អេសាយ (៥៩)

អំពើបាបរបស់ប្រជាជន
១ កុំនឹកស្មានថា
ព្រះអម្ចាស់មានបារមីទន់ខ្សោយ
ពុំអាចសង្គ្រោះអ្នករាល់គ្នាបាននោះឡើយ
ហើយកុំនឹកស្មានថា ព្រះអង្គមានព្រះកាណ៌ធ្ងន់
ស្ដាប់មិនឮនោះដែរ!
២ តាមពិតគឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ
ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា
អំពើបាបរបស់អ្នករាល់គ្នា
ធ្វើអោយព្រះអង្គលាក់ព្រះភក្ត្រ
មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
៣ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម
ម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិត
មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរ
និងនិយាយបរិហារគេ។
៤ ក្នុងចំណោមអ្នករាល់គ្នា
នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌
និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ
អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង
អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។
អ្នករាល់គ្នាគិតគូរគំរោងការជិះជាន់គេ
រួចនាំគ្នាសំរេចចេញជាអំពើទុច្ចរិត។
៥ គំរោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង
ស៊ុតពស់អសិរពិស
អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់
ហើយបើគេបំបែកស៊ុតណាមួយ
នោះនឹងមានពស់វែកចេញមក។
៦ អ្នករាល់គ្នារៀបចំគំរោងការ
ដូចត្បាញសំបុកពីងពាង
ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់
បិទបាំងកាយបានឡើយ។
អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត
ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
៧ ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ
ប្រព្រឹត្តអំពើអាក្រក់
ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់
គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត
អ្នករាល់គ្នាទៅទីណា
ទីនោះនឹងត្រូវវិនាសហិនហោច។
៨ អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក
សេចក្ដីសុខសាន្តទេ
អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ
កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច
អ្នកដែលដើរតាមផ្លូវរបស់អ្នក
នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។

ប្រជារាស្ត្ររបស់ព្រះអម្ចាស់ទទួលស្គាល់កំហុស
៩ ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់
នឹងរកយុត្តិធម៌អោយយើង
ព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។
យើងសង្ឃឹមថានឹងមានពន្លឺ
ផ្ទុយទៅវិញ យើងជួបតែភាពងងឹត
យើងរង់ចាំថ្ងៃរះ
ផ្ទុយទៅវិញយើងបែរជាដើរក្នុងយប់អន្ធការ។
១០យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ
តាមជញ្ជាំង
យើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែក
យើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់
ដូចដើរនៅពេលយប់
ទោះបីយើងមានសុខភាពល្អក្ដី
ក៏យើងដូចជាមនុស្សស្លាប់ដែរ។
១១យើងរអ៊ូរទាំ បញ្ចេញសំឡេងដូចខ្លាឃ្មុំ
និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។
យើងសង្ឃឹមថាព្រះអម្ចាស់រក
យុត្តិធម៌អោយយើង
តែព្រះអង្គមិនរកអោយទេ!
យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ
តែព្រះអង្គគង់នៅឆ្ងាយពីយើង!។
១២បពិត្រព្រះអម្ចាស់!
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន
នៅចំពោះព្រះភក្ត្រព្រះអង្គ
អំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំ
អំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ច
យើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។
១៣យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត
និងក្បត់ព្រះអម្ចាស់
ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំ
យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ
ព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គ
ជាពាក្យសំដីហូរចេញពីជំរៅចិត្តរបស់យើងខ្ញុំ
យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
១៤ ហេតុនេះហើយបានជា ព្រះអង្គមិនរកយុត្តិធម៌
អោយយើងខ្ញុំទេ
ព្រះអង្គក៏មិនសង្គ្រោះយើងខ្ញុំដែរ
ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ
គ្មានសេចក្ដីពិតទេ
យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។
១៥សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ
សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់
ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។
ព្រះអម្ចាស់បានទតមើលការទាំងនេះ
ហើយយល់ឃើញថាសុទ្ធតែអាក្រក់
គឺគ្មានយុត្តិធម៌ទាល់តែសោះ។
១៦ព្រះអង្គទតឃើញថាគ្មាននរណាម្នាក់អើពើ
ហើយព្រះអង្គសោកស្ដាយ
ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល
ព្រះអង្គក៏យាងមកសង្គ្រោះ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
និងសំអាងលើសេចក្ដីសុចរិតរបស់ព្រះអង្គ។
១៧ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គ
ធ្វើជាអាវក្រោះ
ព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក
ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ
និងយកព្រះហឫទ័យប្រច័ណ្ឌធ្វើជាព្រះភូសា។
១៨ព្រះអង្គដាក់ទោសម្នាក់ៗ
តាមអំពើដែលខ្លួនប្រព្រឹត្ត។
ព្រះអង្គដាក់ទោសខ្មាំងសត្រូវ
និងបច្ចាមិត្តយ៉ាងខ្លាំង
សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ
ក៏ព្រះអង្គដាក់ទោសដែរ។
១៩ពេលនោះ ចាប់តាំងពីទិសខាងកើត
រហូតដល់ទិសខាងលិច
មនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់
និងសិរីរុងរឿងរបស់ព្រះអង្គ
ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេ
ត្រូវខ្យល់បក់បោកហូរមកយ៉ាងខ្លាំង។
២០ព្រះអម្ចាស់នឹងយាងមកលោះក្រុងស៊ីយ៉ូន
និងលោះប្រជាជនក្នុងចំណោមកូនចៅ
របស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី*ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងអោយអ្នកប្រកាសព្រះបន្ទូលរបស់យើងចាប់ពីពេលនេះរហូតអស់កល្បត ទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះ ចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» – នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។