អេសាយ (៥២)

ព្រះជាម្ចាស់នឹងលើកក្រុងយេរូសាឡឹមឡើងវិញ
១ ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង
ចូរក្រោកឡើងសំដែងឫទ្ធិ។
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ
ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់
ដ៏ល្អប្រណីត
ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ
នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
២ យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក
ចូរក្រោកមកអង្គុយនៅកន្លែងដើម
របស់អ្នកវិញ!
ក្រុងស៊ីយ៉ូន ដែលជាប់ជាឈ្លើយអើយ
ចូរស្រាយចំណងចេញពីកអ្នកទៅ!
៣ ព្រះអម្ចាស់ មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក អោយគេយកទៅធ្វើជាទាសករ ដោយមិនអោយគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ ៤ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា: ពីដំបូងប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ ៥ ឥឡូវនេះ តើយើងទទួលផលអ្វី? – នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ – គេយកប្រជាជនរបស់យើងទៅដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ – គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ ៦ ហេតុនេះនៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។

ដំណឹងល្អអំពីសេចក្ដីសុខសាន្ត
៧ អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎
គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត!
គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ
គេពោលមកកាន់ក្រុងស៊ីយ៉ូនថា
“ព្រះរបស់អ្នកសោយរាជ្យហើយ!”។
៨ នេះជាសំឡេងរបស់អ្នកយាមក្រុង!
ពួកគេបន្លឺសំឡេងឡើង
និងស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មក
ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។
៩ គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតព្រះអម្ចាស់សំរាលទុក្ខប្រជាជន
របស់ព្រះអង្គ
ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!
១០ព្រះអម្ចាស់សំដែងព្រះបារមីដ៏វិសុទ្ធ
របស់ព្រះអង្គអោយប្រជាជាតិទាំងអស់ឃើញ
មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី
នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
១១អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ
របស់ព្រះអម្ចាស់
ចូរនាំគ្នាចាកចេញពីទីនេះទៅ
កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ!
ចូរចាកចេញពីក្រុងបាប៊ីឡូននេះ
ហើយធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ!
១២អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ
ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា
ដើម្បីការពារអ្នក។
ទុក្ខលំបាកនៃអ្នកបំរើរបស់ព្រះអម្ចាស់

១៣ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកបំរើរបស់យើងនឹងបានចំរុងចំរើន
មានឋានៈខ្ពង់ខ្ពស់
និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
១៤កាលពីមុន ពេលមហាជនឃើញលោក
គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង
ព្រោះគេមើលមុខលោកលែងស្គាល់
លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
១៥តែឥឡូវនេះប្រជាជាតិជាច្រើនឃើញលោក
ហើយនាំគ្នាស្ងើចសរសើរ
ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់
ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍
ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់
ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ
ដែលគេមិនធ្លាប់ឮពីមុនមក។