អេសាយ (៥៣)

១ ប្រជាជនតបថា តើនរណាជឿ
សេចក្ដីដែលគេប្រាប់យើង?
តើព្រះអម្ចាស់បានសំដែងប្ញទ្ធិបារមី
ចំពោះនរណា?
២ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់
អ្នកបំរើប្រៀបបាននឹងពន្លកមួយ
ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។
លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ
គួរអោយចាប់អារម្មណ៍ឡើយ
ហើយលោកក៏គ្មានរូបរាងអ្វីគួរអោយ
ទាក់ទាញចិត្តយើងដែរ។
៣ លោកជាមនុស្សដែលត្រូវគេមើលងាយ
គ្មាននរណារាប់រក។
លោកជាមនុស្សស្គាល់តែការឈឺចាប់
ធ្លាប់តែរងទុក្ខវេទនា
លោកដូចមនុស្សដែលគេខ្ពើម
គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។
យើងបានមើលងាយលោក
ហើយមិនរាប់រកលោកឡើយ។
៤ តាមពិតលោកបានរងទុក្ខវេទនាជំនួសយើង
លោកទទួលយកការឈឺចាប់របស់យើង
មកដាក់លើខ្លួនលោក។
រីឯយើងវិញ យើងស្មានថា
ព្រះជាម្ចាស់បានដាក់ទោសលោក
ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។
៥ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ
ព្រោះតែការបះបោររបស់យើង
លោកត្រូវគេជាន់ឈ្លី
ព្រោះតែអំពើទុច្ចរិតរបស់យើង
លោកបានរងទារុណកម្ម
ដើម្បីអោយយើងទទួលសេចក្ដីសុខសាន្ត
ហើយដោយសារស្នាមរបួសរបស់លោក
យើងក៏បានជាសះស្បើយ។
៦ កាលពីមុនយើងទាំងអស់គ្នាសុទ្ធតែវង្វេង
ដូចចៀមដែលបែកចេញពីហ្វូង
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់
តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់
យើងទាំងអស់គ្នាទៅលើលោក។
៧ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន
មិនហើបមាត់ទាល់តែសោះ
ដូចកូនចៀមដែលគេដឹកទៅទីពិឃាត
ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម
លោកមិនបានហើបមាត់ទាល់តែសោះ។
៨ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស
ហើយនាំទៅសម្លាប់
គ្មាននរណារវីរវល់យកចិត្តទុកដាក់
នឹងពូជពង្សរបស់លោកឡើយ។
គេបានដកលោកចេញពីចំណោមមនុស្ស
ដែលរស់នៅលើផែនដីនេះ
លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត
ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។
៩ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ
ឬនិយាយបោកបញ្ឆោតនរណាក្ដី
ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល
និងក្នុងផ្នូររបស់អ្នកមាន។
១០ព្រះអម្ចាស់សព្វព្រះហឫទ័យអោយអ្នកបំរើ
របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។
ដោយលោកបានបូជាជីវិត
ធ្វើជាយញ្ញបូជាលោះបាបសំរាប់អ្នកដទៃ
ព្រះអង្គនឹងធ្វើអោយលោកមានពូជពង្ស
ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក
ហើយព្រះអម្ចាស់នឹងសំរេចតាមព្រះហឫទ័យ
របស់ព្រះអង្គតាមរយៈលោក។
១១ “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក
ជីវិតរបស់អ្នកបំរើនឹងមានពន្លឺ
មនុស្សជាច្រើននឹងទទួលស្គាល់
ចំណេះដឹងរបស់លោក។
អ្នកបំរើរបស់យើងសុចរិត
លោកក៏ប្រោសមហាជនអោយបានសុចរិត
ដោយទទួលយកកំហុសរបស់ពួកគេ។
១២ហេតុនេះហើយបានជាយើងប្រគល់
អោយលោកគ្រប់គ្រងលើមនុស្សជាច្រើន
លោកនឹងចែកជយភ័ណ្ឌរួមជាមួយ
ពួកកាន់អំណាច
ព្រោះលោកបានលះបង់អ្វីៗទាំងអស់
រហូតដល់បាត់បង់ជីវិត និងសុខចិត្តអោយ
គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ
ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់
មកដាក់លើខ្លួនលោក
ព្រមទាំងទូលអង្វរអោយមនុស្សបាបផង”។