនានា ព្រោះតែ​បាន​ជួយ​តែ​បាន​ជួយ​ធានា​អ្នក​ដទៃ។

១៩មនុស្ស​បាប តែងតែ​រត់​ប្រញាប់​ប្រញាល់​ជួយ​ធានា​អ្នក​ដទៃ​ព្រោះ​សង្ឃឹម​ថា​ខ្លួន​បាន​ចំណេញ​ពី​ការ​ធានា​នោះ តែ​គាត់​មុខ​ជា​ត្រូវ​ជាប់​ចោទ​នៅ​តុលាការ​ពុំខាន។

២០ចូរ​ជួយ​យក​អាសា​ជន​រួម​ជាតិ តាម​លទ្ធភាព​របស់​កូន ប៉ុន្តែ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​ឧបាយ​កល​របស់​គេ។

អ្នកមានប្រាជ្ញារស់នៅដោយខ្លួនឯង
២១​មនុស្ស​ត្រូវការ​ទឹក អាហារ និង​សម្លៀក​បំពាក់  ជាចាំបាច់ ហើយ​ក៏​ត្រូវការ​ផ្ទះ​សំបែង​ជា​ចាំបាច់  ដើម្បី​លាក់​ខ្លួន​ពួន​អាត្មា​ដែរ។

២២​ការ​រស់នៅ​យ៉ាង​ក្រីក្រ ក្រោម​ដំបូល​ខ្ទម​ស្លឹក​របស់​ខ្លួន ប្រសើរ​ជាង​ជប់​លៀង​យ៉ាង​អធឹក​អធម​ក្នុង​ផ្ទះ​របស់​អ្នក​ដទៃ។

២៣​ទោះបី​កូន​មាន​តិច ឬ​ច្រើន​ក្តី ចូរ​ស្កប់​ចិត្ត​ជានិច្ច  ដូច្នេះ​គ្មាន​នរណា​ចោទ​កូន​ថា ស៊ីបាយ​របស់​គេ​ទ្បើយ។

២៤​ជន​ដែល​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ពិត​ជា​រស់នៅ​យ៉ាង​ថោក​ទាប ព្រោះ​នៅ​ទីណា​ក៏​ដោយ គេ​គ្មាន​សិទ្ធ​ហើប​មាត់​និយាយ​បាន​ទេ។

២៥​កូន​នឹង​បំរើ​បាយ​ទឹក​ឲ្យ​គេ តែ​គ្មាន​នរណា​ដឹង​គុណ​កូន​ទេ ហើយ​គេ​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក​លើ​កូន​ទៀត​ផង៖

២៦«នែ អា​ចោល​ស្រុក! មក​ណេះ​រៀបចំ​បាយ​ទឹក  អ្វីៗ​ដែល​ឯង​កាន់​នោះ​ចូរ​យក​មក​ឲ្យ​អញ​ហូប!

២៧​នែ អា​ចោល​ស្រុក! ចេញ​ទៅ! មាន​ភ្ញៀវ​កិត្តិយស​មក​ដល់​ហើយ! មាន​បង​ប្អូន​មក​ស្នាក់​នៅ​ផ្ទះ​អញ អញ​ត្រូវការ​ផ្ទះ»។

២៨​ចំពោះ​អ្នក​ដែល​ចេះ​គិត ពេល​ឮ​គេ​ជេរ​ខ្លួន​ថា  «អា​បំបង់​បាយ» ឬ ក៏​ឮ​ពាក្យ​ជេរ​ប្រមាថ​របស់​ម្ចាស់​បំណុល នោះ​ពិត​ជា​បណ្តាល​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់!។