​បារូក (០១)

លោកបារូក
១នេះ​ជា​សេចក្តី ដែល​មាន​ចែង​ក្នុង​សៀវភៅ​របស់​លោក​បារូក ​ជា​កូន​របស់​លោក​ណេរី​យ៉ា​ ដែល​ជា​កូន​របស់​លោក​ម៉ាសេអា ជា​កូន​របស់​លោក​សេដេគីយ៉ា ជា​កូន​លោក​ហាសា​ឌីយ៉ា ជា​កូន​របស់​លោក​ហែល​គីយ៉ា​។ លោក​សរសេរ​សៀវភៅ​នេះ នៅ​ស្រុក​បាប៊ី​ឡូន។ ២នាថ្ងៃ​ទីប្រាំ​ពីខែ​ទីប្រាំ​ក្រោយ​ពេល កង​ទ័ព​បា​ប៊ី​ឡូន​វាយ​ដណ្តើម​យក​ក្រុង​យេរូ​សាឡឹម​ និង​ដុត​បំផ្លាញ​ចោល។

៣លោក​បារូក​អាន​សេចក្តី ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​នៅ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​បាទ​យ៉េកូនីយ៉ា​ ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូយ៉ាគីម ជា​ស្តេច​ស្រុក​យូដា​ និង​នៅ​ចំពោះ​មុខ​ប្រជា​ជន​ទាំង​មូល ដែល​មក​ស្តាប់។ ៤លោក​អាន​នៅ​ចំពោះ​មុខ​នាម៉ឺន​មន្រ្តី​រាជ​វង្សា​នុវង្ស​ព្រឹទ្ធា​ចារ្យ​ និង​ប្រជា​ជន​ទាំង​មូល គឺ​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ដែល​រស់​នៅ​ក្នុង​ស្រុក​បាប៊ី​ឡូន តាម​ដង​ទន្លេ​ស៊ូដា។ ៥ពួកគេ​នាំគ្នា​យំ​តម​អាហារ និង​ទូល​អង្វរ នៅ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​អម្ចាស់។ ៦បន្ទាប់​មក​គេ​នាំ​គ្នា​រៃប្រាក់​តាម​ធន​ធាន​រៀង​ៗខ្លួន។ ៧ផ្ញើ​ជូន​លោក​បូជា​ចារ្យ​យ៉ូអាគីម ជា​កូន​របស់​លោក​ហែលគីយ៉ា ជា​ចៅ​របស់​លោក​សាឡូម ព្រម​ទាំង​ជូន​ក្រុម​បូជា​ចារ្យ និង​ប្រជា​ជន​ទាំង​មូល ដែល​រស់​នៅ​ក្រុង​យេរូ​សាឡឹម​ជា​មួយ​លោក។ ៨កាល​ពី​មុន គឺ​នៅ​ថ្ងៃ​ទីដប់​នៃ​ខែ​ជេស្ឋ​ លោក​បារូក​បាន​ប្រមូល​គ្រឿង​បរិក្ខារ នៃ​ព្រះ​ដំណាក់​របស់​ព្រះ​អម្ចាស់ ដែល​ខ្មាំង​បាន​រឹប​អូស​យក បញ្ជូន​មក​ស្រុក​យូដា​វិញ។ ព្រះ​បាទ​សេ​ដេ​ខ្យាស ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូស្យាស ជា​ស្តេច​ស្រុក​យូ​ដា បាន​បញ្ជា​ឲ្យ​ធ្វើ​គ្រឿង​បរិ​ក្ខារ​ទាំង​នោះ​ពី​ប្រាក់។ ៩ក្រោយ​ពី​ព្រះ​បាទ​នេប៊ូកានេសារ ជា​ស្តេច​ស្រុក​បាប៊ី​ឡូន​ កៀរ​ព្រះ​បាទ​យេខូនីយ៉ា​ពួក​មេ​ដឹកនាំ ពួក​ឈ្លើយ​ នា​ម៉ឺន​មន្ត្រី និង​ប្រជា​ជន​ក្នុង​ស្រុក ចេញ​ពី​ក្រុង​យេរូ​សា​ឡឹម ទៅ​កាន់​ស្រុក​បាប៊ី​ឡូន។

១០ពួកគេ​សរសេរ​លិខិត ផ្ញើ​ជូន​អ្នក​ក្រុង​យេរូ​សា​ឡឹម​ មាន​សេចក្តី​ដូច​ត​ទៅ៖ «យើង​សូម​បញ្ជូន​ប្រាក់​នេះ ដើម្បី​ឲ្យ​បងប្អូន​ទិញ​សត្វ​សំរាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ និង​សំរាប់​ថ្វាយ​សក្ការ​បូជា​ដើម្បី​រំដោះ​បាប។ សូម​ទិញ​គ្រឿង​ក្រអូប​សូម​ថ្វាយ​តង្វាយ និង​សក្ការ​បូជា​នៅលើ​អាសនៈ​របស់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​ផង។

១១ចូរ​ទូល​អង្វរ​ព្រះ​អង្គ សូម​ប្រទាន​ពរ​ដល់​ព្រះ​បាទ​នេប៊ូកានេសារ ជា​ស្តេច​ស្រុក​បាប៊ី​ឡូន និង​សម្តេច​បាល​តាសារ​ជា​រាជ​បុត្រ ឲ្យ​មាន​ព្រះ​ជន្មាយុ​យឺន​យូរ​រហូត​តរៀង​ទៅ។ ១២ដូច្នេះ​ព្រះ​អម្ចាស់​មុខ​ជា​ប្រទាន​កម្លាំង​និង អំណរ​ឲ្យ​ពួក​យើង យើង​នឹង​រស់​នៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់​ត្រជុំ នៃ​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្តេច ស្រុក​បា​ប៊ី​ឡូន និង​សម្តេច​បាល​តាសារ ជា​រាជ​បុត្រ។ ពួក​យើង​នឹង​បំ​រើ​ក្សត្រ​ទាំង​ពីរ​អង្គ​នេះ​ជា​យូរ​ឆ្នាំ ហើយ​នឹង​បាន​គាប់​ព្រះ​ហប្ញ​ទ័យ​នៃ​ក្សត្រ​ទាំង​នោះ​ផង។ ១៣សូម​ទូល​អង្វរ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ឲ្យ​យើង​ទាំង​អស់​គ្នា ដ្បិត​ពួក​យើង​បាន​ប្រ​ព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង។ ព្រះ​អង្គ​នៅ​តែ​ព្រះ​ពិ​រោធ​ក្រេវ​ក្រោធ ប្រ​ឆាំង​នឹង​ពួក​យើង​ជា​រៀង​រហូត។ ១៤សូម​អាន​សៀវ​ភៅ​ដែល​ពួក​យើង​ផ្ញើ​មក​នេះ​ដើម្បី​ធ្វើ​ពិធី​ទទួល​សារ​ភាព​អំ​ពើ​បាប ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​អម្ចាស់​នៅ​ថ្ងៃ​ដំ​បូង នៃ​បុណ្យ​បារាំ​តាម​ពេល​កំ​ណត់

ពាក្យ​ទទួល​សារ​ភាព​អំ​ពើ​បាប
១៥សូម​បង​ប្អូន​ពោល​ដូចត​ទៅ៖ «បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ! ព្រះ​អង្គ​ប្រកប​ដោយ​ព្រះ​ហប្ញទ័យ​សុចរិត រីឯ​យើង​ខ្ញុំ​វិញ យើងខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​នៅ​ថ្ងៃ​នេះ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ស្រុក​យេរូ​សា​ឡឹម ១៦ទាំង​ស្តេច​របស់​យើង​ខ្ញុំ​ ទាំង​មេ​ដឹកនាំ ទាំង​បូជា​ចារ្យ ទាំង​ព្យា​ការី ទាំង​ដូនតា ត្រូវ​អាម៉ាស់​មុខ​គ្រប់​គ្នា​។ ១៧ព្រោះយើងខ្ញុំ​បាន​ប្រព្រឹត្ត​អំ​ពើ​បាប ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់។ ១៨យើង​ខ្ញុំ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​ហើយ​មិន​បាន​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដែល​ប្រៀន​ប្រដៅ​យើង​ខ្ញុំ ឲ្យ​ដើរ​តាម​ព្រះ​បញ្ជា ដូច​ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ស្គាល់​នោះ​ទេ។ ១៩តាំង​ពី​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​នាំ​ដូនតា​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើងខ្ញុំ​ឡើយ។ យើង​ខ្ញុំបាន​ធ្វេស​ប្រហែស មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​អង្គ។ ២០ហេតុ​នេះ​ហើយ​បាន​ជា​យើងខ្ញុំ​ជួប​គ្រោះ​អាសន្ន​ជាប់​រហូត ដូច​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ។ យើង​ខ្ញុំ​ត្រូវ​បណ្តា​សា​ដូច​លោក​ម៉ូសេ​ជា​អ្នក​បំ​រើ​របស់​ព្រះ​អង្គ បាន​ថ្លែង​ក្នុង​នាម​ព្រះ​អង្គ នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​នាំ​ដូនតា​របស់​យើងខ្ញុំ​ ចេញ​ពី​ស្រុក​អេស៊ីប​មក​ ដើម្បី​ប្រទាន​ស្រុក​ដ៏​សប្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។ ២១យើងខ្ញុំ​មិន​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ ទ្រង់​មាន​ព្រះ​បន្ទូល​តាម​រយៈ​ព្យាការី ដែល​ព្រះ​អង្គ​បាន​ចាត់​មក​រក​យើងខ្ញុំ។ ២២យើង​ខ្ញុំ​ម្នាក់​ៗបាន​បណ្តោយ​តាម​ចិត្ត​គំនិត​អា​ក្រក់​របស់​ខ្លួន បែរ​ទៅ​បំរើ​ព្រះ​ដទៃ និង​ប្រព្រឹត្ត​អំពើ​អា​ក្រក់​ដែល​មិន​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ។