បេនស៊ីរ៉ាក់ (២២)

មនុស្សខ្ជិល
១មនុស្ស​ខ្ជិល ប្រៀប​ដូច​ជា​ដុំ​ថ្ម​ប្រឡាក់​លាមក។ មនុស្ស​ម្នា​មិន​រាប់​រក ដោយ​ខ្ពើម​រអើម។២មនុស្ស​ខ្ជិល​ប្រៀប​ដូច​ជា​លាមក​មួយ​ដុំ នរណា​រើស​ក៏​រលាស់​ចោល​វិញ​ភ្លាម។

កូនដែលដើរខុសផ្លូវ
៣ឪពុក​ដែល​មាន​កូន​ប្រុស​ខ្វះ​សុជីវ​ធម៌ តែង​តែ​អាម៉ាស់​មុខ ប្រសិន​បើ​ជា​កូន​ស្រី​វិញ នោះ​ឪពុក​រឹត​តែ​បង់​ខាត​យ៉ាង​ខ្លាំង​ទៅ​ទៀត។

៤កូន​ស្រី​ដែល​មាន​សុភ​និច្ឆ័យ មុខ​ជា​គេ​ចូល​ស្តី​ដណ្តឹង​ត្រឹម​ត្រូវ រីឯ​កូន​ស្រី​ដែល​មិន​ចេះ​អៀន ខ្មាស​តែង​តែ​នាំ​ឲ្យ​ឪពុក​មាន​ទុក្ខ​កង្វល់។

៥ស្រី​ព្រហើន​កោង​កាច ​តែង​តែ​ធើ្វ​ឲ្យ​ឪពុក​និង​ប្តី​ត្រូវ​អាម៉ាស់ ហើយ​អ្នក​ទាំង​ពីរ​មិន​គោរព​នាង​ទេ។

៦ទូន្មាន​កូន ត្រូវ​តាម​កាល:​ទេស: ហាក់​បី​ដូច​ជា​ច្រៀង​បទ​សប្បាយ​ក្នុង​ពេល​គេ​កាន់​ទុក្ខ។ ប៉ុន្តែ​ការ​វាយ​ប្រដៅ​អប់រំ​គ្រប់​ពេល​វេលា ពិត​ជា​ត្រឹម​ត្រូវ ស្រប​តាម​ប្រាជ្ញា។

មនុស្សល្ងីលើ្ងមិនអាចអប់រំបានទេ
៩បង្រៀន​មនុស្ស​ល្ងីលើ្ង​ ដូច​ជា​ចង់​ផ្គុំ​អំបែង​ចាន ឬ​ដូច​ជា​ដាស់​មនុស្ស​ម្នាក់​ដែល​កំពុង​ដេក​លក់។

១០អ្នក​និយាយ​ទៅ​កាន់​មនុស្ស​ល្ងី​លើ្ង ដូច​ជា​និយាយ​ទៅ​រក​អ្នក​ដេក​លក់ នៅ​ទី​បញ្ចប់ មុខ​ជា​គេ​សួរ​ថា «អ្នក​និយាយ​ពី​រឿង​អ្វី!»។

១១ចូរ​យំ​ស្រណោះ​បុគ្គល​ដែល​ស្លាប់ ព្រោះ​បុគ្គល​នោះ​ឃ្លាត​ចាក​ពី​ពន្លឺ​ហើយ ចូរ​យំ​ស្រណោះ មនុស្ស​ល្ងី​លើ្ង​ដែរ ព្រោះ​គេ​ឃ្លាត​ចាក​ពី​ប្រាជ្ញា ប៉ុន្តែ​កុំ​យំ​ស្រណោះ​អ្នក​ដែល​ស្លាប់​ខ្លាំង​ពេក ដ្បិត​គេ​បាន​រក​ឃើញ​ការ​សំរាក ហើយ​ផ្ទុយ​ទៅ​វិញ ជីវិត​របស់​មនុស្ស​ល្ងី​លើ្ង អាក្រក់​ជាង​សេចក្តី​ស្លាប់​ទៅ​ទៀត។

១២ធម្មតា​គេ​យំ​កាន់​ទុក្ខ​មនុស្ស​ម្នាក់ ប្រាំ​ពីរ​ថ្ងៃ​ទេ រីឯ​មនុស្ស​ល្ងី​លើ្ង ឬ​ជន​ពាល​វិញ គេ​ត្រូវ​កាន់​ទុក្ខ​អស់​មួយ​ជីវិត។

១៣កុំ​និយាយ​ច្រើន ទៅ​រក​មនុស្ស​ខ្វះ​សុភ​និច្ឆ័យ​កុំ​ធើ្វ​ដំណើរ​ជាមួយ​មនុស្ស​ឆោត​ល្ងង់ ចូរ​ប្រយ័ត្ន​ក្រែង​លោ​គេ​នាំ​ឲ្យ​កូន​អំពល់​ទុក្ខ ហើយ​នៅ​ពេល​ណា​គេ​គ្រញែង​រលាស់​ខ្លួន ក្រែង​លោ​នាំ​ឲ្យ​ប្រឡាក់​កូន។  ប្រសិន​បើ​កូន​ចង់​បាន​សេចក្តី​សុខ ចូរ​ចៀស​ចេញ​ពី​គេ នោះ​កូន​មិន​ខ្ពើម​រអើម ដោយ​ពាក្យ​សំដី​ឆោត​ល្ងង់​របស់​គេ​ទ្បើយ។

១៤តើ​មាន​អ្វី​ដែល​ធ្ងន់​ជាង​សំណ? គឺ​មនុស្ស​ល្ងី​លើ្ង។

១៥លី​ខ្សាច់ អំបិល ឬដុំដែក ស្រួល​ជាង​ទ្រាំ​ទ្រ​នឹង​មនុស្ស​ឆោត​ល្ងង់។

១៦គ្រឿង​ឈើ​ផ្គុំ​គ្នា​យ៉ាង​មាំ នៅ​ពេល​សង់​ផ្ទះ​តែង​តែ​នៅ​ជាប់​ពេល​រញ្ជួយ​ផែនដី។ អ្នក​ជាប់ ជំពាក់​ចិត្ត​នឹងគំរោង​ការ​ដែល​គេ​សំរេច​ដោយ​បាន​គិត​គូរ​យ៉ាង​យូរ ​តែង​តែ​មាន​ចិត្ត​នឹង​នរ នៅ​គ្រា​ពិបាក។

១៧សេចក្តី​សំរេច​ដែល​ផុស​ចេញ​ពី​ការ​រិះ​គិត​យ៉ាង​ឈ្លាស​វៃ តែង​តែ​នៅ​ជាប់​លាប់ ដូច​ជញ្ជាំង​មួយ​ដ៏​មាំ  ហើយ​តុប​តែង​ដោយ​គ្រឿង​លំអ។

១៨គ្រួស​តូចៗដែល​គេ​ដាក់​នៅ​តាម​ជញ្ជាំង​តែង​តែ​ធ្លាក់​នៅ​ពេល​ខ្យល់​បក់​មក​យ៉ាង​ខ្លាំង។ អ្នក​ដែល​មាន​ចិត្ត​រំជួល​ដោយ​គំនិត​ល្ងី​លើ្ង ពេល​ណា​មាន​អាសន្ន​គួរ​ឲ្យ​ភ័យ​ខ្លាច​កើត​ទ្បើង គេ​មិន​អាច​នៅ​ស្ថិត​សេ្ថរ​បាន​ទ្បើយ។

ភក្តីភាព
១៩បើ​អ្នក​ប៉ះ​ទង្គិច​ភ្នែក នោះ​មុខ​ជា​ធើ្វ​ឲ្យ​ទឹក​ភ្នែក​ហូរ​ចេញ​មក ហើយ​បើ​អ្នក​ធ្វើ​ឲ្យ​គេ​របួស​ចិត្ត នោះ​អ្នក​នឹង​ស្គាល់​មនោ​សញ្ចេតនា​ដ៏​ពិត​ប្រាកដ​របស់​គេ។

២០បើ​អ្នក​យក​ដុំ​ថ្ម​គប់​សត្វ​ស្លាប វា​នឹង​ហើរ​បាត់​អស់ បើ​អ្នក​រិះ​គន់​មិត្ត​ភក្តិ នោះ​អ្នក​មុខ​ជា​បំផ្លាញ​មិត្ត​ភាព។

២១ទោះបី​កូន​ដក​កាំបិត​គំរាម​មិត្ត​ភក្តិ​ម្នាក់ ចូរ​កុំ​អាល​អស់​សង្ឃឹម ដ្បិត​អ្នក​ទាំង​ពីរ​អាច​ជានា​នឹង​គ្នា​វិញ​បាន។

២២ប្រសិន​បើ​កូន​ឈោ្លះ​ប្រកែក​នឹង​មិត្ត​ភក្តិ ចូរ​កុំ​បារម្ភ​ទ្បើយ! អ្នក​ទាំង​ពីរ​អាច​ជានា​នឹង​គ្នា​វិញ​បាន។ ប៉ុន្តែ​ការ​ជេរ​ប្រមាថ ការ​វាយ​ប្ញក​ខ្ពស់​ដាក់​គេ ការ​បរិហារ​អាថ៌​កំបាំង​របស់​គេ ឬ​ប្រព្រឹត្ត​អំពើ អាក្រក់​ក្រោយ​ខ្នង ទោះ​បី​មិត្ត​ភក្តិ​ណា​ក៏​ដោយ ក៏​រត់​គេច​ចេញ​ពី​អ្នក​ដែរ។

២៣ចូរ​ធើ្វ​ឲ្យ​អ្នក​ជិត​ខាង​ទុក​ចិត្ត​លើ​កូន​ក្នុង​ពេល​គេ​មាន​អាសន្ន​អន់​ក្រ។ ធើ្វ​ដូចេ្នះ នៅ​ពេល​គេ​ចំរុង​ចំរើន កូន​ក៏​នឹង​ទទួល​ផល​រួម​ជា​មួយ​គេ​ដែរ។ ពេល​គេ​កើត​ទុក្ខ​វេទនា ចូរ​នៅ​សោ្មះ​ត្រង់​នឹង​គេ​ជានិច្ច។ ធើ្វ​ដូចេ្នះ  នៅ​ពេល​គេ​ទទួល​មរត៌ក​កូន​ក៏​នឹង​ទទួល​រួម​ជាមួយ​គេ​ដែរ។

២៤កាល​ណា​មាន​ចំហាយ​ទឹក ឬ​ផ្សែង​នោះ​មុខ​តែ​មាន​ភ្លើង ពេល​មាន​ពាក្យ​ជេរ​ប្រមាថ​នោះ មុខ​តែ​មាន​ការ​បង្ហូរ​ឈាម។

២៥ខ្ញុំ​មិន​អៀន​ខ្មាស​នឹង​ការ​ពារ​មិត្ត​ភក្តិ​ទេ ខ្ញុំ​ក៏​មិន​គេច​មុខ នៅ​ពេល​គាត់​ត្រូវ​ការ​ខ្ញុំ​ដែរ។

២៦ប្រសិន​បើ​ខ្ញុំ​កើត​ទុក្ខ​កង្វល់​ដោយ​សារ​គាត់ អស់​អ្នក​ដែល​ដឹង​រឿង​នេះ មុខ​ជា​លែង​ទុក​ចិត្ត​គាត់។

សូមឲ្យខ្ញុំចេះប្រមាណពាក្យសំដី
២៧ទូល​បង្គំ​ចង់​បាន​អ្នក​ការ​ពារ​មាត់​ទូល​បង្គំ កុំ​ឲ្យ​និយាយ​ផ្តេស​ផ្តាស ហើយ​ទប់​មាត់​ទូល​បង្គំ កុំ​ឲ្យ​ចេះ​តែ​និយាយ។ ធើ្វ​ដូចេ្នះ ទូល​បង្គំ​មិន​ត្រូវ​អន្តរាយ  ដោយ​សារ​ពាក្យ​សំដី​ទ្បើយ។

កុំ​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​ស្រើប​ស្រាល​ទ្បើយ។