​បារូក (០២)

១ដូច្នេះ ព្រះ​អម្ចាស់​បាន​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ប្រឆាំង​នឹង​យើងខ្ញុំ ប្រឆាំង​នឹង​វីរ​បុរស​ដែល​គ្រប់​គ្រង​ប្រជា​ជន​អ៊ី​ស្រា​អែល ប្រឆាំង​នឹង​ស្តេច មេដឹកនាំ ព្រម​ទាំង​ប្រជា​ជន​នែ​ស្រុក​អ៊ីស្រា​អែល និង​ស្រុក​យូ​ដា។ ២គ្មាន​គ្រោះ​កាច​ណា​នៅ​លើ​ផែន​ដី ដូច​គ្រោះ​កាច​ដែល​កើត​ឡើង​នៅ​ក្រុង​យេរូ​សា​ឡឹម ស្រប​តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូ​សេ​ទេ។

៣នៅ​គ្រា​នោះ យើង​ម្នាក់​ៗបាន​បរិភោគ​សាច់​របស់​កូន​ខ្លួន គឺម្នាក់​បាន​បរិភោគ​សាច់​របស់​កូន​ប្រុស ម្នាក់​ទៀត​បាន​បរិភោគ​សាច់​របស់​កូន​ស្រី។ ៤ព្រះ​អម្ចាស់​បាន​បញ្ជូន​យើង​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​រស់​នៅ​ជុំ​វិញ​យើង​ខ្ញុំ​ដើម្បី​ឲ្យ​ពួក​គេ​មើល​ងាយ និង​បំភ័យ​យើង​ខ្ញុំ​នៅ​ក្នុង​ចំ​ណោម​ជាតិ​សាសន៍ ដែល​ព្រះ​អង្គ​បាន​កំចាត់​កំចាយ​ឲ្យ​យើង​ខ្ញុំ​ទៅ​រស់​នៅ។ ៥យើង​ខ្ញុំ​មិន​បាន​ទទួល​ជោគ​ជ័យ​​ទេ គឺ​បរាជ័យ​ទៅ​វិញ​ព្រោះ​ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហប្ញទ័យ​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដោយ​មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ។ ៦បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ! ព្រះ​អង្គ​មាន​ព្រះ​ហឫទ័យ​សុចរិត​ រីឯ​យើង​ខ្ញុំ និង​ដូន​តា​របស់​យើង​ខ្ញុំ​វិញ ត្រូវ​អាម៉ាស់​ដូច​នៅ​ថ្ងៃ​នេះ។ ៧យើង​ខ្ញុំ​ជួប​ប្រទះ​គ្រោះ​កាច​ទាំង​នេះ​ស្រប​តាម​ព្រះ​បន្ទូល​ដែល​ព្រះ​អង្គ​ព្រមាន​យើង​ខ្ញុំ​មែន។ ៨យើង​ខ្ញុំ​ពុំ​បាន​ទូល​អង្វរ​ព្រះ​អម្ចាស់ សូម​បង្វែរ​ចិត្ត​គំនិត​យើង​ខ្ញុំ​ម្នាក់ៗ ឲ្យ​លះ​បង់​គំនិត​អាក្រក់​ចោល​ទេ!។ ៩ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​អង្គ​ធ្វើ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ ធ្លាក់​មក​លើ​យើង​ខ្ញុំ​ ដ្បិត​សេចក្តី​ដែល​ព្រះ​អម្ចាស់​បញ្ជា​ឲ្យ​យើង​ខ្ញុំ​ប្រ​ព្រឹត្ត​ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ ១០ប៉ុន្តែ​យើង​ខ្ញុំ​មិន​ព្រម​ស្តាប់​ព្រះ​អម្ចាស់ញ្ជា ឲ្យ​យើង​ខ្ញុំ​ដើរ​តាម​វិន័យ​ដែល​ព្រះ​អង្គ​ដាក់​នៅ​មុខ​យើង​ខ្ញុំ​ទេ។

ពាក្យអង្វរ
១១បពិត្រ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល! កាល​ពី​ដើម ព្រះ​អង្គ​បាន​នាំ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​សំ​ដែង​ឫទ្ធិ​បារមី​ដ៏​ខ្លាំង​ក្លា សំ​ដែង​ទី​សំ​គាល់​និងបាដិ​ហារិយ៍​ផ្សេងៗ។ ព្រះ​អង្គ​ប្រើ​ឫទ្ធា​នុភាព​ដ៏​អស្ចារ្យ និង​លាត​ព្រះ​ហស្ត​របស់ ព្រះ​អង្គ​ទៀត​ផង! ព្រះ​អង្គ​បាន​សំ​ដែង​បារមី​ឲ្យ​មនុស្ស​លោក​ស្គាល់ ព្រះ​នាម​ព្រះ​អង្គ ដូច​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។

១២បពិត្រ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ! ឥឡូវ​នេះ​យើង​ខ្ញុំ​ទទួល​សារ​ភាព​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច​មនុស្ស​ទមិឡ។ យើង​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ទាស់​នឹង​បញ្ជា​របស់​ព្រះ​អង្គ​មែន!។ ១៣សូម​ព្រះ​អង្គ​ឈប់ ព្រះ​ពិរោធ​នឹង​យើង​ខ្ញុំ​ទៅ! ដ្បិត​យើង​ខ្ញុំ​នៅ​សល់​ចំនួន​តិច​តួច​ណាស់ ដោយ​សារ​ព្រះ​អង្គ​កំចាត់​កំចាយ​ឲ្យ ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ។ ១៤ឳ!​ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ផង!។ សូម​ព្រះ​អង្គ​ឈ្វេង​យល់ ដល់​ព្រះ​នាម​របស់​ព្រះ​អង្គ ហើយ​សូម​ប្រណី​សន្តោស​យើង​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​បាន​កៀរ​យើង​ខ្ញុំ។ ១៥ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំង​អស់​នៅ​លើ​ផែន​ដី​ដឹង​ថា ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​ព្រះ​អង្គ​បាន​ជ្រើស​រើស​ជន​ជាតិ​អ៊ី​ស្រា​អែល ទុក​ជា​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ផ្ទាល់​។ ១៦ឳ! ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​អង្គ​ទត​មើល​ពី​ដំ​ណាក់​ដ៏​វិសុទ្ធ របស់​ព្រះ​អង្គ! នឹក​គិត​ដល់​យើង​ខ្ញុំ​ផង!។ ឳ​ព្រះ​អម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ​កាណ៌ ហើយ​ព្រះ​សណ្តាប់​ផង!។

១៧សូម​បើក​ព្រះ​នេត្រ​ហើយ​ទត​មើល! សូម​ព្រះ​អង្គ​ឈ្វេង​យល់​ហើយ​នឹក​ថា មនុស្ស​ស្លាប់​មិន​អាច​លើក​តម្កើង​សិរី​រុង​រឿង និង​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​បាន​ឡើយ!។ ១៨បពិត្រ​ព្រះ​អម្ចាស់! មាន​តែ​អ្នក​កើត​ទុក្ខ​វេទនា​សែន​ខ្លោច​ផ្សារ អ្នក​ទន់​ខ្សោយ​  ដែល​ដើរ​អោន​ត្រុនៗ ព្រម​ទាំង​អ្នក​គ្មាន​ទី​ពឹង​ និង​ អ្នក​ស្រេក​ឃ្លាន ទើប​អាច​លើក​តម្កើង​សិរី​រុងរឿង​  និង​ សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​បាន។

១៩ពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​មក​ទូល​អង្វរ​ព្រះ​អង្គ ដោយ​មិន​សំអាង​លើ​អំពើ​សុចរិត​របស់​ដូនតា ឬ​របស់​ស្តេច​យើង​ខ្ញុំ​ឡើយ។

២០ដ្បិត​ព្រះ​អង្គ​ទ្រង់​ជះ​ព្រះ​ពិរោធ​ដ៏​ខ្លាំង​ក្លា មក​លើ​យើង​ខ្ញុំ​យ៉ាង​នេះ ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​ថា៖ ២១«ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ដូច​តទៅ ចូរ​ដាក់​ខ្លួន​បំរើ​ព្រះ​មហាក្សត្​ស្រុក​បាប៊ី​ឡូន នោះ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី ដែល​យើង​បាន​ប្រ​គល់​ឲ្យ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។ ២២ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ ដែល​បញ្ជា​ឲ្យ​បំរើ​ព្រះ​មហាក្សត្រ ស្រុក​បាប៊ី​ឡូន​ទេ​  ២៣យើង​នឹង​លែង​ឲ្យ​មាន​ឮ​សូរ​ស័ព្ទ​សំឡេង ដ៏​សប្បាយ បទ​ចំរៀង​សំរាប់​ធិពី​បុណ្យ និង​ការ​សាសង រវាង​គូស្វាមី​ភរិយា ក្នុង​ក្រុង​នានា​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ​សាឡឹម ហើយ​ស្រុក​ទាំង​មូល​ នឹង​ត្រូវ​អន្តរាយ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​រស់​នៅ​ទៀត​ទេ។

២៤ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ ដែល​បញ្ជា​ឲ្យ​យើង​ខ្ញុំ​បំរើ​ព្រះ​មហា​ក្សត្រ​ស្រុក​បាប៊ី​ឡូន។ ហេតុ​នេះ ព្រះ​អង្គ​ប្រព្រឹត្ត​តាម​សេចក្តី​ដែល​ព្រះ​អង្គ​ថ្លែង​តាម​រយៈ​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​ថា គេ​នឹង​យក​ធាតុ​របស់​ស្តេច និង​ធាតុ​ដូនតា​យើង​ខ្ញុំ​ចេញ​ពីផ្នូរ។ ២៥ស្តេច​និង​ដូនតា​យើងខ្ញុំ​  បាត់​បង់​ជីវិត​យ៉ាង សែន​ខ្លោច​ផ្សា រងទុក្ខ​វេទនា​បំផុត ដោយ​ស្រេក​ឃ្លាន ដោយ​ត្រូវ​មុខ​ដាវ និង​  ដោយ​ខ្មាំង​កៀរ​យក​ទៅ។ ឥឡូវ​នេះ ធាតុ​របស់​អស់​លោក ត្រូវ​នៅ​ហាល​ថ្ងៃ និង​ហាល​សន្សើម នៅ​ពេល​យប់​ថែម​ទៀត​ផង។ ២៦ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ​ដំណាក់​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស ទុក​ជា​ទីលំ​នៅ​របស់​ព្រះ​អង្គ​ត្រូវ​ហិន​ហោច ដូចគេ​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ ព្រោះ​តែ​អំពើ​អាក្រក់​របស់​ប្រជា​រាស្រ្ត​អ៊ីស្រា​អែល និង​ជន​ជាតិ​យូដា។ ២៧បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ត្រឹម​ត្រូវ​តាម​យុត្តិ​ធម៌ និង​តាម​ព្រះ​ហឫទ័យ​អាណិត​អាសូរ​ដ៏​លើស​លប់​របស់​ព្រះ​អង្គ ២៨ស្រប​តាម​សេចក្តី​ដែល​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​តាម​រយៈ​លោក​ម៉ូ​សេ ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​បញ្ជា​ឲ្យ​លោក​ចារឹក​ធម្ម​វិន័យ​របស់​ព្រះ​អង្គ នៅ​ចំពោះ​មុខ​ប្រជា​ជន​ អ៊ីស្រា​អែល។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ ២៩ប្រសិន​បើ អ្នក​រាល់​គ្នា​មិន​ស្តាប់​ពាក្យ​របស់​យើង​  មហា​ជន​ដ៏​ច្រើន​ឥត​គណនា​នេះ នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មួយ​ក្រុម​តូច​ ក្នុង​ចំ​ណោម​ប្រជា​ជាតិ​ទាំង​ឡាយ ជា​កន្លែង​ដែល​យើង​កំចាត់​កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។ ៣០យើង​ដឹង​ថា ពួក​គេ​មិន​ស្តាប់​យើង​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​ចចេស។ ប៉ុន្តែ​ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក ​ដែល​ខ្មាំង​កៀរ​យក​ទៅ​នោះ​  ពួក​គេ​នឹង​ភ្ញាក់​ស្មារតី។ ៣១ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​  យើង​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត និង​មាន​ត្រចៀក អាច​ស្តាប់​បាន។ ៣២នៅ​លើ​ទឹក​ដី​ដែល​ខ្មាំង​កៀរ ពួក​គេ​ទៅ​នោះ ពួក​គេ​នឹង​លើក​តម្កើង​យើង​ ហើយ​នឹក​ដល់​នាម​របស់​យើង។ ៣៣ពួក​គេ​លែង​មាន​ចិត្ត​រឹង​រួស និង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដ្បិត​ពួក​គេ​នឹក​ឃើញ​ហេតុ​ការណ៍ ដែល​កើត​មាន​ចំពោះ​ដូន​តា​របស់​ពួក​គេ​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់​។ ៣៤យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​ទឹក​ដី​ដែល​យើង​បាន​សន្យា​ថា នឹង​ប្រគល់​ឲ្យ​អប្រា​ហាំ អ៊ីសាក​ និង​យ៉ាកុប ជា​បុព្វ​បុរស​របស់​ពួក​គេ។ ពួក​គេ​នឹង​ត្រួត​ត្រា​ទឹក​ដី​នោះ។ យើង​នឹង​ធ្វើ​ឲ្យ​ ចំនួន​ពួក​គេ​ កើន​ឡើង។ មែន! គឺ​ឲ្យ​មាន​ចំនួន​ច្រើន​ឡើង! មិន​អន់​ថយ​ឡើយ។ ៣៥យើង​នឹង​ចង​សម្ពន្ធ​មេត្រី​អស់​កល្ប​ជានិច្ច​ជាមួយ​ពួក​គេ ដើម្បី​ឲ្យ​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ធ្វើ​ជា​ប្រជា​រាស្រ្ត​របស់​យើង​។ យើង​មិន​បណ្តោយ​ប្រជា​ជន​អ៊ីស្រា​អែល ឲ្យ​ចេញ​ពី​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ​ទៀត​ឡើយ។