បេនស៊ីរ៉ាក់ (២៣)

១បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​បិតា​ និង​ជាម្ចាស់​នៃ​ជីវិត​ទូល​បង្គំ សូម​កុំ​បណោ្តយ​ឲ្យ មាត់​ទូល​បង្គំ​និយាយ  ដោយ​មិន​រិះ​គិត​ សូម​កុំឲ្យ​ទូល​បង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ពាក្យ​សំដី! ២សូម​ព្រះ​អង្គ​កែ​តំរង់​គំនិត​ទូល​បង្គំ សូម​យក​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​អង្គ មក​អប់រំ​ចិត្ត​ទូល​បង្គំ​ផង! ពេល​ទូល​បង្គំ​ប្រព្រឹត្ត​ខុស​ដោយ​មិន​ដឹង​ខ្លួន សូម​វាយ​ប្រដៅ​ទូល​បង្គំ ហើយ​ពេល​ ទូល​បង្គំ​ប្រព្រឹត្ត​អំពើ​បាប​សូម​កុំ​ធើ្វ​ជា​មិន​ឃើញ​ទ្បើយ។ ៣ក្រែង​លោ​ទូល​បង្គំ​វងេ្វង និង​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ទ្បើងៗ ក្រែង​ទូល​បង្គំ​ដួល​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ហើយ​ពួក​គេ​សប្បាយ​រីក​រាយ ដោយ​បាន​ឈ្នះ​ទូល​បង្គំ។ ៤បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​បិតា និង​ជាម្ចាស់​នៃ​ជីវិត​របស់​ទូល​បង្គំ! សូម មេត្តា​កុំ​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​ព្រហើន! ៥សូម​ពង្វាង​សេចក្តី​លោភ​លន់​ចេញ​ពី​ចិត្ត​ទូល​បង្គំ។ ៦សូម​កុំ​ឲ្យ​ទូល​បង្គំ​ឈ្លក់​វងេ្វង​នឹង​កាម​គុណ​និង​តណ្ហា សូម​កុំ​អោយ​ទូល​បង្គំ​​មាន​ចិត្ត​ស្រើប​ស្រាល​ឡើយ។

ត្រូវតែធើ្វតាមពាក្យស្បថស្បែ​របស់ខ្លួន
៧ម្នាល​កូន​ចៅ​ទាំង​ឡាយ​អើយ! ចូរ​រៀន​ធើ្វ​ជា​ម្ចាស់​លើ​ពាក្យ​សំដី​របស់​ខ្លួន។ អ្នក​ប្រតិ​បត្តិ​តាម​ដំបូន្មាន​នេះ​មិន​ដែល​មាន​កំហុស​ទើ្បយ។

៨មនុស្ស​បាប​តែង​តែ​ទទួល​ទោស​ដោយ​សារ​ពាក្យ​សំដី​របស់​ខ្លួន អ្នក​មួល​បង្កាច់​គេ និង អ្នក​អួត​បំប៉ោង ក៏​ត្រូវ​ទទួល​ទោស ដោយ​សារ​ពាក្យ​សំដី​របស់​ខ្លួន​ដែរ។

៩កុំ​មាន​ទម្លាប់​ស្បថ​ស្បែ​ទ្បើយ ហើយ​ក៏​កុំ​យក​ព្រះ​នាម​របស់​ព្រះ​ដ៏​វិសុទ្ធ ធើ្វ​ជា​សាក្យី​ដែរ។

១០ទាសករ​ណា ដែល​មាន​ម្ចាស់ជា​មនុស្ស​ប្រិត​ប្រៀប តែង​តែ​មាន​ស្លាក​ស្នាម​ពេញ​ខ្លួន ដោយ​ម្ចាស់​វាយ។ យ៉ាង​ណា​មិញ​អ្នក​ដែល​ស្បថ និង​អ្នក​យក​ព្រះ​នាម​ព្រះ​ជាម្ចាស់ ធើ្វ​ជា​សាក្យី​គ្រប់​ពេល​វេលា​មិន​អាច​ចៀស​ផុត​ពី​បាប​បាន​ទេ។

១១អ្នក​ដែល​និយាយ​ស្បថ​ស្បែ​ច្រើន រមែង​បំពាន​លើ​វិន័យ​កាន់​តែ​ច្រើន​ដែរ ក្រុម​គ្រួសារ​របស់​គេ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ ប្រសិន​បើ​ស្បថ​ដោយ​អចេតនា គេ​ត្រូវ​ទទួល​ទោស។ ប្រសិន​បើ​គេ​ស្បថ​ដោយ​មិន​ពិនិត្យ​ពិច័យ​ជា​មុន គេ​ត្រូវ​ទទួល​ទោស​មួយ​ទ្វេ​ជា​ពីរ។ ប្រសិន​បើ​គេ​ស្បថ​បំពាន ព្រះ​ជាម្ចាស់មិន​ប្រោស​គេ​ឲ្យ​បាន​សុច​រិត​ទេ ហើយ​ក្រុម​គ្រួសារ​របស់​គេ​នឹង​ជួប​ទុក្ខ​លំបាក​ជា​មិន​ខាន។

របៀបនិយាយមិនសមគួរ
១២របៀប​និយាយ​ខ្លះ​មាន​ពិស​ពុល ដូច​សេចក្តី​ស្លាប់។ សូម​កុំ​ឲ្យ​មាន​របៀប​និយាយ​ប្រភេទ​នេះ​នៅ​ស្រុក​អ៊ីស្រា​អែល​ទើ្បយ! អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ ​តែង​តែ​ចៀស​វាង​ពី​របៀប និយាយ​នេះ ហើយ​មិន​លង់​ខ្លួន​ក្នុង​អំពើ​បាប​បែប​នេះ​ទើ្បយ។

១៣កុំ​ទម្លាប់​មាត់​ពោល​ពាក្យ​អាស្រូវ ដ្បិត​ពាក្យ​ទាំង​នោះ​បណ្តាល​ឲ្យ​កូន​មាន​បាប ដោយ​សារ​ពាក្យ​សំដី។

១៤ពេល​កូន​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​របស់​អ្នក​ដឹក​នាំ ចូរ​នឹក​ដល់​ឪពុក​ម្តាយ ក្រែង​លោ​កូន​និយាយ​ពាក្យ​មិន​សម​រម្យ​ នៅ​ចំពោះ​មុខ​អស់​លោក​ទាំង​នោះ តាម​ទម្លាប់​របស់​កូន។ នៅ​ថ្ងៃ​នោះ កូន​មុខ​ជា​នឹក​ស្តាយ ដោយ​បាន​កើត​មក ហើយ​ប្រទេច​ផ្តាសា​ថ្ងៃ​ដែល​កូន​កើត។

១៥អ្នក​ធ្លាប់​តែ​និយាយ​ពាក្យ​អាស​អាភាស មិន​អាច​កែ​ខ្លួន​បាន​រហូត​អស់​មួយ​ជីវិត។

អំពីកាមគុណ
១៦មាន​មនុស្ស​ច្រើន​ប្រភេទ ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ អ្នក​ខ្លះ​ធើ្វ​ឲ្យ​ព្រះ​ជាម្ចាស់​ទ្រង់​ព្រះ​ពិរោធ គឺ​អ្នក​ដែល​មាន​តណ្ហា​ឆេះ​រោល​ ដូច​ភ្លើង​តណ្ហា​នេះ​មិន​រលត់​ទើ្បយ រហូត​ទាល់​តែ​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ដែល​ប្រគល់​ខ្លួន​ប្រាណ​ទៅ​ឲ្យ​កាម​គុណ មិន​អាច​ទប់​ខ្លួន​ទ្បើយ​  រហូត​ទាល់​តែ​កាម​គុណ​ធើ្វ​ឲ្យ​ខ្លួន​មាន​បាប។ ១៧ចំ​ពោះ​បុរស​ដែល​ឈ្លក់​វងេ្វង​ក្នុង​កាម​គុណ​ស្រី​ណា ក៏​ដោយ​គេ​យក​ទាំង​អស់  រហូត​ទាល់​តែ​ស្លាប់ ក៏​គេ​មិន​ចេះ​ឆ្អែត​ឆ្អន់​ដែរ។

១៨បុរស​ផិត​ក្បត់​ភិរិយា​តែង​តែ​ពោល​ថា «តើ​នរណា​ឃើញ​ខ្ញុំ? នៅ​ជុំ​វិញ​ខ្ញុំ មាន​សុទ្ធ​តែ​​​​ភាព​​ងងឹត​ជញ្ជាំង​ក៏​បិទ​បាំង​ខ្ញុំ គ្មាន​នរណា​ឃើញ​ខ្ញុំ​ទេ! ខ្ញុំ​មិន​បារម្ភ​អ្វី​ទើ្បយ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មិន នឹក​គិត​ដល់​អំពើ​បាប​របស់​ខ្ញុំ​ទេ!»។ ១៩បុរស​នេះ​ខ្លាច​តែ​ភ្នែក​មនុស្ស គេ​មិន​ដឹង​ថា​ព្រះ​អម្ចាស់​ទត​ឃើញ​គេ​ទេ ព្រះ​នេត្រ​របស់​ព្រះ​អង្គ​ភ្លឺ​ជាង​ព្រះ​អាទិត្យ​ទៅ​ទៀត​ព្រះ​អង្គ​ឈ្វេង​យល់​ការ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត អ្វីៗ​ដែល​លាក់​កំបាំង​នៅ​កន្លៀត​កន្លោះ ព្រះ​អង្គ​ទត​មើល​ធ្លុះ​ទាំង​អស់។ ២០ព្រះ​អង្គ​ស្គាល់​អ្វីៗ​សព្វ​សារពើ  តាំង​តែ​ពី​មុន ព្រះអង្គ​បង្កើត​អ្វីៗ​ទាំង​នោះ​មក​ម៉េ្លះ  ហើយ​ពេល​ដែល​អ្វីៗ​ទាំង​នោះ​បាត់​បង់​អស់​ទៅ ក៏​ព្រះ​អង្គ​នៅ​តែ​ស្គាល់​ដដែល។ ២១គេ​នឹង​ចាប់​អ្នក​នោះ​ទាន់ នៅ​ពេល​ដែល​គាត់​មិន​ដឹង​ខ្លួន ហើយ​គាត់​នឹង​ទទួល​ទណ្ឌ​កម្ម​នៅ​ទី​សាធារណ:។

អំពីស្រ្តីក្បត់ប្តី
២២ចំពោះ​ស្រ្តី​ក្បត់​ប្តី​ ហើយ​មាន​កូន​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ក៏​ដូច្នោះ​ដែរ។ ២៣ទី​មួយ​នាង​បាន​បំពាន​លើ​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ទីពីរ  នាង​បាន​ធើ្វ​ខុស​ចំពោះ​ប្តី​របស់​នាង។ ទីបី​នាង​ប្រាស​ចាក​សីលធម៌ និង​បាន​បង្កើត​កូន​ជាមួយ​បុរស​ផ្សេង​ទៀត។ ២៤ត្រូវ​ចាប់​នាង​នាំ​ទៅ​​ចំពោះ​មុខ​អង្គ​ប្រជុំ ​គេ​នឹង​សាក​សួរ​អំពី​កូន​របស់​នាង។ ២៥គេ​នឹង​ដេញ​កូន​ទាំង​នោះ​ចេញ​ពី​សហគមន៍ ហើយ​ចៅ​ក៏​គ្មាន​សិទ្ធិ​អ្វី​ដែ​រ។ ២៦នាង​ត្រូវ​បណ្តាសា ដែល​លុប​បំបាត់​មិន​បាន។ គេ​នៅ​តែ​នឹក​នាង​ពី​អំពើ​ខិល​ខូច​រប​ស់​នាង​រហូត។ ២៧ដូចេ្នះ​អស់​អ្នក​ដែល​នៅ​រស់ នឹង​ដឹង​ថា​ការ​គោរ​ព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រសើរ​ជាង​អ្វីៗទាំង​អស់ ហើយ​ការ​ប្រ​តិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ក៏​ផ្តល់​សេចក្តី​សុខ​ស្រួល​ដែរ។