អេសាយ (៦១)

ដំណឹងល្អស្ដីអំពីការសង្គ្រោះ
១ ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់
សណ្ឋិតលើខ្ញុំ
ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ
អោយនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់
ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត
ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា
ពួកគេនឹងរួចខ្លួន
ហើយប្រាប់អ្នកជាប់ឃុំឃាំងថា
ពួកគេនឹងមានសេរីភាព
២ ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សំដែង
ព្រះហឫទ័យមេត្តាករុណា
និងពីថ្ងៃកំណត់ដែលព្រះរបស់យើង
ដាក់ទោសមនុស្សអាក្រក់
ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
៣ គឺអោយអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ
ទទួលមកុដនៅលើក្បាលជំនួសផេះ
អោយគេលាបប្រេងសំដែងអំណរសប្បាយ
ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ
អោយគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ
ជំនួសខោអាវដាច់ដាច។
ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម
ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត
ជាសួនឧទ្យានរបស់ព្រះអម្ចាស់
ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។
៤ ពួកគេនឹងសង់ក្រុង
ដែលបាក់បែកកាលពីមុននោះឡើងវិញ
ពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ
អោយមានរូបរាងឡើងវិញ។
ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោល
ជាច្រើនជំនាន់នោះឡើងវិញ។
៥ សាសន៍ដទៃនឹងនាំគ្នាមក
ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា
កូនចៅរបស់គេនឹងភ្ជួររាស់ដី
ហើយដាំទំពាំងបាយជូរអោយអ្នករាល់គ្នា។
៦ ចំណែកអ្នករាល់គ្នាវិញ
អ្នករាល់គ្នា នឹងមានឈ្មោះថា
បូជាចារ្យ*របស់ព្រះអម្ចាស់
គេនឹងហៅអ្នករាល់គ្នាថា
អ្នកបំរើរបស់ព្រះនៃយើង។
អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ
របស់ប្រជាជាតិទាំងឡាយ
ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន
តម្លៃរបស់ពួកគេ។
៧ អ្នករាល់គ្នាលែងអាម៉ាស់
និងលែងបាក់មុខទៀតហើយ
អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ
មួយទ្វេជាពីរទុកជាមត៌ក
អ្នករាល់គ្នានឹងមានអំណរសប្បាយ
អស់កល្បជានិច្ច។
៨ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងចូលចិត្តយុត្តិធម៌
ហើយស្អប់ការជំរិតជិះជាន់ណាស់។
យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ
យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ
អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
៩ ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅ
របស់អ្នករាល់គ្នា
ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី
នៅក្នុងចំណោមជាតិសាសន៍នានាដែរ។
អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា
ពួកគេជាជាតិមួយដែលព្រះអម្ចាស់
បានប្រទានពរ។
១០ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់
ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ
ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។
ព្រះអង្គបានយកសេចក្ដីសុចរិត
មកពាក់អោយខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ
តែងខ្លួននៅថ្ងៃរៀបមង្គលការ។
១១ដីធ្វើអោយពន្លក និងគ្រាប់ពូជផ្សេងៗ
ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា
ព្រះជាអម្ចាស់នឹងធ្វើអោយសេចក្ដីសុចរិត
និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ
នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។