អេសាយ (៤៩)

អ្នកបំរើព្រះអម្ចាស់ ជាពន្លឺរបស់ប្រជាជាតិនានា
១ ម្នាលអ្នកកោះទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ខ្ញុំ!
ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ!
ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ!
ព្រះអម្ចាស់ត្រាស់ហៅខ្ញុំ
តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ
ព្រះអង្គក៏ហៅចំឈ្មោះខ្ញុំ
តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។
២ ព្រះអង្គបានប្រទានអោយមាត់ខ្ញុំមុតដូចដាវ
ព្រះអង្គលាតព្រះហស្ដការពារខ្ញុំ។
ព្រះអង្គធ្វើអោយខ្ញុំទៅជាព្រួញមួយស្រួច
ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។

៣ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:
អ៊ីស្រាអែលអើយ អ្នកជាអ្នកបំរើរបស់យើង
យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង
តាមរយៈអ្នក។
៤ រីឯខ្ញុំវិញ ខ្ញុំគិតថាខ្ញុំខំប្រឹងធ្វើការ
តែបែរជាឥតអំពើ
ខ្ញុំខាតកម្លាំងជាអសារបង់
ហើយគ្មានបានការអ្វីឡើយ។
ប៉ុន្តែ តាមពិត ព្រះអម្ចាស់នៅតែរកយុត្តិធម៌អោយខ្ញុំ
ព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
៥ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ
ព្រះអង្គបានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ
អោយធ្វើជាអ្នកបំរើរបស់ព្រះអង្គ
ដើម្បីណែនាំកូនចៅលោកយ៉ាកុប
អោយវិលត្រឡប់មករកព្រះអង្គ និងប្រមូល
ប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។
ហេតុនេះហើយបានជាព្រះអម្ចាស់ចាត់ទុកខ្ញុំ
ថាជាមនុស្សថ្លៃថ្នូរ
ហើយព្រះនៃខ្ញុំ ពិតជាកម្លាំងរបស់ខ្ញុំមែន។

៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:
អ្នកមិនគ្រាន់តែជាអ្នកបំរើ
ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ
របស់លោកយ៉ាកុបអោយងើបឡើង
និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់
អោយវិលមកវិញប៉ុណ្ណោះទេ
គឺយើងតែងតាំងអ្នកអោយធ្វើជាពន្លឺ
សំរាប់បំភ្លឺប្រជាជាតិទាំងឡាយ
ហើយនាំការសង្គ្រោះរបស់យើង
រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
៧ ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ
និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល
ទ្រង់មានព្រះបន្ទូលមកកាន់
អ្នកដែលគេមើលងាយ
និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម
ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក

ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា:
ពេលស្ដេចទាំងឡាយឃើញអ្នក
គេនឹងនាំគ្នាក្រោកឈរឡើងដើម្បីគោរព
ពេលពួកមេដឹកនាំឃើញអ្នក
គេនឹងនាំគ្នាក្រាបថ្វាយបង្គំ
គេធ្វើដូច្នេះដោយយល់ដល់ព្រះអម្ចាស់
ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ
ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលបានជ្រើសរើសអ្នក។

៨ ព្រះអម្ចាស់មានព្រះបន្ទូលថា:
នៅគ្រាដែលយើងគាប់ចិត្ត
យើងបានឆ្លើយតបមកអ្នក
ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ
យើងក៏បានជួយអ្នក។
យើងបានញែកអ្នកអោយនៅដាច់ឡែកពីគេ
ដើម្បីធ្វើជាសម្ពន្ធមេត្រីសំរាប់ប្រជាជន។
យើងនឹងស្ដារស្រុកទេសឡើងវិញ
យើងចែកដីដែលគេបានបោះបង់ចោល
អោយប្រជាជន
៩ ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!”
រួចប្រាប់អស់អ្នកនៅទីងងឹតថា
“ចូរបង្ហាញខ្លួនមក!”
ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត
ដូចចៀមស៊ីស្មៅនៅតាមផ្លូវ
និងស្វែងរកអាហារ តាមវាលស្មៅ
នៅលើកំពូលភ្នំ។
១០ពួកគេលែងស្រេកឃ្លានទៀតហើយ
ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ
ដ្បិតព្រះដែលមានព្រះហឫទ័យ
មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ
ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
១១យើងនឹងពង្រាបភ្នំទាំងអស់អោយទៅជាផ្លូវ
ហើយលើកថ្នល់ទាំងប៉ុន្មានអោយខ្ពស់ឡើង
សំរាប់ប្រជាជនរបស់យើង។
១២ មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់
អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច
អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។
១៣ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ!
ផែនដីអើយ ចូរត្រេកអរសប្បាយ!
ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ!
ដ្បិតព្រះអម្ចាស់សំរាលទុក្ខ
ប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ
ដែលរងទុក្ខវេទនា។
១៤ក្រុងស៊ីយ៉ូនតែងពោលថា
ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល
ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។
១៥តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន
ដែលនៅបៅបានឬ?
តើម្ដាយលែងអាណិតមេត្តាកូនដែល
កើតចេញពីផ្ទៃរបស់ខ្លួនបានឬ?
ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ
ចំណែកឯយើងវិញ
យើងមិនអាចភ្លេចអ្នកបានឡើយ!
១៦ យើងបានចារឈ្មោះអ្នក
នៅលើបាតដៃរបស់យើង
ហើយយើងតែងតែនឹកគិតដល់កំពែង
របស់អ្នកជានិច្ច។
១៧ប្រជាជនដែលនឹងសង់អ្នកឡើងវិញ
កំពុងតែរូតរះធ្វើដំណើរមក
រីឯសត្រូវដែលបានកំទេច និងបំផ្លាញអ្នក
នឹងចាកចេញឆ្ងាយពីអ្នក។
១៨ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ
កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ
គេនាំគ្នាមករកអ្នក។
យើងសន្យាថាពិតជាកើតមានដូច្នោះមែន!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ
សំរាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន
នៅពេលរៀបមង្គលការ។
១៩ក្រុងដែលគេបំផ្លាញចោលអោយនៅស្ងាត់ជ្រងំ
ហើយមានតែគំនរបាក់បែកនេះ
មុខជាមានប្រជាជនមករស់នៅកកកុញ
ឥតសល់កន្លែងទំនេរឡើយ
រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន
នឹងចាកចេញឆ្ងាយពីទីនេះ។
២០អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយ
តែឥឡូវនេះអ្នកបែរជាឮកូនៗនិយាយថា
“ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅ
ទុកកន្លែងអោយខ្ញុំនៅផង!”។
២១ពេលនោះ អ្នកនឹងរិះគិតថា
តើនរណាបានបង្កើតកូនចៅអោយខ្ញុំ
ដ្បិតពីមុនខ្ញុំបាត់បង់កូនអស់ហើយ
ខ្ញុំពុំអាចបង្កើតកូនបានទៀតឡើយ។
ខ្ញុំត្រូវគេជន្លៀសអោយទៅនៅដាច់ឡែក
ដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ?
ខ្ញុំនៅឯកោតែម្នាក់ឯង
ចុះអ្នកទាំងនេះមកពីណា?
២២ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា
យើងលើកទង់របស់យើងឡើង
អោយប្រជាជនទាំងឡាយឃើញ
គេនឹងបីកូនប្រុសៗរបស់អ្នក
ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា
នាំត្រឡប់មកវិញ។
២៣គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច
ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី
ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក
អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។
ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់
អស់អ្នកដែលផ្ញើជីវិតលើយើង
នឹងមិនខកចិត្តឡើយ។
២៤អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកហើយ
តើនរណាអាចដណ្ដើមយកមកវិញបាន?
រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ
តើនរណាអាចរំដោះបាន?

២៥ព្រះអម្ចាស់មានព្រះបន្ទូលថា:
ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញ
រឹបអូសយកទៅ
មុខជាត្រូវដណ្ដើមយកមកវិញបាន
រីឯមនុស្សដែលជនកំណាចចាប់យកទៅ
ក៏នឹងត្រូវរំដោះរួចចេញមកវិញបានដែរ។
យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក
ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
២៦យើងនឹងអោយពួកសង្កត់សង្កិនអ្នក
ស៊ីសាច់ខ្លួនឯង
ហើយអោយគេស្រវឹងនឹងហុតឈាមរបស់ខ្លួន
ដូចផឹកស្រាថ្មី។
ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា
យើងនេះហើយជាព្រះអម្ចាស់
ដែលសង្គ្រោះ និងលោះអ្នក
យើងជាព្រះរបស់យ៉ាកុប
ជាព្រះប្រកបដោយឫទ្ធានុភាព។