អេសាយ (៦៣)

ថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស
១ – តើអ្នកដែលមកពីក្រុងបូសរ៉ា
នៅស្រុកអេដុម
ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ
ព្រមទាំងដើរយ៉ាងអង់អាច
សំដែងឫទ្ធិដ៏ខ្លាំងពូកែនេះជានរណា?
– គឺយើង ដែលមកកាត់ក្ដីដោយយុត្តិធម៌
យើងមករករឿងប្រជាជាតិនានា
ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
២ – ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់
ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់
របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ?
៣ – ពិតមែនហើយ យើងបានជាន់ផ្លែ
ទំពាំងបាយជូរតែម្នាក់ឯង
គឺក្នុងចំណោមប្រជាជន
គ្មាននរណាម្នាក់នៅជាមួយយើងឡើយ។
យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើង
យើងបានជាន់កំទេចពួកគេ
ព្រោះយើងខឹងជាខ្លាំង។
ឈាមរបស់ពួកគេបានខ្ទាតមកលើ
សម្លៀកបំពាក់របស់យើង
ហើយសម្លៀកបំពាក់របស់យើង
ប្រឡាក់ទៅដោយឈាម។
៤ យើងបានគ្រោងទុកថា
នឹងដាក់ទោសពួកគេនៅថ្ងៃនេះ
ឆ្នាំកំណត់ដែលយើងត្រូវលោះ
ប្រជារាស្ត្ររបស់យើង ក៏បានមកដល់ហើយ។
៥ យើងរំពៃមើល
តែគ្មាននរណាម្នាក់មកជួយយើងទេ
យើងអស់សង្ឃឹម
ព្រោះគ្មាននរណាម្នាក់គាំទ្រយើងឡើយ
ដូច្នេះ យើងក៏ប្រើឫទ្ធិបារមីរបស់យើង
ដើម្បីសង្គ្រោះខ្លួនយើង
ហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។
៦ យើងជាន់កំទេចជាតិសាសន៍ទាំងឡាយ
មកពីយើងខឹងយ៉ាងខ្លាំង
យើងដាក់ទោសគេយ៉ាងសែនវេទនា
យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។

ការរំលឹកពីព្រះហឫទ័យអាណិតមេត្តារបស់ព្រះអម្ចាស់
៧ ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់ព្រះអម្ចាស់
ខ្ញុំសរសើរតម្កើងព្រះអម្ចាស់
ចំពោះកិច្ចការទាំងប៉ុន្មាន
ដែលព្រះអង្គបានប្រព្រឹត្តមកលើយើង។
ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល
ព្រះអង្គប្រទានមកជនជាតិអ៊ីស្រាអែល
គឺកិច្ចការដែលព្រះអង្គបានសំដែងចំពោះពួកគេ
ដោយព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
និងព្រះហឫទ័យសប្បុរសពន់ប្រមាណ។
៨ ព្រះអង្គមានព្រះបន្ទូលថា:
អ្នកទាំងនោះពិតជាប្រជារាស្ត្ររបស់យើងមែន
ពិតជាកូនចៅដែលមិនធ្វើអោយយើងខកចិត្ត!
ព្រះអង្គតែងតែសង្គ្រោះពួកគេជានិច្ច
៩ គ្រប់ពេលពួកគេមានអាសន្ន
ព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀត
អោយមកសង្គ្រោះគេទេ
គឺព្រះអង្គបានសង្គ្រោះពួកគេ
ដោយផ្ទាល់ព្រះអង្គ។
ព្រះអង្គបានលោះពួកគេ
ដោយព្រះហឫទ័យស្រឡាញ់
និងព្រះហឫទ័យមេត្តាករុណា។
ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ
តាំងពីដើមរៀងមក។
១០ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះអង្គតែងតែ
នាំគ្នាបះបោរ
ពួកគេធ្វើអោយព្រះវិញ្ញាណដ៏វិសុទ្ធ
ខកព្រះហឫទ័យ
ហើយប្រឆាំងនឹងពួកគេវិញ
គឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។
១១ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់
ជំនាន់លោកម៉ូសេ។
តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រ
ជាមួយមេដឹកនាំរបស់ពួកគេ
ទ្រង់នៅឯណា?
តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ
អោយគង់នៅជាមួយពួកគេ ទ្រង់នៅឯណា?
១២ព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេ
ហើយសំដែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿង
ញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ព្រះអង្គ
ដើម្បីអោយព្រះនាមព្រះអង្គបានល្បីល្បាញ
រហូតតរៀងទៅ។
១៣ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រ
ដូចសេះបោលនៅវាលរហោស្ថាន
គេមិនជំពប់ដួលឡើយ។
១៤ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះ
ទៅកាន់ទីសំរាក ដូចហ្វូងចៀមចុះទៅសំរាក
នៅតាមជ្រលងភ្នំដែរ។
ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំ
ប្រជារាស្ត្ររបស់ព្រះអង្គបែបនេះ
ដើម្បីអោយព្រះនាមព្រះអង្គបានល្បីល្បាញ
ថ្កុំថ្កើងរុងរឿង។
១៥សូមទ្រង់ទតមើលពីលើមេឃ
គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។
ឯណាទៅព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត
និងភាពអង់អាចរបស់ព្រះអង្គ!
ហេតុដូចម្ដេចបានជាព្រះអង្គ
លែងអាណិតមេត្តា
លែងអាណិតអាសូរទូលបង្គំដូច្នេះ!
១៦បពិត្រព្រះអម្ចាស់
ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។
លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេ
លោកអ៊ីស្រាអែលក៏ពុំដែលបានឃើញ
យើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះ
ដែលជាព្រះបិតារបស់យើងខ្ញុំ
ហើយតាំងពីដើមរៀងមក យើងតែងហៅ
ព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។
១៧ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គ
បណ្ដោយអោយយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា
របស់ព្រះអង្គដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គបណ្ដោយអោយយើងខ្ញុំ
មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច
ព្រះអង្គដូច្នេះ?
សូមយាងមកវិញ
សូមរកយុត្តិធម៌អោយយើងខ្ញុំជាអ្នកបំរើ
និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
១៨យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ
មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ
ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ
របស់ព្រះអង្គ។
១៩តាំងពីយូរណាស់មកហើយ
យើងខ្ញុំជាប្រជារាស្ត្រ
ដែលព្រះអង្គលែងគ្រប់គ្រង
ព្រះអង្គលែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ
របស់ព្រះអង្គ។