អេសាយ (៦២)

ព្រះអម្ចាស់នឹងសង់ក្រុងយេរូសាឡឹមឡើងវិញ
១ យើងគិតដល់ក្រុងស៊ីយ៉ូន
យើងនឹងមិននៅស្ងៀមឡើយ
ដោយយើងគិតដល់ក្រុងយេរូសាឡឹម
យើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយ
ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ
ពីក្រុងនេះដូចថ្ងៃរះ
ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ
យ៉ាងច្បាស់ដូចពន្លឺភ្លើង។
២ ពេលនោះ ប្រជាជាតិនានានឹងឃើញ
សេចក្ដីសុចរិតរបស់អ្នក
ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង
របស់អ្នកដែរ។
គេនឹងហៅអ្នកតាមឈ្មោះថ្មី
ជាឈ្មោះដែលព្រះអម្ចាស់ប្រទានអោយ។
៣ អ្នកនឹងប្រៀបដូចជាភួងជ័យ ដ៏ល្អប្រណីត
នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់
និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។
៤ គេនឹងលែងហៅអ្នកថា
“ស្ត្រីដែលស្វាមីលះបង់ចោល” ទៀតហើយ
គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា
“ដីដែលគេបោះបង់ចោលដែរ”។
ផ្ទុយទៅវិញគេនឹងហៅអ្នកថា
“ព្រលឹងមាសបង!”
ហើយគេនឹងហៅទឹកដីរបស់អ្នកថា
“ភរិយាសម្លាញ់ចិត្ត”
ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក
ហើយទឹកដីរបស់អ្នកនឹងបានដូចជា
ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
៥ ព្រះអង្គដែលបានសង់អ្នក
នឹងរៀបការជាមួយអ្នក
ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។
ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ
អោយស្វាមីយ៉ាងណា
អ្នកក៏ផ្ដល់អំណរសប្បាយ
ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
៦ យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម
នៅតាមកំពែងរបស់អ្នក
ទោះបីថ្ងៃក្ដីយប់ក្ដី
អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ
គឺត្រូវរំលឹកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម
អ្នកទាំងនោះមិនត្រូវសំរាកឡើយ!។
៧ អ្នកត្រូវទទូចអង្វរឥតឈប់ឈរ
រហូតទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡឹម
អោយមានកេរ្តិ៍ឈ្មោះល្បី លើផែនដីឡើងវិញ
៨ ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក
ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា
យើងមិនប្រគល់ស្រូវរបស់អ្នក
ទៅអោយខ្មាំងសត្រូវទៀតឡើយ
កូនចៅរបស់សាសន៍ដទៃក៏លែងផឹក
ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់
នោះទៀតដែរ។
៩ ផ្ទុយទៅវិញអស់អ្នកដែលច្រូតកាត់
នឹងបានស្រូវអង្ករបរិភោគ
ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។
រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ
នឹងបានស្រាទំពាំងបាយជូរផឹកនៅ
ក្នុងទីធ្លាសក្ការៈរបស់យើង។
១០ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ!
ចូររៀបចំផ្លូវសំរាប់ប្រជារាស្ត្ររបស់យើង!
ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ
ចូរយកដុំថ្មចេញ
ហើយលើកទង់សញ្ញាមួយអោយ
ប្រជាជនទាំងឡាយឃើញ!
១១ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល

នៅទីដាច់ស្រយាលនៃផែនដីដូចតទៅ:
ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា
មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក
ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក
ដែលព្រះអង្គបានលោះមកជាមួយផង
ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
១២គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ
ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។
រីឯអ្នកវិញមនុស្សម្នានឹងហៅអ្នកថា
ទីក្រុងបណ្ដូលចិត្ត
ក្រុងដែលគេមិនបោះបង់ចោល។