អេសាយ (៦០)

សិរីរុងរឿងរបស់ព្រះអម្ចាស់បំភ្លឺលើក្រុងយេរូសាឡឹម
១ យេរូសាឡឹមអើយ!
ចូរក្រោកឡើង បញ្ចាំងពន្លឺ
ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ!
សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។
២ មើល! ផែនដីទាំងមូលនៅងងឹតស្លុង
ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ
តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក
សិរីរុងរឿងរបស់ព្រះអង្គក៏លេចមក
ដូចថ្ងៃរះចាំងលើអ្នកដែរ។
៣ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក
ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែល
ចាំងចេញពីអ្នកដែរ។
៤ ចូរងើបមុខឡើង មើលជុំវិញខ្លួន
កូនៗទាំងអស់ជួបជុំគ្នា ដើរតម្រង់មករកអ្នក។
កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ
ហើយប្រជាជាតិនានាក៏បីកូនស្រីៗ
របស់អ្នកមកដែរ។
៥ ពេលណាអ្នកឃើញអ្នកនឹងត្រេកអរ
សប្បាយរីករាយ ហើយរំភើបចិត្ត។
គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រ
មកអោយអ្នក
ហើយធនធានរបស់ប្រជាជាតិនានា
ក៏នឹងហូរមកដល់អ្នកដែរ។
៦ សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង
គឺអូដ្ឋរបស់ពួកម៉ាឌីយ៉ាន និងពួកអេផា។
អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក
ពួកគេយកមាស និងកំញានមកជាមួយផង
ហើយលើកតម្កើងការអស្ចារ្យ
ដែលព្រះអម្ចាស់បានធ្វើ។
៧ ហ្វូងសត្វនៅស្រុកកេដារ
នឹងមកជួបជុំគ្នានៅមុខអ្នក។
អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត
សំរាប់ធ្វើជាយញ្ញបូជានៅលើ
អាសនៈរបស់យើង
ជាតង្វាយដែលគាប់ចិត្តយើង។
យើងនឹងធ្វើអោយដំណាក់ដ៏រុងរឿងរបស់យើង
បានថ្កុំថ្កើងឡើង។
៨ តើអ្នកទាំងនោះជានរណា?
ពួកគេរសាត់មកដូចពពក
និងដូចព្រាបដែលហើរមករកសំបុកវាវិញ។
៩ មនុស្សម្នានៅតាមកោះនានានឹងមករកយើង
នាវានៅស្រុកតារស៊ីសនឹងដឹកកូនប្រុសៗ
របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ
ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ
ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់
ជាព្រះរបស់អ្នក
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលប្រោសអ្នកអោយបានថ្កុំថ្កើង។
១០ ជនជាតិដទៃនឹងនាំគ្នាសង់
កំពែងរបស់អ្នកឡើងវិញ
ស្ដេចរបស់ពួកគេនឹងមកបំរើអ្នក
ដ្បិតកាលពីមុនយើងបានខឹងហើយវាយអ្នក
តែឥឡូវនេះយើងសំដែងចិត្តអាណិតមេត្តា
ចំពោះអ្នកវិញ។
១១ទោះជាយប់ ឬថ្ងៃក្ដី ទ្វាររបស់អ្នក
នៅបើកចំហជានិច្ចឥតបិទសោះឡើយ
ដើម្បីអោយភោគទ្រព្យរបស់ប្រជាជាតិ
ទាំងឡាយហូរចូលមក
និងអោយស្ដេចរបស់ពួកគេ
មកជាហូរហែដែរ។

១២ ប្រជាជាតិណា និងនគរណា ដែលមិនបំរើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
១៣ គេនឹងដឹកឈើល្អៗពីស្រុកលីបង់មកអោយអ្នក
គឺឈើដ៏មានតម្លៃទាំងអស់
ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម
លំអទីសក្ការៈរបស់យើង។
យើងនឹងធ្វើអោយកន្លែងដែលយើង
ស្ថិតនៅនេះបានប្រកបដោយសិរីរុងរឿង។
១៤កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក
នឹងនាំគ្នាមកអោនកាយនៅចំពោះមុខអ្នក
ពួកដែលបានជេរប្រមាថអ្នក
នឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នក
គេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់”
“ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល”។
១៥ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក
ហើយគ្មាននរណាដើរកាត់
តែយើងនឹងធ្វើអោយអ្នកប្រែទៅជា
ក្រុងមួយដ៏ថ្លៃថ្នូរ
ជាក្រុងដ៏សប្បាយរហូតអស់កល្ប
ជាអង្វែងតរៀងទៅ។
១៦ប្រជាជាតិ និងស្ដេចទាំងឡាយ
នឹងធ្វើជាមេដោះរបស់អ្នក។
អ្នកនឹងទទួលស្គាល់ថា
ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់
ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប
ជាព្រះប្រកបដោយឫទ្ធិបារមី។
១៧យើងនឹងអោយគេយកមាសមកជំនួសលង្ហិន
ប្រាក់ជំនួសដែក
លង្ហិនជំនួសឈើ ដែកជំនួសថ្ម។
យើងអោយសន្តិភាព និងយុត្តិធម៌
គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។
១៨ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី
អំពើហិង្សាទៀតហើយ
ក្នុងទឹកដីរបស់អ្នកក៏លែងមាន
ការវិនាសហិនហោចទៀតដែរ។
គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ”
ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។
១៩នៅពេលថ្ងៃអ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេ
ហើយនៅពេលយប់
អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរ
ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក
រហូតតរៀងទៅ
ព្រះរបស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។
២០ពន្លឺថ្ងៃរបស់អ្នកនឹងមិនអស្ដង្គតទៀតឡើយ
ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ
ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក
រហូតតរៀងទៅ
រីឯពេលវេលាដែលអ្នកកាន់ទុក្ខ
ក៏ចប់សព្វគ្រប់ហើយ។
២១ប្រជាជនរបស់អ្នក សុទ្ធតែជាមនុស្សសុចរិត
ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។
ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ
យើងបង្កើតពួកគេមក
ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
២២អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់
អ្នកដែលខ្សោយជាងគេ
នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។
យើងជាព្រះអម្ចាស់
យើងនឹងធ្វើអោយការទាំងនេះសំរេចជារូបរាង
យ៉ាងឆាប់ៗ តាមពេលកំណត់។