​បារូក (០៣)

១បពិត្រ​ព្រះ​អម្ចាស់ ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ! ព្រះ​អង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា​អែល! យើង​ខ្ញុំ​តប់​ប្រមល់ និង​រងទុក្ខ​វេទនា​យ៉ាង​ខ្លាំង​យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះ​អង្គ។ ២ឳ​ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់​ និង​អាណិត​អាសូរ​យើង​ខ្ញុំ​ផង! ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​របស់​ព្រះ​អង្គ។ ៣ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច រីឯ​យើងខ្ញុំ​វិញ ត្រូវ​តែ​ស្លាប់​អស់​កល្ប​ជានិច្ច​ដែរ។ ៤ឳ​ព្រះ​អម្ចាស់​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ​! ឳ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល​អើយ​! សូម​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ ដែល​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់។ យើង​ខ្ញុំ​ជា​កូន​ជា​ចៅ​របស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ។ ពួក​គេ​មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​ទេ។ ហេតុ​នេះ​ហើយ បាន​យើង​ខ្ញុំ​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ជានិច្ច។ ៥សូម​ព្រះ​អង្គ​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ច​រិត នៃ​ដូន​តា​របស់​យើង​ខ្ញុំ​ឡើយ! សូម​នឹក​គិត​តែ​ពី​ឫទ្ធិ​បារមី​  និង ពី​ព្រះ​នាម​ព្រះ​អង្គ​ប៉ុណ្ណោះ។ ៦ដ្បិត​ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ!។ ដូច្នេះ យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​អង្គ។ ៧ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កោត​ខ្លាច​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​អង្វរ​រក​ព្រះ​នាម​ព្រះ​អង្គ។ នៅ​លើ​ទឹក​ដី​ដែល​ខ្មាំង​សត្រូវ​កៀរ​នោះ​យើង​ខ្ញុំ នឹង​សរសើរ​តម្កើង​ព្រះ​អង្គ ព្រោះ​យើង​ខ្ញុំ​បែរ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់ ដែល​ដូន​តា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អង្គ​ ៨ឥឡូវ​នេះ យើង​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ទេស​មក​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ព្រះ​អង្គ​កំចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ពួក​គេ​ជេរ​ប្រមាថ និង​ ប្រទេច​ផ្តាសា ដើម្បី​ឲ្យ​យើង​ខ្ញុំ​កែ​ប្រែ​ចិត្ត​គំនិត។ ព្រះ​អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដូច្នេះ មក​ពី​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ដូន​តា​របស់​យើង​ខ្ញុំ ដែល​បាន​ឃ្លាត​ចាក​ពី​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ។

ការនឹកសញ្ជឹងអំពីព្រះប្រាជ្ញាញាណ
៩ជន​ជាតិ​អ៊ីស្រា​អែល​អើយ! ចូរ​ស្តាប់​វិន័យ​ដែល​ផ្តល់​ជីវិត! ចូរ​ផ្ទៀង​ត្រចៀក​ត្រង​ត្រាប់​ស្តាប់​ដើម្បី​រិះគិត​ពី​ចារ​ណា។ ១០ជន​ជាតិ​អ៊ីស្រា​អែល​អើយ! តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​បាន​ជា អ្នក​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ដូច្នេះ? ហេតុអ្វី​បាន​ជា​អ្នក កាន់​តែ​ចាស់​ទៅៗ នៅ​លើ​ទឹក​ដី​ជន​បរទេស​ដូច្នេះ?  ១១ហេតុអ្វី បាន​ជា​អ្នក​ជាប់​សៅ​ហ្មង​ដោយ​រស់​នៅ​ជាមួយ​មនុស្ស​ស្លាប់​ដូច្នេះ? ហេតុអ្វី​បាន​ជា​ឈ្មោះ​របស់​អ្នក​មាន​នៅ​ក្នុង​បញ្ជី​មច្ចុ​រាជ? ១២អ្នក​ជួប​ហេតុ​ការណ៍​នេះ មក​ពី​អ្នក​បោះ​បង់​ប្រភព​នៃ​ព្រះ​ប្រាជ្ញា​ញាណ​ចោល។ ១៣ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​ព្រះ​ជា​ម្ចាស់ អ្នក​នឹង​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត​ជា​រៀង​រហូត។ ១៤ចូរ​ស្វែង​យល់​ឲ្យ​ដឹង​ថា​ តើ​ការ​ត្រិះ​រិះ​ពិចា​រណា កម្លាំង និង​ចំណេះ​ដឹង​បាន​មក​ពី​ណា? អ្នក​មុខ​ជា​ដឹង​ថា ជីវិត និង​អាយុ​វែង ពន្លឺ​ភ្នែក​ភ្លឺ​ថ្លា​ និង សេចក្តី​សុខ​សាន្ត​កើត​ពី​ប្រភព​នោះ​ដែរ។

គ្មាន​នរណា​អាច​យល់​ព្រះ​ប្រាជ្ញា​ញាណ​បាន​
១៥តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ​ប្រាជ្ញា​ញាណ​ឃើញ? តើ​នរណា​យល់​តម្លៃ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​ប្រាជ្ញា​ញាណ? ១៦តើ​ពួក​មេ​ដឹក​នាំ​ប្រជា​ជាតិ​នានា​នៅ​ឯណា? តើ​អ្នក​បង្រ្កាប​សត្វ​តិរច្ឆាន​នៅ​ឯណា​ដែរ?   ១៧តើ​អ្នក​ដែល​ចេះ​ផ្សាំង​បក្សា​បក្សី នៅ​ឯណា​?តើ​អ្នក​ដែល​ប្រមូល​មាស​ប្រាក់​ជា​ច្រើន​អនេក ហើយ​អាង​លើ​ធន​ធាន​របស់​ខ្លួន​នៅ​ឯណា?

១៨តើ​ជាង​ទង​ដែល​ខំ​ញ្ចេញ​ស្នា​ដៃ ហួស​ពី​ការ​ស្មាន​នៅ​ឯណា?។ ១៩ពួក​គេ​ត្រូវ​វិនាស​សាប​សូន្យ​  គេ​បាត់​បង់​ជីវិត​ហើយ មាន​អ្នក​ផ្សេង​មក​ធ្វើ​ការ​ជំនួស​វិញ។ ២០ក្រោយ​ពួក​គេ​មាន​អ្នក​ផ្សេង​ទៀត​កើត​មក ហើយ​រស់​នៅ​លើ​ផែន​ដី​នេះ ប៉ុន្តែ​ពួក​គេ​ក៏​មិន​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ​ដែរ។  ២១ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ​ ហើយ​មិន​រវល់​នឹង​ព្រះ​អង្គ​ទៀត។ រីឯ​កូន​ចៅ​របស់​ពួក​គេ​ក៏​ដើរ​តាម​ផ្លូវ​ផ្សេង​ពី​ឪពុក​ដែរ។ ២២គ្មាន​នរណា​តំណាល​ពី​ព្រះ​ប្រាជ្ញា​ញាណ​នៅ​ស្រុក​កា​ណាន គ្មាន​នរណា​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ នៅ​ស្រុក​តេម៉ន​ទៀត​ដែរ។ ២៣សូម្បី​តែ​កូន​ចៅ​របស់​នាង​ហាការ​ ដែល​តែង​តែ​ស្វែង​រក​ចំណេះ​ដឹង​នៅ​លើ​ផែន​ដី ឈ្មួញ​នៅ​ស្រុក​ម៉េរ៉ន និង​ស្រុក​តេម៉ន អ្នក​តែង​និទាន​រឿង​ព្រេង ឬ​ទស្សន​វិទូ​ ក៏​មិន​បាន​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ក៏​មិន​ចាំ​ផ្លូវ​ទៅ​រក​ព្រះ​អង្គ​ដែរ។ ២៤ប្រជា​ជន​អ៊ីស្រា​អែល​អើយ! ពិភព​លោក​ដែល​ជា​ដំណាក់​ផ្ទាល់​របស់​ព្រះ​ជា​ម្ចាស់ ធំ​ទូលាយ​ណាស់​ ទឹក​ដី​របស់​ព្រះ​អង្គ​ ក៏​ធំ​ទូលាយ​ដែរ!  ២៥ពិភព​លោក​ធំ​ធេង​ គ្មាន​ពំ្រ​ដែន​ ខ្ពស់​ណាស់​ គ្មាន​នរណា​វាស់​បាន​ទេ។ ២៦មនុស្ស​មាឌ​ធំ​ៗ ហើយ​មាន​ឈ្មោះ​ល្បី​នៅ​គ្រា​ដំបូង បាន​កើត​នៅ​ទី​នោះ ពួក​គេ​មាន​មាឌ​ធំ​សម្បើម និង​ស្ទាត់​ជំ​នាញ​ធ្វើ​សង្រ្គាម ២៧ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រើស​រើស​ពួក​គេ​ទេ ព្រះ​អង្គ​ក៏​មិន​បាន​បង្ហាញ​មាគ៌ា​នៃ​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​ពួក​គេ​ស្គាល់​ដែរ។ ២៨ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ព្រោះ​គេ​គ្មាន​សុភ​និច្ឆ័យ មិន​ចេះ​រិះ​គិត​ពិចា​រណា។ ២៩តើ​នរណា​បាន​ឡើង​ទៅ​លើ​មេឃ ដើម្បី​ទៅ​ចាប់​យក​ព្រះ​ប្រាជ្ញា​ញាណ​នាំ​ចុះ​ពី​ពពក​មក? ៣០តើ​នរណា​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ​ ហើយ​នាំ​យក​មក ដោយ​ដូរ​នឹង​មាស​យ៉ាង​សន្ធឹក​សន្ធាប់? ៣១គ្មាន​នរណា​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ​ ហើយ​ក៏​គ្មាន​នរណា​ប៉ង​ប្រាថ្នា​ដើរ​តាម​មាគ៌ា​របស់​ព្រះ​ប្រាជ្ញា​ញាណ​ដែរ។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ​ឲ្យ​ជន​ជាតិ​អ៊ីស្រា​អែល​
៣២ប៉ុន្តែ​ព្រះ​ជា​ម្ចាស់ ដែល​ជ្រាប​អ្វីៗសព្វ​គ្រប់​ទាំង​អស់ ព្រះ​អង្គ​ស្គាល់​ច្បាស់​ព្រះ​ប្រាជ្ញា​ញាណ។ ព្រះ​អង្គ​រក​ព្រះ​ប្រាជ្ញា​ញាណ​ឃើញ ដោយ​សារ​ព្រះ​តំរិះ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​រៀប​ចំ​ផែន​ដី​ឲ្យ​ស្ថិត​នៅ​អស់​កល្ប​ជា​និច្ច រួច​ព្រះ​អង្គ​បង្កើត​សត្វ​ចតុ​ប្បាទ​ឲ្យ​នៅ​ពាស​ពេញ។ ៣៣ព្រះ​អង្គ​ចាត់​ពន្លឺ​ទៅ ពន្លឺ​ក៏​ចេញ​ដំណើរ​ទៅ។ ព្រះ​អង្គ​ហៅ​ពន្លឺ​មក​វិញ​ ពន្លឺ​ក៏​មក​វិញ​ទាំង​ញ័រ​រន្ធត់។ ៣៤ផ្កាយ​បញ្ចេញ​រស្មី​នៅ​កន្លែង​ប្រចាំ​ការ ដោយ​អំណរ​សប្បាយ។

៣៥ព្រះ​អង្គ​ហៅ​ផ្កាយ ហើយ​ផ្កាយ​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ​ជា​ម្ចាស់!»។ ផ្កាយ​បញ្ចេញ​រស្មី​ដោយ​អំណរ​សប្បាយ ថ្វាយ​ព្រះ​ដែល​បាន​បង្កើត​ពួកវា។ ៣៦ព្រះ​អង្គ​ពិត​ជា​ព្រះ​នៃ​យើង​កុំ​ពឹង​ផ្អែក លើ​ព្រះ​ឯណា​ផ្សេង​ក្រៅ​ពី​ព្រះ​អង្គ​ឡើយ។ ៣៧ព្រះ​អង្គ​រក​ឃើញ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ ព្រះ​អង្គ​បាន​បង្ហាញ​មាគ៌ា​នោះ ឲ្យ​លោក​យ៉ាកុប​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ និង​ជន​ជាតិ​អ៊ីស្រា​អែល ដ៏​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្គាល់​ដែរ ៣៨តាំង​ពី​ពេល​នោះ​មក គេ​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ​នៅ​លើ​ផែន​ដី​ ហើយ​ព្រះ​អង្គ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។