បេនស៊ីរ៉ាក់ (១៤)

សុភមង្គលរបស់មនុស្សសុចរិត
១អ្នក​ចេះ​ប្រយ័ត្ន​ពាក្យ​សំដី ពិត​ជា​មាន​សុភមង្គល! គេ​មិន​កើត​ទុក្ខ  ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ទើ្បយ!

២អ្នក​ណា​ដឹង​ខ្លួន​ថា​គ្មាន​កំហុស ហើយ​មិន​ដែល​ខក​ចិត្ត អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!

ចិត្តលោភលន់ និង កំណាញ់
៣មាន​ទ្រព្យ​សម្បត្តិ​តែ​កំណាញ់ ហើយ​មាន​ប្រាក់  តែ​មិន​ហ៊ាន​ចាយ តើ​បាន​ប្រយោជន៍​អ្វី?

៤អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ តែ​បង្អត់​ខ្លួន​ឯង  ប្រមូល​ទុក​សំរាប់​អ្នក​ដទៃ គឺ​អ្នក​ដទៃ​ចាយ​វាយ​ទ្រព្យ​នោះ ដើម្បី​រស់​នៅ​យ៉ាង​សប្បាយ។

៥អ្នក​ដែល​កំណាញ់​ចំពោះ​ខ្លួន​ឯង តើ​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​នរណា? គេ​មិន​បាន​សប្បាយ ដោយ​សារ​ធន​ធាន​របស់​ខ្លួន​ទេ។

៦គ្មាន​នរណា​កាច​ជាង អ្នក​ធើ្វ​បាប​ខ្លួន​ឯង​ទើ្បយ គេ​តែង​តែ​រង​ទុក្ខ​ទោស ព្រោះ​តែ​ចិត្ត​អាក្រក់​របស់​ខ្លួន។

៧ប្រសិន​បើ​ជន​កំណាញ់​ធើ្វ​ទាន គេ​ធើ្វ​ដោយ​មិន​ដឹង​ខ្លួន នៅ​ទី​បញ្ចប់​គេ​មុខ​ជា​បង្ហាញ​ចិត្ត​អាក្រក់​របស់​ខ្លួន​មិន​ខាន!

៨អ្នក​មាន​ចិត្ត​លោភ​លន់ ​ជា​មនុស្ស​អាក្រក់ គេ​មើល​ងាយ​អ្នក​ដទៃ ដោយ​ធើ្វ​មិន​ឃើញ។

៩អ្នក​មាន​ចិត្ត​លោភ​លន់ មិន​ដែល​ពេញ​ចិត្ត​នឹង​ចំណែក​ទ្រព្យ​របស់​ខ្លួន​ទេ ការ​កំណាញ់​ធើ្វ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​អត់​ចិត្ត។

១០ជន​កំណាញ់​មិន​ងាយ​ចែក​អាហារ ​ឲ្យ​គេ​ទេ សូម្បី​តែ​នៅ​លើ​តុ​របស់​ខ្លួន​ឯង​ផ្ទាល់ ក៏​គ្មាន​បាយ​ផង!

ចូរប្រើប្រាស់ទ្រព្យសម្បត្តិ​តាមសមរម្យ
១១កូន​អើយ! ប្រសិន​បើ​កូន​មាន​គ្រប់​គ្រាន់ ចូរ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ស្រួល ហើយ​ថ្វាយ​តង្វាយ​ទៅ​ព្រះ​អម្ចាស់​តាម​វិន័យ។ ១២កុំ​ភេ្លច​ថា សេចក្តី​ស្លាប់​នឹង​មក​ដល់​ឆាប់ៗ កូន​ពុំ​ដឹង​ថ្ងៃ​កំណត់​ដែល​កូន​ត្រូវ​ស្លាប់​ទេ។ ១៣មុន​នឹង​ស្លាប់ ចូរ​ធើ្វ​ទាន​ដល់​មិត្ត​សម្លាញ់ ចូរ​មាន​ចិត្ត​ទូលាយ​ចំពោះ​គេ តាម​ធន​ធាន​របស់​កូន។

១៤ត្រូវ​ចេះ​សប្បាយ​រីក​រាយ ទោះបី​ការ​សប្បាយ​រីក​រាយ​នេះ មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ។ កុំ​ទុក​ឲ្យ​ឱកាស​ដែល​កូន​អាច​បំពេញ​បំណង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ កន្លង​បាត់​ទៅ​ទើ្បយ។

១៥ត្រូវ​ដឹង​ថា កូន​នឹង​ទុក​ផល​នៃ​ពាក្យ​នឿយ​ហត់​របស់​កូន ឲ្យ​អ្នក​ដទៃ គឺ​គេ​នឹង​យក​ផល​នៃ​កិច្ចការ​ដ៏​សែន​លំបាក​របស់​កូន​ទៅ​ចែក​គ្នា ដោយ​ចាប់​ឆ្នោត។

១៦ទោះ​បី​កូន​ឲ្យ​អ្វី​ទៅ​គេ ឬ​ទទួល​អ្វី​ពី​គេ ចូរ​ធើ្វ​ឲ្យ​ខ្លួន​បាន​សប្បាយ! មនុស្ស​ស្លាប់​មិន​ស្វែង​រក​ការ​សប្បាយ​រីក​រាយ​ទៀត​ទេ។

១៧សត្វ​លោក​ទាំង​ទ្បាយ រមែង​តែង​តែ​ចាស់​ទៅៗ ហើយ​កាន់​តែ​រេច​រិល ដូច​សម្លៀក​បំពាក់​ដែល​ត្រូវ​តែ​សឹក។ មាន​ច្បាប់​ធម្មជាតិ​តែ​មួយ​សំរាប់​សត្វ​លោក​ទូទៅ គឺ​គ្រប់​គ្នា​ត្រូវ​តែ​ស្លាប់។

១៨មនុស្ស​លោក​ចេះ​តែ​កើត​តៗ​គ្នា គឺ​មនុស្ស​មួយ​ជំនាន់​ស្លាប់​បាត់​ទៅ ហើយ​មាន​ជំនាន់​មួយ​ទៀត​កើត​ទើ្បង​ជំនួស  ដូច​ដើម​ឈើ​ស៊ុប​ទ្រប់​ដែល​មាន​ស្លឹក​ជ្រុះ រួច​មាន​ស្លឹក​ថ្មី​ដុះ​លូត​លាស់​ទើ្បង​ជំនួស។

១៩ស្នា​ដៃ​អ្វីៗ​ដែល​មនុស្ស​ធើ្វ តែង​តែ​រលាយ​បាត់ ហើយ​ម្ចាស់​ស្នាដៃ​នោះ ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ជាមួយ​ដែរ។

ត្រូវស្វែងរកព្រះប្រាជ្ញាញាណ
២០អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ សែ្វង​រក​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ខិត​ខំ​ត្រិះ​រិះ​ពិចារណា ពិត​ជា​មាន​សុភមង្គល​ពុំខាន។ ២១អ្នក​នោះ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​រិះ​គិត​អំពី​អាថ៌​កំបាំង​របស់​ព្រះ​អង្គ​ដែរ។ ២២គាត់​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ ដូច​ព្រាន​តាម​ដាន​សត្វ ហើយ​ឃ្លាំ​មើល​កនែ្លង​ដែល​ព្រះ​ប្រាជ្ញា​ញាណ​ត្រូវ​យាង​កាត់។ ២៣គាត់​លប​មើល​តាម​បង្អួច​នៃ​ដំណាក់​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​លួច​ស្តាប់​នៅ​មាត់​ទ្វារ។ ២៤គាត់​តាំង​ទី​លំនៅ​កែ្បរ​ដំណាក់​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​បោះ​ចម្រឹង​នៃ​ជំរំ​របស់​ខ្លួន​ជាប់​នឹង​ជញ្ជាំង​ដំណាក់​របស់​ព្រះ​អង្គ។ ២៥គាត់​បោះ​ជំរំ​កែ្បរ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​សុភមង្គល។ ២៦គាត់​ធើ្វ​សំបុក​ដាក់​កូន​នៅ ​តាម​មែក​សាខា​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ស្ថិត​នៅ​ក្រោម​ម្លប់​ ដ៏​ត្រជាក់​របស់​ព្រះ​អង្គ។  ២៧ព្រះ​ប្រាជ្ញា​ញាណ​ការពារ​គាត់ មិន​ឲ្យ​ត្រូវ​កំដៅ​ថៃ្ង  ហើយ​ឲ្យ​គាត់​តាំង​ទី​លំនៅ ​ក្នុង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។