​បារូក (០៤)

១ព្រះ​ប្រាជ្ញា​ញាណ ជា​គម្ពីរ​ដែល​មាន​ចែង​ពី​ព្រះ​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់ ជា​ធម្ម​វិន័យ​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ អស់​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ប្រាជ្ញា​ញាណ ពិត​ជា​ទៅ​កាន់​ជីវិត រីឯ​អស់​អ្នក ដែល​បោះ​បង់​ចោល​ព្រះ​ប្រាជ្ញា​ញាណ មុខ​ជា​បាត់​បង់​ជីវិត​ពុំ​ខាន។

២កូន​ចៅ​លោក​យ៉ាកុប​អើយ! ចូរ​វិល​ត្រឡប់​មក​វិញ! កាន់​ព្រះ​ប្រាជ្ញា​ញាណ​ឲ្យ​ជាប់!។ ចូរ​ដើរ​ឆ្ពោះ​ទៅ​រក​ពន្លឺ​របស់​ព្រះ​អង្គ គឺ​ជួប​រស្មី​នៃ​ព្រះ​ប្រាជ្ញា​ញាណ​ចុះ។ ៣កុំ​ប្រគល់​សិរី​រុងរឿង​របស់​អ្នក ឲ្យ​អ្នក​ផ្សេង កុំ​ប្រគល់​ឯក​សិទ្ធិ​របស់​អ្នក ឲ្យ​ប្រជា​ជាតិ​ដទៃ​ឡើយ។ ៤ជន​ជាតិ​អ៊ីស្រា​អែល​អើយ! យើង​មាន​សុភ​មង្គល​ហើយ ដ្បិត​យើង​អាច​ស្គាល់​អ្វី​ដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​ជា​ម្ចាស់។

ព្រះ​ជា​ម្ចាស់​សំរាល​ទុក្ខ​អ្នក​ក្រុង​យេរូសាឡឹម
៥ប្រជា​ជន​ខ្ញុំ​អើយ! ចូរ​មាន​ចិត្ត​ក្លា​ហាន​ឡើង! អ្នក​ជា​សក្ខី​ភាព ដែល​ធ្វើ​ឲ្យ​គេ​នឹក​ចាំ​ឈ្មោះ​ អ៊ីស្រា​អែល​តរៀង​ទៅ។ ៦គេ​លក់​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា​ជាតិ​នានា​ មិន​មែន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ​ឡើយ។ ព្រះ​ជា​ម្ចាស់​បញ្ជូន​អ្នក​រាល់គ្នា​ទៅ​ក្នុង​ កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ព្រោះ​អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ។ ៧អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ​បង្កើត​អ្នក​រាល់​គ្នា​ក្រេវ​ក្រោធ ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​សក្ការ​បូជា​ថ្វាយ​អារក្ស ពុំ​មែន​ថ្វាយ​ព្រះ​ជា​ម្ចាស់​ទេ។ ៨អ្នក​រាល់គ្នា​ភ្លេច​ព្រះ​ជា​ម្ចាស់​ដែល​មាន​ព្រះ​ជន្ម​គង់ នៅ​អស់​កល្ប​ជា​និច្ច គឺ​ព្រះ​អង្គ​ដែល​បាន​ចិញ្ចឹម​អ្នក​រាល់គ្នា។ អ្នក​រាល់គ្នា​ក៏​ធ្វើ​ឲ្យ​ក្រុង​យេរូ​សាឡឹម​ ដែល​បាន​ចិញ្ចឹម​បី​បាច់​អ្នក រាល់គ្នា​កើត​ទុក្ខ​ដែរ។ ៩ក្រុង​យេរូ​សាឡឹម​បាន​ឃើញ​ព្រះ​ជា​ម្ចាស់ ទ្រង់​ព្រះ​ពិរោធ​ប្រឆាំង​នឹង​អ្នក​រាល់គ្នា ហើយ​ពោល​ថា៖ «ម្នាល​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​អើយ! សូម​ស្តាប់​ខ្ញុំ​សិន! ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង។ ១០ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​កៀរ​កូន​ប្រុស កូន​ស្រី​របស់​ខ្ញុំ​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម គង់​នៅ​អស់​កល្ប​ជានិច្ច​ដាក់​ទោស​ពួក​គេ! ១១ខ្ញុំ​មាន​អំណរ​សប្បាយ ដោយ​ចិញ្ចឹម​បីបាច់​កូន​រួច​ខ្ញុំ មាន​ទុក្ខ​ព្រួយ​ស្រណោះ​ស្រ​ណោក ដោយ​ឃើញ​ខ្មាំង​កៀរ​យក​ពួកវា​ចេញ​ទៅ។ ១២សូម​កុំ​ឲ្យ​នរណា​មាន​អំណរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ធ្លាក់​ខ្លួន​ជា​ស្រ្តី​មេម៉ាយ ដែល​គេ​ចាប់​ពង្រាត់​កូន​ទាំង​អស់។ ខ្ញុំ​នៅ​ស្ងាត់​ជ្រងំ ដោយ​សារ​តែ​កូន​ៗរបស់​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប គឺ​ពួកវា​បាន​ឃ្លាត​ចាក​ពី​ធម្ម​វិន័យ​របស់​ព្រះ​ជាម្ចាស់។ ១៣ពួកគេ​មិន​បាន​គោរព​តាម​បទ​បញ្ជា​របស់​ព្រះ​អង្គ មិន​បាន​ដើរ​តាម​មាគ៌ា​នៃ​វិន័យ​របស់​ព្រះ​អង្គ ពួកគេ​មិន​កាន់​តាម​ការ​អប់រំ ស្រប​តាម​សេចក្តី​សុចរិត​ទេ​។ ១៤អស់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​អើយ! សូម​អញ្ជើញ​មក​មើល​  ហើយ​ចង​ចាំ​ថា ព្រះ​អម្ចាស់​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច បាន​ដាក់​ទោស​កូន​ប្រុស កូន​ស្រី​របស់​ខ្ញុំ​ ហើយ​បញ្ជូន​ឲ្យ​ទៅ​ជា​ឈ្លើយ។ ១៥ព្រះ​អង្គ​ចាត់​ប្រជា​ជាតិ​មួយ​មក​ពី​ចម្ងាយ​ គឺ​ជាតិ​សាសន៍​ដ៏​ព្រហើន ដែល​និយាយ​ភាសា​បរ​ទេស មិន​ចេះ​គោរព​ចាស់​ទុំ និង​មិន​ចេះ​អាណិត​អាសូរ​កូន​ក្មេង​ឡើយ​។ ១៦ជាតិ​សាសន៍​នោះ​ កៀរ​កូន​ប្រុស កូន​ស្រី​ដ៏​ជាទី​ស្រឡាញ់ របស់​ខ្ញុំ​ដែល​ជា​ស្រ្តី​មេម៉ាយ​  ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​ម្នាក់​ឯង។

១៧កូន​អើយ! តើ​ម្តាយ​អាច​ជួយ​កូន​ដូច​ម្តេច​បាន? ១៨មានតែ​ព្រះ​ជា​ម្ចាស់ ដែល​ធ្វើ​ទណ្ឌ​កម្ម​កូនៗប៉ុណ្ណោះ​ទេ ទើប​អាច​រំដោះ​កូនៗ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​បាន។ ១៩កូន​អើយ ចូរ​ចេញ​ទៅ​!  ចូរ​ចេញ​ទៅ! ម្តាយ​ត្រូវ​គេ​បោះ​បង់​ចោល នៅ​ទីនេះ​ម្នាក់​ឯង។

២០ម្តាយ​ផ្លាស់​សម្លៀក​បំពាក់​ នៅ​ពេល​សប្បាយ​ចេញ ហើយ​ស្លៀក​ពាក់​កាន់​ទុក្ខ​វិញ។ ជា​រៀង​រាល់​ ថ្ងៃ ម្តាយ​នឹង​ទូល​អង្វរ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច​ អស់​មួយ​ជីវិត​។ ២១កូន​អើយ​ចូរ​ក្លា​ហាន​ឡើង! ចូរ​ស្រែ​ដង្ហោយ​ហៅ​ព្រះ​ជា​ម្ចាស់! ព្រះ​អង្គ​មុខ​ជា​រំដោះ​កូន ឲ្យ​រួច​ពី​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​សង្កត់​សង្កិន​កូនៗ។

២២ម្តាយ​សង្ឃឹម​ថា ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច​នឹង​សង្រ្គោះ​កូន។ ព្រះ​អង្គ​ជា​ព្រះ​ដ៏​វិសុទ្ធ​បាន​ប្រោស​ឲ្យ​ម្តាយ​មាន​អំណរ គឺ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជា​និច្ច និង​ជា​ព្រះ​សង្រ្គោះ​របស់​កូន ព្រះ​អង្គ​នឹង​សំដែង​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​ចំពោះ​កូន​ នៅ​ពេល​ឆាប់​ៗជា​ពុំ​ខាន។

២៣ម្តាយ​ឃើញ​កូន​ចាក​ចេញ​ទៅ ទាំង​កើត​ទុក្ខ​ព្រួយ និង​សោក​សង្រេង ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​នឹង​ប្រគល់​កូន​ឲ្យ​មក​ម្តាយ​វិញ ទាំង​មាន​អំណរ​សប្បាយ​រីក​រាយ​អស់​កល្ប​ជា​និច្ច​ពុំ​ខាន​។ ២៤ឥឡូវ​នេះ ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​ឃើញ​កូន​ជាប់​ជា​ឈ្លើយ​យ៉ាង​ណា​ បន្តិច​ទៀត គេ​នឹង​ឃើញ​ព្រះ​ជា​ម្ចាស់​យាង​មក​សង្រ្គោះ​កូនៗ​យ៉ាង​នោះ​ដែរ។ ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជា​និច្ច នឹង​យាង​មក ប្រកប​ដោយ​សិរី​រុងរឿង​ថ្កុំ​ថ្កើង​ឧត្តុង្គ​ឧត្តម។ ២៥ចូរ​កូន​អត់​ធ្មត់ ស៊ូ​ទ្រាំ​រង​ទារុណ​កម្ម ដែល​មក​ពី​ព្រះ​ពិរោធ​របស់​ព្រះ​ជា​ម្ចាស់។ ពួក​ខ្មាំង​សត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​កូន ប៉ុន្តែ​បន្តិច​ទៀត កូន​នឹង​បង្រ្កាប​ពួក​គេ​ឲ្យ​វិនាស​អន្ត​រាយ។ ២៦កូន​ជាទី​ស្រឡាញ់​របស់​ម៉ែ​ កូន​ធ្វើ​ដំណើរ​តាម​ផ្លូវ​រដិប​រដុប កូន​ប្រៀប​បាន​នឹង​ហ្វូង​សត្វ​ដែល​ខ្មាំង​ឆក់​ប្លន់​រឹប​អូស​យក​ទៅ។ ២៧កូន​ទាំង​ឡាយ​អើយ ចូរ​មាន​ចិត្ត​ក្លា​ហាន​ឡើង! ចូរ​ស្រែក​ដង្ហោយ​ហៅ​ព្រះ​ជា​ម្ចាស់​ទៅ! ព្រះ​អង្គ​ដែល​នាំ​កូន​មក​ទីនេះ​មុខ​ជា មិន​បំភ្លេច​កូន​ទេ។ ២៨កាល​ពីមុន កូន​មាន​បំណង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់​ ឥឡូវ​នេះ កូន​ប្រែ​ចិត្ត​គំនិត​ហើយ! ចូរ​ខិតខំ​ស្វែង​រក​ព្រះ​អង្គ​ ឲ្យ​ខ្លាំង​ជាង​មុន​ដប់​ដង។ ២៩ព្រះ​អង្គ​ដែល​ដាក់​ទោស​កូន ឲ្យ​រង​ទុក្ខ​វេទនា​យ៉ាង​នេះ នឹង​យាង​មក​ជួយ​សង្រ្គោះ​កូន ហើយ​ប្រទាន​អំណរ​សប្បាយ​ឲ្យ​កូន​ជា​រៀង​រហូត។ ៣០ក្រុង​យេរូ​សាឡឹម​អើយ!ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះ​ជា​ម្ចាស់​ដែល​បាន​ប្រទាន​ឈ្មោះ​ឲ្យ​អ្នក ព្រះ​អង្គ​មុខ​ជា​សំរាល ទុក្ខ​របស់​អ្នក​ពុំ​ខាន។ ៣១រីឯ​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក​ ហើយ​អរ​សប្បាយ​ដោយ​ឃើញ​អ្នក​ដួល​ មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន។ ៣២ក្រុង​ទាំង​ប៉ុន្មាន​ដែល​យក​កូន​របស់​អ្នក​ធ្វើ​ជា​ទាសា​ទាសី ជា​ពិសេស​ក្រុង​បាប៊ី​ឡូន ដែល​កៀរ​យក​កូន​អ្នក​ទៅ​ក៏​ត្រូវ​វេទនា​ដែរ។ ៣៣ក្រុង​បាប៊ី​ឡូន​នោះ​បាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​ត្រូវ​វិនាស ហើយ​លើក​តម្កើង​ខ្លួន​ដោយ​ឃើញ​អ្នក​ត្រូវ​អន្ត​រាយ ក៏​ត្រូវ​វេទនា​ដែរ។ ក្រុង​នោះ​នឹង​សោក​សង្រេង ព្រោះ​ខ្មាំង​បំផ្លាញ​គេ។ ៣៤យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នោះ​លែង​មាន​អំណរ ដោយ​មាន​ប្រជា​ជន​ច្រើន។ យើង​ធ្វើ​ឲ្យ​ឫកពារ​ដ៏​ព្រហើន​របស់​គេ ប្រែ​ទៅ​ជា​ក្រៀម​ក្រំ។ ៣៥ព្រះ​ដ៏មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជា​និច្ច នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​មក​ឆាប​ឆេះ​ ក្រុង​នោះ​ជា​យូរ​ថ្ងៃ ហើយ​ក្រុង​នោះ​ទៅ​ជាទី​ស្នាក់​របស់​អារក្ខ បិសាច​យ៉ាង​យូរ​តទៅ​ទៀត​ផង។ ៣៦យេរូ​សាឡឹម​អើយ! ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​កើត! ចូរ​មើល​អំណរ​ដែល​មក​ពី​ព្រះ​ជាម្ចាស់។ ៣៧ចូរ​ក្រឡេក​មើល​កូន​ប្រុស​ស្រី​របស់​អ្នក ដែល​ខ្មាំង​កៀរ​យក​ទៅ កំពុង​តែ​វិល​មក​ស្រុក​វិញ។ ព្រះ​បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​បាន​ប្រមូល​ផ្តុំ​គេ តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច។ គេ​ត្រេក​អរ​សប្បាយ​រីករាយ ដោយ​មាន​សិរី​រុងរឿង​របស់​ព្រះ​ជា​ម្ចាស់​គង់​នៅ​ជាមួយ​។