បេនស៊ីរ៉ាក់ (១២)

ត្រូវរិះគិតពិចារណា​នៅពេលធើ្វទាន
១ប្រសិន​បើ​កូន​ធើ្វ​ទាន​ដល់​អ្នក​ដទៃ  ចូរ​ពិចារណា​ឲ្យ​ដឹង​ថា កូន​ធើ្វ​ទាន​ចំពោះ​មនុស្ស​ប្រភេទ​ណា ដូច្នេះ គេ​នឹង​ដឹង​គុណ​កូន។

២ប្រសិន​បើ​កូន​ធើ្វ​ទាន​ដល់​អ្នក​ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់ កូន​មុខ​ជា​ទទួល​រង្វាន់​ពុំខាន បើ​អ្នក​នោះ​ពុំ​សង​គុណ​កូន​ទេ នោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត  នឹង​ប្រទាន​រង្វាន់​ជំនួស​វិញ។

៣ជន​ណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​មិន​ព្រម​ចែក​ទាន​ដល់​អ្នក​ក្រីក្រ ជន​នោះ​មិន​ជួប​​សុភមង្គល​ទើ្បយ។

៤ចូរ​ចែក​ទាន​ដល់​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់  កុំ​ជួយ​មនុស្ស​បាប​ជា​ដាច់​ខាត។

៥ចូរ​ធើ្វ​ទាន​ដល់​អ្នក​ទន់​ទាប កុំ​ឲ្យ​របស់​អ្វី​ដល់​មនុស្ស​ទមិឡ កុំ​ចែក​អាហារ​ឲ្យ​គេ​ជា​ដាច់​ខាត ក្រែង​គេ​មាន​កម្លាំង​វាយ​កូន​វិញ គេ​នឹង​សង​នូវ​អំពើ​អាក្រក់​ដល់​កូន មួយ​ទ្វេ​ជា​ពីរ​តប​នឹង​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​គេ។

៦ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត មិន​សព្វ​ព្រះ​ហប្ញទ័យ​នឹង​មនុស្ស​បាប​ទើ្បយ ព្រះ​អង្គ​តែង​តែ​ដាក់​ទោស​ពួក​គេ​ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

៧ចូរ​ចែក​ទាន​ដល់​មនុស្ស​ល្អ កុំ​ជួយ​មនុស្ស​បាប​ទើ្បយ។

មិត្តសម្លាញ់ដ៏ស្មោះត្រង់  និងមិត្តសម្លាញ់ក្លែងក្លាយ
៨ពេល​សុខ​សប្បាយ​យើង​មិនដឹង​ថា នរណា​ជា​មិត្ត​ទើ្បយ ពេល​មាន​ទុក្ខ សត្រូវ​តែង​តែ​បើក​មុខ។

៩ពេល​មនុស្ស​ម្នាក់​បាន​សុខ​សប្បាយ ពួក​សត្រូវ​តែង​តែ​ក្រៀម​ក្រំ ពេល​គេ​មាន​ទុក្ខ សូម្បី​តែ​មិត្ត​ក៏​ឃ្លាត​ទៅ​ឆ្ងាយ​ពី​គេ​ដែរ។

១០កុំ​ទុក​ចិត្ត​សត្រូវ​ឲ្យ​សោះ ដ្បិត​ចិត្ត​ដ៏​កាច​សាហាវ​របស់​វា ប្រៀប​ដូច​ជា​ស្ពាន​ដែល​មាន​ដុះ​ស្នឹម។

១១ទោះបី​សត្រូវ​ដាក់​ខ្លួន​សុភាព​រាបសា ហើយ​ដើរ​អោន​យ៉ាង​ណា​ក្តី ក៏​ត្រូវ​ប្រយ័ត្ន​ដែរ  មិន​ត្រូវ​ទុក​ចិត្ត​គេ​ទេ។ ចូរ​កូន​ធើ្វ​ដូច​ជា​អ្នក​ដូស​ខាត់​កញ្ចក់ ហើយ​តោង​ដឹង​ថា ស្នឹម​ស្ពាន់​មិន​នៅ​ជាប់​រហូត​ទើ្បយ។

១២កុំ​យក​សត្រូវ​មក​ដាក់​នៅ​ជិត​ខ្លួន ខ្លាច​ក្រែង​គេ​ផ្តួល​រំលំ​កូន ដើម្បី​ដណើ្តម​មុខ​ដំណែង។ កុំ​យក​គេ​មក​អង្គុយ​ខាង​ស្តាំ​កូន ក្រែង​គេ​ខំ​ខ្នះ​ខ្នែង​ដណើ្តម​កៅអី​របស់​កូន។ នៅ​ពេល​នោះ ទើប​កូន យល់​ថា​ទូន្មាន​របស់​ឪពុក​ជា​ពាក្យ​ត្រឹម​ត្រួវ កូន​នឹង​នឹក​ចាំ​ពាក្យ​សំដី​របស់​ឪពុក ទាំង​សោក​ស្តាយ។

១៣តើ​នរណា​អាណិត​អាសូរ​គ្រូ​អាលម្ពាយ​ដែល​ត្រូវ​ពស់​ចឹក តើ​នរណា​អាណិត​អាសូរ​អស់​អ្នក ដែល​ចូល​ចិត្ត​ទៅ​ក្បែរ​សត្វ​សាហាវ?

១៤គ្មាន​នរណា​អាណិត​អាសូរ​អ្នក ​ដែល​សេព​គប់​ជាមួយ​មនុស្ស ហើយ​រង​គ្រោះ ព្រោះ​តែ​អំពើ​អាក្រក់​របស់​គេ។

១៥មនុស្ស​អាក្រក់​នៅ​ជាមួយ​កូន​ តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ពេល​កូន​មាន​ទុក្ខ គេ​មិន​នៅ​ជាមួយ​កូន​ទៀត​ទេ។

១៦សត្រូវ​តែង​តែ​ពោល​ពាក្យ​សំដី​ផ្អែម​ល្អែម ប៉ុន្តែ ក្នុង​ចិត្ត គេ​ចង់​ទម្លាក់​កូន​ទៅ​ក្នុង​រណ្តៅ។ ជួន​កាល គេ​រំភើប​ចិត្ត រហូត​ដល់​ហូរ​ទឹក​ភ្នែក ប៉ុន្តែ ប្រសិន​បើ​គេ​រក​ឱកាស​បាន គេ​មុខ​ជា​ហុត​ឈាម​កូន​ពុំ​ខាន។

១៧ប្រសិន​បើ​កូន​ជួប​ប្រទះ​គ្រោះ​កាច សត្រូវ​មក​នៅ​ទី​នោះ ស្រេច​ទៅ​ហើយ គេ​ថា​រក​លេស​ជួយ​កូន​  តែ​គេ​នឹង​ខ្ទាស់​ជើង​កូន​ឲ្យ​ជំពប់​ដួល។

១៨ពេល​នោះ ទើប​គេ​បើក​មុខ​ដ៏​ពិត​ប្រាកដ​របស់​គេ  គេ​ទះ​ដៃ​និង​ងក់​ក្បាល​ចំអក​ដាក់​កូន ហើយ​ដើរ​សំអុយ​ឈោ្មះ​កូន​គ្រប់​បែប​យ៉ាង។