បេនស៊ីរ៉ាក់ (២៥)

មនុស្សដែលគួរចូលចិត្ត និង  មនុស្សដែលគួរស្អប់
១ខ្ញុំ​ពេញចិត្ត នឹង​សេចក្តី​បី​យ៉ាង​ជាខ្លាំង ជា​សេចក្តី​ដែល​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អម្ចាស់ និង​គាប់​ចិត្ត​មនុស្ស​ដែរ គឺ​បង​ប្អូន​ដែល​ចុះសំរុង​​គ្នា អ្នក​ជិតខាង​ស្រឡាញ់​រាប់​អាន​គ្នា​ និង​ស្វាមី​ភរិយា​ដែល​មាន​ចិត្ត​គំនិត​តែមួយ។

២ខ្ញុំ​ស្អប់​មនុស្ស​បី​ប្រភេទ ដែល​មាន​កិរិយា​មារយាទ​ធើ្វឲ្យ​ខ្ញុំ​ក្តៅ​ក្រហាយ គឺ​អ្នក​ក្រីក្រ​ដែល​ព្រហើន អ្នក​មាន​ស្តុក​ស្តម្ភ​ដែល​កុហក​ភូត​ភរ និង​  មនុស្ស​ចាស់​ដែល​ខ្វះ​ការ​ពិចារណា ហើយ​វក់​នឹង​កាម​គុណ។

៣ប្រសិន​កូន​មិន​បាន​សន្សំ​អ្វី​ទុក កាល​ពី​នៅ​ក្មេង​ទេ  តើ​កូន​នឹង​មាន​អ្វី​នៅ​ពេល​កូន​មាន​វ័យ​ចាស់​ជរា?

៤អ្នក​សក់​ស្កូវ​រមែង​ចេះ​វិនិច្ឆ័យ ហើយ​ចាស់​ព្រឹទ្ធា​ចារ្យ​ក៏រមែង​ចេះ​ទូន្មាន​ដែរ។

៥ប្រាជ្ញា​ស័កិ្តសម​នឹង​មនុស្ស​ចាស់​ជរា ដូច​ការ​រិះ​គិត និង​ការទូន្មាន ស័កិ្តសម​នឹង​អ្នក​មាន​កិតិ្តយស​ដែរ។

៦បទ​ពិសោធ​ដ៏ច្រើន ប្រៀប​ដូចជា​មកុដ នៅ​លើ​ក្បាល​មនុស្ស​មាន​វ័យ​ចាស់ ប៉ុនែ្ត ការគោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ធើ្វឲ្យ​គេ​មាន​កាន់តែ​ខ្ពស់​ទៅ​ទៀត។

៧ខ្ញុំ​យល់​ឃើញ​ថា មាន​សេចកី្ត​ប្រាំបួន​យ៉ាង​ដែល​ផ្តល់​សុភមង្គល ខ្ញុំ​ក៏អាច​បន្ថែម​សេចកី្ត​មួយ​ទៀត​បាន​ដែរ គឺ​មនុស្ស​ដែល​មាន​អំណរ​សប្បាយ​ដោយសារ​កូនៗ​របស់​ខ្លួន មនុស្ស​ដែល​ឃើញ​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដួល​ដល់ដី ​នៅ​ពេល​ខ្លួន​មាន​ជីវិត​នៅ​ទ្បើយ។

៨អ្នក​ដែល​រួមរស់​ជាមួយ​ភរិយា​វៃឆ្លាត អ្នក​មិន​ដែល​ភ្លាត់​ជើង​ដោយ​ពាក្យ​សំដី អ្នក​ដែល​មិន​បំរើ​ម្ចាស់​ល្ងង់​ជាង​ខ្លួន អ្នក​ទាំង​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ។

៩អ្នក​រក​ឃើញ​សុភនិច្ឆ័យ​អ្នក​និយាយ​ទៅ​កាន់​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ក៏​ពិតជា​មាន​សុភង្គល​ដែរ។

១០អ្នក​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ ពិតជា​ប្រសើរ​ឧត្តម!  ប៉ុន្តែ​គ្មាន​នរណា​ប្រៀប​ផ្ទឹម​សើ្ម​នឹង​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទ្បើយ។

១១ការគោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រសើរ​ជាង​អ្វី​ទាំង​អស់ គឺ​មិន​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ទេ។

ស្រ្តីអាក្រក់
១៣ស៊ូ​របួស​កាយ កុំឲ្យ​តែ​របួស​ចិត្ត ស៊ូ​ជួប​គ្រោះ​កាច​ដ៏​អាក្រក់ ជា​ជាង​ជួប​ស្រ្តី​ដែល​មាន​ចិត្ត​អាក្រក់!

១៤គ្មាន​ទុក្ខ​លំបាក​ណា​ធ្ងន់​ធ្ងរ ក្រៅពី​ទុក្ខ​លំបាក​ដែល​បណ្តាល​មកពី​ការ​ស្អប់​ទ្បើយ ហើយ​ក៏គ្មាន​ការ​សង​សឹក​ណា អាក្រក់​ជាង​ការ​សងសឹក​របស់​ខ្មាំង​សត្រូវ​ដែរ។

១៥គ្មាន​ពិស​ណា សាហាវ​ជាង​ពិស​ពស់​ទ្បើយ​  ហើយ​ក៏​គ្មាន​កំហឹង​ណា សាហាវ​ជាង​កំហឹង​របស់​ស្រ្តី​ដែរ។

១៦រស់នៅ​ជាមួយ​សត្វ​តោ ឬ​ជាមួយ​នាគរាជ​ប្រសើរ​ជាង​រស់នៅ​ជាមួយ​ស្រ្តី​ចិត្ត​អាក្រក់។

១៧ចិត្ត​អាក្រក់​របស់​ ស្រ្តី​​រមែង​ធើ្វឲ្យ​ទឹកមុខ​របស់​គេ​ប្រែ​ប្រួល គឺ​មាន​ទឹកមុខ​គំរោះ​គំរើយ​ដូច​ខ្លា​ឃ្មុំ។

១៨ស្វាមី​របស់​ស្រ្តី​នោះ​ តែងតែ​ទៅ​បរិភោគ​បាយ​ជាមួយ​អ្នក​ជិត​ខាង​ ហើយ​ត្អូញ​តែ្អរ ​ដោយ​ទប់​ចិត្ត​មិន​បាន។

១៩ការអាក្រក់​ណា​ក៏ដោយ ក៏​ស្រាល​ជាង​ចិត្ត​ដ៏​អាក្រក់​របស់​ស្រ្តី​ដែរ។ សូម​ឲ្យ​ស្រី្ត​នោះ​ទទួល​វាសនា​ដូច​អ្នក​បាប​ចុះ!

២០ស្រី្ត​ដែល​ចូលចិត្ត​ព្រោក​ប្រាជ្ញ ហើយ​មាន​ស្វាមី​មិន​សូវ​ចេះ​មាត់ក ប្រៀប​ដូចជា​ផ្លូវ​ទ្បើង​ភ្នំ​ដែល​មាន​សុទ្ធតែ​ខ្សាច់ បណ្តាល​ឲ្យ​មនុស្ស​ចាស់​ជរា​ពិបាក​ទ្បើង។

២១កុំចាញ់​សម្រស់​របស់​ស្រ្តី កុំប្រាថ្នា​ចង់​បាន​ស្រ្តី​នោះ ព្រោះតែ​ទ្រព្យ​សម្បត្តិ​របស់​នាង​ទ្បើយ។

២២ស្វាមី​ដែល​ភរិយា​ចិញ្ចឹម​មុខជា​ជួប​ប្រទះ​នឹង​ការ​ក្តៅ​ក្រហាយ​តូចចិត្ត និង​អាម៉ាស់​ជាខ្លាំង។

២៣ស្រ្តី​អាក្រក់​តែងតែ​ធើ្វឲ្យ​ប្តី​ធ្លាក់​ទឹកចិត្ត មុខ​ជ្រប់​ស្រពោន​ឈឺ​ចិត្ត។ ស្រ្តី​ដែល​ធើ្វឲ្យ​ប្តី​គ្មាន​សេចក្តី​សុខ​ ធើ្វឲ្យ​គេ​ទន់ដៃ​ទន់ជើង​មិន​ចង់​ធើ្វអ្វី​ទ្បើយ។

២៤ស្រ្តី​ជា​ប្រភព​នៃ​អំពើ​បាប យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ស្លាប់​ព្រោះតែ​កំហុស​ស្រ្តី។

២៥កុំ​បណ្តោយ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​អាង​ទ្បើយ ហើយ​ក៏​កុំ​បណ្តោយ​ឲ្យ​ស្រ្តី​កាច​និយាយ​តាម​ចិត្ត​បាន​ដែរ។

២៦ប្រសិនបើ​ភរិយា​មិន​ធើ្វ​តាម​បង្គាប់ ក្នុង​គ្រប់​កិច្ចការ​ទេ ចូរ​កាត់​ចិត្ត​ពី​នាង ហើយ​លែង​លះ​នាង​ទៅ។