​បារូក (០៥)

១ក្រុង​យេរូ​សាឡឹម​អើយ! ចូរ​ផ្លាស់​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ​ទៅ ហើយ​យក​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់ មក​ពាក់​លំអ​ជា​គ្រឿង​អលង្ការ​រហូត​តរៀង​ទៅ។ ២ចូរ​យក​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ​ជា​ម្ចាស់ មក​ពាក់​ដូច​ជា​អាវ​ធំ។ ចូរ​យក​សិរី​រុង​រឿង​របស់​ព្រះ​ដ៏មាន​ព្រះ​ជន្ម គង់​នៅ​អស់​កល្ប​ជា​និច្ច មក​ពាក់​លើ​ក្បាល​ធ្វើ​ជា​មកុដ។ ៣ដ្បិត​ព្រះ​ជាម្ចាស់ នឹង​បង្ហាញ​ភាព​ថ្កុំ​ថ្កើង​របស់​អ្នក ឲ្យ​មនុស្ស ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល​ឃើញ។

៤ព្រះ​ជាម្ចាស់​នឹង​ប្រទាន ឲ្យ​អ្នក​មាន​ឈ្មោះ​ជាប់​រហូត​ថា «សន្តិ​ភាព​មក​ពី​សេចក្តី​សុចរិត» និង «សិរី​រុងរឿង​មកពី​ការ​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់»។  ៥ក្រុង​យេរូ​សាឡឹម​អើយ! ចូរ​ក្រោក​ឡើង ចូរ​ឈរ​នៅ​ទីខ្ពស់​ហើយ​បែរ​មុខ​ទៅ​ខាង​កើត។ ចូរ​មើល​កូន​របស់​អ្នក ដែល​មក​ជួប​ជុំ​គ្នា​ តាំង​ពី​ទិស​ខាង​លិច​ រហូត​ដល់​ទិស​ខាង​កើត ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​ដ៏​វិសុទ្ធ។ ពួក​គេ​ត្រេក​អរ​សប្បាយ​ រីក​រាយ ដ្បិត​ព្រះ​ជា​ម្ចាស់​នឹក​គិត​ដល់​ពួក​គេ។ ៦ខ្មាំង​សត្រូវ​កៀរ​ពួក​កូន​របស់​អ្នក​ចេញ​ទៅ​ដោយ​ដើរ តែ​ព្រះ​ជា​ម្ចាស់​ នាំ​ពួក​គេ ឲ្យ​ត្រឡប់​មក​រក​អ្នក​វិញ ដោយ​មាន​អ្នក​ស្រុក​សែង​គេ​បែប​រុងរឿង​ ដូច​គេ​សែង​ស្តេច។ ៧ព្រះ​ជា​ម្ចាស់​បញ្ជា​ឲ្យ​បង្រាប​ភ្នំ​ធំ ភ្នំ​ខ្សាច់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​បំផ្លាញ​ច្រក​ភ្នំ​ទាំង​ឡាយ ឲ្យ​រាប​ស្មើ ដើម្បី​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល ដើរ​ទៅ​មុខ​យ៉ាង​ងាយ​ស្រួល​ទាំង​មាន​សិរី​រុង​រឿង​របស់​ព្រះ​ជា​ម្ចាស់ គង់​នៅ​ជា​មួយ។ ៨តាម​ព្រះ​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់​ព្រៃ​ព្រឹក្សា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន ដែល​មាន​ក្លិន​ក្រអូប ផ្តល់​ម្លប់​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល។ ៩ព្រះ​ជា​ម្ចាស់​នឹង​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា​អែល ដោយ​ត្រេក​អរ​សប្បាយ​យ៉ាង​ក្រៃ​លែង ក្រោម​ពន្លឺ​នៃ​សិរី​រុង​រឿង​របស់​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​មាន​ព្រះ​ហឫ​ទ័យ មេត្តា ករុណា ចំពោះ​ពួក​គេ ហើយ​ព្រះ​អង្គ​ក៏​សង្រ្គោះ​ពួក​គេ​ដែរ។