បេនស៊ីរ៉ាក់ (២៦)

សុភមង្គលរបស់បុរស​ដែលមានភរិយាល្អ
១ស្វាមី​មាន​ភរិយា​ចិត្ត​ល្អ ​ពិតជា​មាន​សុភមង្គល និង​មាន​អាយុ​វែង មួយ​ទ្វេ​ជា​ពីរ។

២ភរិយា​ក្លាហាន តែងតែ​ធើ្វ​ឲ្យ​ស្វាមី​មាន​អំណរ​សប្បាយ និង​ស្គាល់​តែ​សេចក្តី​សុខ​អស់​មួយ​ជីវិត។

៣ស្វាមី​ដែល​មាន​ភរិយា​ចិត្ត​ល្អ​ពិតជា​មាន​សំណាង​  ព្រោះ​ជា​អំណោយ​ទាន ដែល​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​អ្នក​គោរព​កោត​ខ្លាច​ព្រះ​អង្គ។

៤ទោះបី​ជា​គេ​ក្រ​ក្តី មាន​ក្តី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សប្បាយ មាន​ទឹក​មុខ​រីករាយ​គ្រប់​ពេល​វេលា។

ស្រ្តី​ខាត​លក្ខណ៍
៥មាន​សេចក្តី​បី​យ៉ាង​ ធើ្វ​ឲ្យ​ខ្ញុំ​បារម្ភ​ហើយ​មាន​សេចក្តី​មួយ​ទៀត ដែល​ធើ្វឲ្យ​ខ្ញុំ​ជាង​គេ គឺ​ពាក្យ​ចចាម​អារ៉ាម​ក្មុង​ទីក្រុង មហា​ជន​ប្រមូល​ផ្គុំ​គ្នា និង​ពាក្យ​មួល​បង្គាច់។ សេចក្តី​ទាំង​នេះ​ធើ្វ​ឲ្យ​រង​ទុក្ខ​លំបាក​ជាង​ស្លាប់​ទៅ​ទៀត។

៦ប៉ុន្ែ្ត មាន​សេចក្តី​មួយ​ទៀត​ដែល​ជូរ​ចត់​ខ្លាំង​ជាង​គេ​បំផុត គឺ​ស្រ្តី​ម្នាក់​ប្រច័ណ្ឌ​នឹង​ប្រពន្ធ​ចុង​របស់​ប្តី  ហើយ​ចេះ​តែ​មាន​ពាក្យ​សំដី​អាក្រក់​ជានិច្ច។

៧ស្រ្តី​កាច​ប្រៀប​ដូចជា​នឹម ដែល​មិន​ជាប់​នឹង​ក​គោ​ នរណា​ចង់​ត្រួត​នាង ក៏​ដូចជា​ចាប់​ខ្ទួយ​ដែរ។

៨ស្រ្តី​ដែល​ចំណូល​ស្រា បណ្តាល​ឲ្យ​កើត​រឿង​អាស្រូវ នាង​ពុំ​អាច​លាក់​ការ​អាម៉ាស់​របស់​ខ្លួន​បាន​ទ្បើយ។

៩យើង​ដឹង​ភ្លាម​ថា ស្រ្តី​ម្នាក់​ប្រាស​ចាក​សីល​ធម៌​ដោយ​គ្រាន់​តែ​ឃើញ​ក្រសែ​ភ្នែក​ដ៏ស្រើប​ស្រាល​របស់​នាង យើង​ស្គាល់​កិរិយា​របស់​នាង ដោយ​ឃើញ​នាង​ចោល​កន្ទុយ​ភ្នែក។

១០ប្រសិន​បើ​កូន​ស្រី​មិន​ចេះ​អឹមអៀន​ទេ ចូរ​ឃ្លាំ​មើល​នាង​ឲ្យ​មែន​ទែន បើពុំ​នោះ​ទេ នាង​នឹង​ឆ្លៀត​ឱកាស ដើម្បី​ធើ្វ​តាម​បំណង​របស់​ខ្លួន។

១១ចូរ​ឃ្លាំ​មើល​ក្រសែ​ភ្នែក ដ៏ស្រើប​ស្រាល​របស់​នាង ប្រសិន​បើ​នាង​បោក​ប្រាស់​អ្នក នោះ​កុំ​ឆ្ងល់​ទ្បើយ។ ១២នាង​ចេះ​តែ​ចង់​ទៅ​អង្គុយ​លើ​គ្រប់​បង្គោល  ហើយ​តែង​តែ​បើក​បំពង់​របស់​នាង ឲ្យ​ព្រួញ​ចូល។  នាង​ប្រៀប​ដូចជា​អ្នក​ដំណើរ ដែល​ស្រេក​ទឹក​យ៉ាង​ខ្លាំង ហើយ​ទឹក​អ្វី​ក៏ដោយ ឲ្យ​តែ​ឃើញ គេ​ផឹក​ទាំង​អស់។

ស្រ្តីគ្រប់លក្ខណ៍
១៣សម្រស់​របស់​ភរិយា ធើ្វ​ឲ្យ​ស្វាមី​មាន​អំណរ រីឯ​ស្រ្តី​ប៉ិន​ប្រសប់ រមែង​ធើ្វឲ្យ​ប្តីបាន​ចំរុង​ចំរើន។

១៤ភរិយា​មិន​ចេះ​មាត់​ក ជា​អំណោយ​ទាន​របស់​ព្រះ​អម្ចាស់ រីឯ​ភរិយា​ដែល​បាន​ទទួល​ការ​អប់រំ​ល្អ ក៏​មាន​តម្លៃ​លើស​លប់ រក​អ្វី​មក​ប្រៀប​ផ្ទឹម​សើ្ម​ពុំបាន​ទ្បើយ។

១៥ភរិយា​ចេះ​អៀន​ខ្មាស ជា​សម្រស់ដ៏​ល្អ​ប្រលើស​លប់​បំផុត។ ភរិយា​មាន​កិរិយា​មារយាទ​បរិសុទ្ធ​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។

១៦នៅ​ក្នុង​ផ្ទះ​ដែល​តុប​តែង​យ៉ាង​ស្អាត សម្ផស្ស​របស់​ភរិយា​គ្រប់​លក្ខណ៍​ប្រៀបបី​ដូចជា​ព្រះ​អាទិត្យ​រះ​ទ្បើង​លើ​មេឃ​ដ៏​ខ្ពស់។

១៧មុខ​ល្អ​ស្អាត ដែល​ស្ថិត​នៅ​លើ​ដង​ខ្លួន​សម​សួន​  ប្រៀប​ដូចជា​ពន្លឺ​ដ៏​ចិញ្ចាច​ស្ថិត​នៅ​ លើ​ជើង​ចង្កៀង​ដ៏​វិសុទ្ធ។

១៨ស្រ្តី​ដែល​មាន​ជើង​ស្អាត ជាប់​នឹង​កែង​ជើង​មាំ​មួន ប្រៀប​ដូច​ជា​សរសរ​ជាប់​លើ​កំណល់​ប្រាក់។

សភាពការណ៍ដ៏តឹងតែង
២៨ខ្ញុំ​អាក់​អន់​ចិត្ត​ចំពោះ​រឿង​ពីរ​យ៉ាង ហើយ​មាន​រឿង​មួយ​ទៀត ធើ្វ​ឲ្យ​ខ្ញុំ​ក្តៅ​ក្រហាយ គឺ​អ្នក​មាន​ស្តុក​ស្តម្ភ​ប្រែ​ជា​ធ្លាក់​ខ្លួន​ក្រ​ខ្សត់ អ្នក​ចេះ​ដឹង​ត្រូវ​គេ​មើល​ងាយ អ្នក​លះ​បង់​អំពើ​សុចរិត​ទៅជា​ប្រព្រឹត្ត​អំពើ​បាប។ សូម​ព្រះ​អម្ចាស់​ធើ្វឲ្យ​អ្នក​នោះ​ស្លាប់​ដោយ​មុខ​ដាវ។

អំពីអ្នកធើ្វជំនួញ
២៩កម្រ​មាន​ឈ្មួញ ដែល​ចៀស​វៀង​ការគៃ​បន្លំ​ណាស់ ហើយ​ក៏​កម្រ​មាន​អ្នក​ជំនួញ​ដែល​មិន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។