អេសាយ (០៨)

កូន​របស់​ព្យាការី​អេសាយ​ជា​ប្រផ្នូល​អំពី ការ​គំរាម​កំហែង​ពី​សំណាក់​ជន​ជាតិ​អាស្ស៊ីរី
​១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​បន្ទះ​ថ្ម​ធំ​មួយ​មក ហើយ​ចារ​អក្សរ​នៅ​លើ​នោះ​ថា “រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយភ័ណ្ឌ​អោយ​លឿន!”»។ ពេល​នោះ ខ្ញុំ​ក៏​បង្ហាញ​បន្ទះ​ថ្ម​ដល់​មនុស្ស ដែល​គួរ​ជា​ទី​ទុក​ចិត្ត គឺ​បូជាចារ្យ​អ៊ូរី និង​លោក​សាការី ជា​កូន​របស់​លោក​យេបេរេគីយ៉ាហ៊ូ​ធ្វើ​ជា​សាក្សី។

 ខ្ញុំ​បាន​រួម​រស់​ជា​មួយ​ព្យាការិនី​ជា​ភរិយា​របស់​ខ្ញុំ នាង​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ ព្រះអម្ចាស់ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ត្រូវ​ដាក់​ឈ្មោះ​អោយ​កូន​នេះ​ថា “ម៉ាហ៊ែរសាឡាល់ហាសបាស់”  ដ្បិត​មុន​ពេល​ដែល​កូន​ នេះ​ចេះ​ហៅ ពុក! ម៉ែ! មាន​គេ​ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​ប្រមូល​ជយភ័ណ្ឌ​ពី​ក្រុង​សាម៉ារី យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី»។

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖
   ៦ «ដោយ​ប្រជាជន​មាក់ងាយ​ទឹក​ដែល​ហូរ
យ៉ាង​ស្រួល​នៅ​ប្រឡាយ​ស៊ីឡោម
ហើយ​បែរ​ជា​នាំ​គ្នា​ពេញ​ចិត្ត​នឹង​ស្ដេច​រេស៊ីន
ព្រម​ទាំង​ស្ដេច​ពេកា​វិញ​នោះ
ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​ទឹក​ទន្លេ​ដ៏​ធំ
ហូរ​យ៉ាង​ខ្លាំង ជន់​ឡើង​ហួស​ច្រាំង
បំផ្លាញ​ពួក​គេ
ពោល​គឺ ស្ដេច និង​កងទ័ព​របស់​ស្រុក​អាស្ស៊ីរី។
ទន្លេ​នេះ​នឹង​ហូរ​មក​លើ​ទឹក​ដី​យូដា
ហើយ​ជន់​ឡើង លិច​រហូត​ដល់​ក។
​ឱ​ព្រះអេម៉ានូអែល​អើយ!
ទឹក​នេះ​នឹង​ជន់​ឡើង
លិច​ពាសពេញ​ទឹក​ដី​របស់​ព្រះអង្គ។
 ប្រជាជន​ទាំងឡាយ​អើយ ចូរ​ញាប់​ញ័រ!
ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យ
អស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!
អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក
តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន!
ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក
តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។
១០អ្នក​រាល់​គ្នា​រៀបចំ​ផែន​ការ
តែ​ផែន​ការ​ទាំង​នោះ​នឹង​ត្រូវ​រលាយ​សូន្យ
អ្នក​រាល់​គ្នា​ចាត់​វិធានការ
តែ​វិធានការ​នោះ​មិន​អាច​សំរេច​បាន​ឡើយ
ដ្បិត​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង!

​១១​ពេល​ព្រះអម្ចាស់​សណ្ឋិត​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ហាម​ខ្ញុំ​មិន​អោយ​ដើរ​តាម​មាគ៌ា​របស់​ប្រជាជាតិ​នេះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖
១២អ្វីៗ​ដែល​ប្រជាជាតិ​នេះ​ហៅ​ថា​ការ​បះបោរ
មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះបោរ​ឡើយ
កុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាច
គឺ​កុំ​ញញើត​អោយ​សោះ»។
១៣អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា
មាន​តែ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះ
ដែល​ជា​ព្រះ​ដ៏វិសុទ្ធ
អ្នក​រាល់​គ្នា​ត្រូវ​ស្ញែង​ខ្លាច និង​កោត​ញញើត
តែ​ព្រះអង្គ​ប៉ុណ្ណោះ។
១៤ពេល​នោះ ព្រះអង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទីសក្ការៈ
តែ​ព្រះអង្គ​ជា​ថ្ម​ដែល​នាំ​អោយ
ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិច
ជា​សិលា​ដែល​នាំ​អោយ​គេ​ជំពប់​ដួល
ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់
ដល់​ក្រុង​យេរូសាឡឹម​ដែរ។
១៥មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះ
ហើយ​ដួល​បាក់​បែក​ខ្ទេចខ្ទាំ
ពួក​គេ​នឹង​ជាប់​អន្ទាក់
ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។
ហេតុការណ៍​នា​បច្ចុប្បន្ន​កាល និង​អនាគត​កាល

១៦ខ្ញុំ​រក្សា​សក្ខីភាព​នេះ​ទុក ខ្ញុំ​បិទ​ត្រា​លើ​ពាក្យ​ទូន្មាន​នេះ ហើយ​រក្សា​ទុក​ក្នុង​ចំណោម​សាវ័ក​របស់​ខ្ញុំ។ ១៧ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​បាន​លាក់​ព្រះភក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប។ ១៨ នៅ​ស្រុក​អ៊ីស្រាអែល ខ្ញុំ និង​កូន​ដែល​ព្រះអម្ចាស់ ប្រទាន​អោយ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល មក​ពី​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

​១៩ ប្រសិន​ បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ និង​គ្រូ​ស្ដោះ​ផ្លុំ ដ្បិត​ប្រជាជន​នីមួយៗ​ត្រូវ​តែ​រក​ព្រះ​របស់​ខ្លួន ហើយ​បញ្ជាន់​អារក្ស ដើម្បី​ជួយ​អ្នក​នៅ​រស់»។ ២០ ចូរ​ពិនិត្យ​មើល​ពាក្យ​ ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះបន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។

២១ គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ​ទាំង​ឃ្លាន
ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ
ហើ​យ​ប្រទេចផ្ដាសា ស្ដេច និង​ព្រះ​របស់​ខ្លួន
គេ​ងើយ​មើល​ទៅ​លើ
២២ បន្ទាប់​មក ពេល​ឈ្ងោក​ចុះ​មក​ដី
ឃើញ​មាន​សុទ្ធ​តែ​ទុក្ខ​លំបាក និង​ភាព​ងងឹត
ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​រក​ភាព​អន្ធការ។

ព្រះបុត្រា​មួយ​អង្គ​ប្រសូត​នៅ​កណ្ដាល​ចំណោម​យើង
២៣(៩.១) ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី
ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។
កាល​ពី​មុន​ព្រះអម្ចាស់​បាន​ធ្វើ​អោយ
តំបន់​សាប៊ូឡូន និង​តំបន់​ណែបថាលី
ត្រូវ​អាម៉ាស់
តែ​ទៅ​អនាគត​ព្រះអង្គ​នឹង​ប្រទាន​អោយ
ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ
ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
និង​ស្រុក​កាលីឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​បាន​រុងរឿង​ឡើង។