អេសា (៥៥)

ព្រះអម្ចាស់ប្រោសប្រទានការសង្គ្រោះ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
អស់អ្នកដែលស្រេកទឹកអើយ
ចូរនាំគ្នាមករកទឹកឯណេះ!
ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ
ចូរមកហើយពិសាទៅ។
ចូរមកយកអាហារបរិភោគ
ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ
និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់
ឬបង់ថ្លៃអ្វីឡើយ!
២ ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ
អាហារដែលមិនអាចចិញ្ចឹមជីវិត
ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង
រកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ?
ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន
បរិភោគអាហារយ៉ាងឆ្ងាញ់
ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។
៣ ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង
ចូរត្រងត្រាប់ស្ដាប់
នោះអ្នករាល់គ្នានឹងមានជីវិត។
យើងនឹងចងសម្ពន្ធមេត្រីមួយដែល
នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា
ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង
ចំពោះដាវីឌ។
៤ យើងបានតែងតាំងដាវីឌ
អោយធ្វើជាសាក្សីរបស់យើង
នៅមុខកុលសម្ព័ន្ធទាំងអស់
ព្រមទាំងអោយធ្វើជាមគ្គទេសក៍
ដឹកនាំប្រជាជាតិទាំងឡាយ។
៥ អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ
ដែលអ្នកមិនស្គាល់ពីមុនអោយមក
ហើយប្រជាជាតិដែលមិនស្គាល់អ្នក
នឹងរត់មករកអ្នក
ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក
និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ប្រទានអោយអ្នកបានថ្កុំថ្កើងរុងរឿង។
៦ ចូរស្វែងរកព្រះអម្ចាស់
ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យ
អោយអ្នករាល់គ្នារកព្រះអង្គឃើញ
ចូរអង្វររកព្រះអង្គ
ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។
៧ មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន
មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ
អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ
ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន
អោយតែគេងាកមករកព្រះនៃយើងវិញ
ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ
អត់ទោសអោយគេ។

៨ ព្រះអម្ចាស់មានព្រះបន្ទូលថា:
គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា
រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី
របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។
៩ មេឃខ្ពស់ជាងផែនដីយ៉ាងណា
របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី
បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត
ហើយគំនិតរបស់យើងក៏ខុសប្លែកពី
គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
១០ ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក
ស្រោចស្រពផែនដី។
ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ
ដរាបណាទាល់តែបានធ្វើអោយដំណាំដុះឡើង
បង្កើតភោគផល ផ្ដល់ពូជសំរាប់អ្នកសាបព្រោះ
និងផ្ដល់អាហារអោយគេបរិភោគ។
១១ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ
គឺពាក្យដែលចេញពីមាត់របស់យើង
នឹងមិនវិលត្រឡប់មករកយើងវិញឡើយ
ដរាបណាទាល់តែបានសំរេច
តាមបំណងរបស់យើងជាមុនសិន
គឺបំពេញកិច្ចការដែលយើងចាត់អោយមកធ្វើរួចរាល់សព្វគ្រប់។
១២ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក
ប្រកបដោយអំណរសប្បាយ
យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។
ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ
ហើយរុក្ខជាតិនៅតាមវាល
ក៏នាំគ្នាអបអរសាទរដែរ។
១៣ ដើមកកោះនឹងដុះឡើងជំនួសបន្លា
ដើមចំប៉ីនឹងដុះជំនួសខ្ញែរ
ទុកជាទីសំគាល់ដែលឥតប្រែប្រួល
អោយមនុស្សម្នាដឹងឮរហូតតទៅថា
ព្រះអម្ចាស់បានធ្វើការនេះ។