អេសាយ (០៥)

ចំការ​ទំពាំងបាយជូរ​របស់​ព្រះអម្ចាស់
 ខ្ញុំ​សូម​ច្រៀង​បទ​មួយ
ក្នុង​នាម​មិត្ត​របស់​ខ្ញុំ
ជា​បទ​ចំរៀង​ស្ដី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ
និង​ចំការ​ទំពាំងបាយជូរ​របស់​គាត់។
មិត្ត​សម្លាញ់​របស់​ខ្ញុំ​មាន
ចំការ​ទំពាំងបាយជូរ​មួយ
នៅ​លើ​ជំរាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ
          គាត់​បាន​កាប់​គាស់​ដី​រើស​ដុំ​ថ្ម​ចេញ
ហើយ​ដាំ​ទំពាំងបាយជូរ ពូជ​ល្អ​បំផុត។
គាត់​បាន​សង់​ខ្ទម
និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ
នៅ​កណ្ដាល​ចំការ​នោះ
គាត់​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ តែ​ចំការ​នោះ
បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​មិន​ល្អ​ទៅ​វិញ។

          មិត្ត​របស់​ខ្ញុំ​ក៏​ពោល​ឡើង​ថា៖
អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​យូដា​អើយ
សូម​ជួយ​វិនិច្ឆ័យ​រឿង​ខ្ញុំ និង​ចំការ​ទំពាំងបាយជូរ​របស់​ខ្ញុំ​ផង។
  ខ្ញុំ​បាន​ធ្វើ​ការ​សព្វ​គ្រប់​ទាំង​អស់​ចំពោះ​ចំការ
នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?
ខ្ញុំ​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ទំពាំងបាយជូរ​ល្អ
តែ​ហេតុ​ដូច​ម្ដេច​បាន​ជា​ចំការ​ខ្ញុំ បង្កើត​សុទ្ធ​តែ
ផ្លែ​មិន​ល្អ​ទៅ​វិញ​ដូច្នេះ?។
៥  ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ដឹង
អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចំការ​នេះ
គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ អោយ​សត្វ​ចូល​ស៊ី​បំផ្លាញ
ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង អោយ​គេ​ចូល​ជាន់​ឈ្លី។
  ខ្ញុំ​បំផ្លាញ​វា​អោយ​ដូច​ចំការ​ដែល
គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែក
គ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ
គឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាសពេញ
ខ្ញុំ​នឹង​ហាម​ពពក​មិន​អោយ​បង្អុរ​ភ្លៀង
មក​លើ​ចំការ​នេះ​ត​ទៅ​ទៀត​ឡើយ។
          ចំការ​ទំពាំងបាយជូរ​របស់​ព្រះអម្ចាស់
នៃ​ពិភព​ទាំង​មូល គឺ​ប្រជាជាតិ​អ៊ីស្រាអែល
ដើម​ទំពាំងបាយជូរ​ដែល​ព្រះអង្គ​ស្រឡាញ់
គឺ​ប្រជាជន​យូដា។
ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង
ប្រព្រឹត្ត​អំពើ​យុត្តិធម៌
តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង
ប្រព្រឹត្ត​អំពើ​សុចរិត
តែ​ព្រះអង្គ​បែរ​ឮ​ស្នូរ​សំរែក
របស់​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់​ទៅ​វិញ។
ទុក្ខ​ទោស​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ
  អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ
មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង
ក៏​ត្រូវ​វេទនា​ដែរ!
ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង
លែង​មាន​ដី​ទៀត
ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់
តែ​ពួក​គេ​ប៉ុណ្ណោះ។
៩  ខ្ញុំ​បាន​ឮ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល

មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា:
ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់
ផ្ទះ​ដ៏​ស្កឹមស្កៃ​ទាំង​នេះ
នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។
១០ ចំការ​ទំពាំងបាយជូរ​បី​ហិកតា
នឹង​អោយ​ផល​បាន​ត្រឹម​តែ​ស្រា​ហាសិប​លីត្រ
ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ
បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។
១១ អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម
ស្វែង​រក​ស្រា​ខ្លាំង
ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
១២ ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ
ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី
ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ
ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល

ព្រះអម្ចាស់​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា
ព្រះអង្គ​កំពុង​សំរេច​ការ​អ្វី​ទេ។
១៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ
ប្រជារាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ
ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។
អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ
ប្រជាជន​តូចតាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។
១៤ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់លៀង​សប្បាយ
មច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំ
លេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជាជន​តូចតាច
នៅ​ក្រុង​យេរូសាឡឹម។
១៥ មនុស្ស​លោក​នឹង​ត្រូវ​អាប់​អោន
គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី
មនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។
១៦ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សំដែង
ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ
ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ
ព្រះ​ដ៏វិសុទ្ធ​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ
ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។
១៧ ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែក
ដូច​នៅ​តាម​វាល​ស្មៅ
ហើយ​ពពែ​ដែល​គេ​បំប៉ន
ក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។
១៨ អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាប
ដូច​គោ​ខំ​ប្រឹង​ទាញ​រទេះ
មុខ​ជា​ត្រូវ​វេទនា​ពុំខាន
ព្រោះ​គេ​នឹង​ទទួល​ទោស
តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
១៩ ពួក​គេ​ពោល​ថា «សូម​ព្រះអម្ចាស់​បំពេញ
កិច្ចការ​របស់​ព្រះអង្គ​អោយ​ឆាប់ៗ​ទៅ
ដើម្បី​អោយ​យើង​បាន​ឃើញ​ផង!
សូម​អោយ​គំរោងការ​របស់​ព្រះ​ដ៏វិសុទ្ធ
នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​សំរេច​ឆាប់ៗ
ដើម្បី​អោយ​យើង​បាន​ស្គាល់​ផង!»។
២០ អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អ
ហៅ​អំពើ​ល្អ​ថា​អាក្រក់
ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺ
ចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹត
ហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ជា​ការ​សប្បាយ
ចាត់​ទុក​ការ​សប្បាយ​ថា​ជា​ការ​ជូរ​ចត់
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
២១ អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា
ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
២២ អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រា
ហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំង
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
២៣ពួក​គេ​ទទួល​សំណូក
ហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោស
និង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។
២៤ហេតុ​នេះ​ពួក​គេ​នឹង​រលួយ​ទាំង​ឫស
ផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដី
ដូច​អណ្ដាត​ភ្លើង​ឆាបឆេះ​ស្បូវ
ឬ​ដូច​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរ
ដ្បិត​ពួក​គេ​បោះ​បង់​ចោល​ការ​ប្រៀនប្រដៅ
របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ហើយ​មាក់​ងាយ​ព្រះបន្ទូល​របស់
ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។
២៥ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ទ្រង់
ព្រះពិរោធ​ទាស់​នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ព្រះអង្គ​លើក​ព្រះហស្ដ វាយ​ប្រហារ​ពួក​គេ
ពេល​នោះ ភ្នំ​ទាំងឡាយ​នឹង​ត្រូវ​រង្គើ
ហើយ​នឹង​មាន​សាកសព​ដូច​ជា​សំរាម
នៅ​ពាសពេញ​តាម​ដង​ផ្លូវ។      
ទោះ​បី​យ៉ាង​នេះ​ក្ដី ព្រះពិរោធ​របស់
ព្រះអង្គ​នៅ​តែ​មិន​ស្ងប់​ដែរ
ព្រះអង្គ​លើក​ព្រះហស្ដ​គំរាម​ពួក​គេ​ដដែល។
២៦ព្រះអង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជាជាតិ
ដែល​នៅ​ឆ្ងាយៗ
ព្រះអង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេ
ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី
ពួក​គេ​ក៏​នាំ​គ្នា​រូតរះ​មក​យ៉ាង​ឆាប់​រហ័ស។
២៧ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយហត់
គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង
ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោកងុយ
ឬ​ដេក​លង់លក់​ដែរ។
គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ
ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។
២៨ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជានិច្ច
ធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេច
ក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើប
កង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួច។
២៩សំរែក​របស់​គេ​ប្រៀប​បាន​នឹង​សំរែក​សត្វ​សិង្ហ
គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម
ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ
អោយ​រួច​បាន​ឡើយ។
៣០ក៏​ប៉ុន្តែ នៅ​គ្រា​នោះ​នឹង​មាន​ឮ​សន្ធឹក
ដូច​ស្នូរ​សមុទ្រ​បក់​បោក​មក​លើ​ប្រជាជាតិ​នេះ។
ពេល​ក្រឡេក​មើល​ស្រុក​នោះ
គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់
ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ
អោយ​ប្រែ​ទៅ​ជា​ងងឹត​វិញ។