អេសាយ (០៦)

ព្រះអម្ចាស់​ត្រាស់​ហៅ​លោក​អេសាយ
 នៅ​ឆ្នាំ​ដែល​ព្រះបាទ​ អូស្យាស​សោយ​ទិវង្គត​ ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះភូសា​របស់​ព្រះអង្គ​លាត​ពេញ​ក្នុង​ព្រះវិហារ។ ២ នៅ​ពី​លើ​ព្រះអង្គ​មាន​ ពពួក​សេរ៉ាភីម*។ សេរ៉ាភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សំរាប់​បាំង​មុខ ស្លាប​ពីរ​សំរាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សំរាប់​ហើរ។ ៣ សេរ៉ាភីម​ទាំង​នោះ បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖

«ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ
គឺ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល!
ផែនដី​ទាំង​មូល​ពោរពេញ​ទៅ​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ!»។

 ព្រះសូរសៀង​របស់​ព្រះអង្គ ធ្វើ​អោយ​កក្រើក​ទ្វារ​ព្រះវិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះដំណាក់។  ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ*​ហើយ​ខ្ញុំ​ក៏​រស់​នៅ​ កណ្ដាល​ចំណោម​ប្រជាជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ​ជា​ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល»។

 ខណៈ​នោះ សេរ៉ាភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់ តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង ៧ រួច​យក​រងើក​ភ្លើង​នោះ​មក ​ប៉ះ​មាត់​ខ្ញុំ​ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់​លោក​ដូច្នេះ ព្រះអម្ចាស់​លើកលែង​ទោស​អោយ​លោក ព្រះអង្គ​ដក​បាប​ចេញ​ពី​លោក​ហើយ»។

 បន្ទាប់​មក ខ្ញុំ​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា៖
«តើ​យើង​នឹង​ចាត់​អ្នក​ណា​អោយ​ទៅ
តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។

ខ្ញុំ​ទូល​ឆ្លើយ​ថា៖
«ទូលបង្គំ​នៅ​ទី​នេះ​ស្រាប់​ហើយ!
សូម​ព្រះអង្គ​ចាត់​ទូលបង្គំ​ចុះ!»។

 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖
«ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជាជន​នេះ​ថា
ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់
ក៏​អ្នក​រាល់​គ្នា​មិន​យល់
ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើល
ក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។
១០ចូរ​ធ្វើ​អោយ​ប្រជាជន​នេះ​មាន​ចិត្ត​រឹងរូស
ចូរ​ធ្វើ​អោយ​ត្រចៀក​គេ​ធ្ងន់
ចូរ​បិទ​ភ្នែក​គេ​កុំ​អោយ​មើល​ឃើញ
កុំ​អោយ​ត្រចៀក​គេ​ស្ដាប់​ឮ
កុំ​អោយ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បាន
ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត
ហើយ​យើង​នឹង​ប្រោស​គេ​អោយ​បាន​ជា!»។
១១ខ្ញុំ​ទូល​ថា៖ «ព្រះអម្ចាស់​អើយ
ទូលបង្គំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?»

ព្រះអង្គ​តប​មក​វិញ​ថា៖
«រហូត​ដល់​ទីក្រុង​វិនាស​ហិនហោច​អស់
លែង​មាន​មនុស្ស​ក្នុង​ក្រុង
ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ
គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។
១២ ព្រះអម្ចាស់​នឹង​បណ្ដេញ​មនុស្សម្នា​ចេញ​ពី​ទី​នោះ
ហើយ​នៅ​ក្នុង​ស្រុក​មាន​ដី​ជា​ច្រើន
ដែល​ត្រូវ​គេ​បោះ​បង់​ចោល។
១៣ ទោះ​បី​នៅ​សល់​ប្រជាជន​តែ​មួយ​ភាគ​ដប់
ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ
ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល
នៅ​សល់​តែ​គល់។
ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏វិសុទ្ធ
ដុះ​ចេញ​ពី​គល់​នោះ។