អេសាយ (៥៦)

ភាគទីបី
ព្រះបន្ទូលសន្យា
ព្រះជាម្ចាស់ចាត់ទុកសាសន៍ដទៃជាប្រជារាស្ត្ររបស់ព្រះអង្គដែរ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ចូរប្រព្រឹត្តតាមយុត្តិធម៌
និងកាន់តាមសេចក្ដីសុចរិត
ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ
យើងក៏សំដែងសេចក្ដីសុចរិតរបស់យើងដែរ។
២ មនុស្សណាក៏ដោយអោយតែប្រព្រឹត្តដូច្នេះ
គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ
ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ
មុខជាមានសុភមង្គលមិនខាន!
៣ ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់
មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំ
ចេញពីប្រជាជនរបស់ព្រះអង្គ!”
រីឯមនុស្សកំរៀវក៏មិនត្រូវពោលថា
“ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។

៤ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
«បើមនុស្សកំរៀវណាគោរពថ្ងៃសប្ប័ទ*
បើគេសំរេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង
ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
៥ នោះយើងនឹងចារឈ្មោះគេទុក
នៅតាមជញ្ជាំងដំណាក់របស់យើង
យើងនឹងអោយគេមានកេរ្តិ៍ឈ្មោះល្បីជាង
កូនប្រុសកូនស្រីរបស់យើងទៅទៀត
ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ
គ្មាននរណាលុបបំបាត់បានឡើយ»។
៦ រីឯជនបរទេសដែលជាប់ចិត្តនឹងយើង
គោរពបំរើយើង ស្រឡាញ់នាមយើង
សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបំរើរបស់យើង
គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ
ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
៧ នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង
យើងធ្វើអោយគេរីករាយនៅក្នុង
ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន
យើងនឹងទទួលតង្វាយដុតទាំងមូល
ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក
ថ្វាយនៅលើអាសនៈរបស់យើង។
ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា
កន្លែងសំរាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។
៨ ព្រះជាអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែល
ដែលត្រូវនិរទេសអោយមកជួបជុំគ្នា
ព្រះអង្គមានព្រះបន្ទូលថា:
យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ
អោយមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ
ថែមទៀត។

ព្រះបន្ទូលបន្ទោសអ្នកបោះបង់ជំនឿ និងអ្នកថ្វាយបង្គំព្រះក្លែងក្លាយ
៩ សត្វស្រុក និងសត្វព្រៃទាំងអស់អើយ
ចូរនាំគ្នាមកស៊ីចំណី!
១០គ្រូអាចារ្យរបស់ជនជាតិអ៊ីស្រាអែល
សុទ្ធតែជាមនុស្សខ្វាក់ គេមិនយល់អ្វីទាំងអស់។
អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស
គឺចេះតែដេករវើរវាយ
និងចូលចិត្តងោកងុយ។
១១ អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី
ហើយមិនចេះស្កប់ស្កល់ទេ។
ពួកគេជាមេដឹកនាំ
តែមិនចេះគិតពិចារណាអ្វីទាំងអស់
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន
ហើយគិតតែពីស្វែងរកផលប្រយោជន៍
របស់ខ្លួនប៉ុណ្ណោះ។
១២ គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា
យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា!
ស្អែកក៏យើងផឹកទៀតដែរ
ព្រោះនៅសល់ស្រាច្រើនណាស់»។