អេសាយ (៤៥)

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ
ស្ដេច​ស៊ីរូស​ដែល​ព្រះអង្គ​បាន
ចាក់​ប្រេង​អភិសេក​នោះ​ថា៖
«យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក
យើង​បង្ក្រាប​ប្រជាជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក
ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំងឡាយ
ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក
រហូត​ត​រៀង​ទៅ។
 យើង​នឹង​ដើរ​នៅ​មុខ​អ្នក
យើង​នឹង​ពង្រាប​កន្លែង​រដិបរដុប​អោយ​រាប​ស្មើ
យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំងឡាយ
ព្រម​ទាំង​កំទេច​រនុក​ដែក​អោយ​ខ្ទេច​ផង។
 យើង​នឹង​ប្រគល់​មាស​ប្រាក់
ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​អោយ​អ្នក
ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល
គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​អោយ​អ្នក​ដែរ។
ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះអម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល
ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។
 យើង​ហៅ​អ្នក​ចំ​ឈ្មោះ
ព្រម​ទាំង​ប្រគល់​តំណែង​ដ៏​ខ្ពង់ខ្ពស់​អោយ​អ្នក
ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ
ព្រោះ​យើង​អាណិត​កូន​ចៅ​របស់​យ៉ាកុប
ជា​អ្នក​បំរើ​របស់​យើង
គឺ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​យើង​បាន​ជ្រើស​រើស។
  យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ
ក្រៅ​ពី​យើង គ្មាន​ព្រះជាម្ចាស់​ណា​ទេ
ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី
ក៏​យើង​បាន​ប្រគល់​អោយ​អ្នក​មាន​ឫទ្ធិ​អំណាច
 ដើម្បី​អោយ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល
តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច
ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង
ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។
យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។
 យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត
យើង​ធ្វើ​អោយ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា
គឺ​យើង​នេះ​ហើយ​ជាព្រះអម្ចាស់
ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។
 ចូរ​អោយ​ផ្ទៃ​មេឃ​សំរក់​សេចក្ដី​សុចរិត​ចុះ​មក
ដូច​ទឹក​សន្សើម
ចូរ​អោយ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មក
ដូច​ទឹក​ភ្លៀង
ចូរ​អោយ​ផែនដី​បើក​ចំហ
ដើម្បី​អោយ​ការ​សង្គ្រោះ​រីក​ចំរើន​ឡើង
និង​អោយ​សេចក្ដី​សុចរិត
ពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។
យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
ដែល​បាន​បង្កើត​អ្នក​នោះ​មក»។
 អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន
អ្នក​នោះ​មុខ​ជា​វេទនា​ពុំខាន!
អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។
មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន
ដែល​កំពុង​តែ​សូន​ខ្លួន​ថា
តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង!
ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!
១០ អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា
“ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក”
អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន។
១១រីឯ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់
ជន​ជាតិ​អ៊ីស្រាអែល
ជា​ព្រះ​ដែល​បាន​បង្កើត​ជន​ជាតិ​នេះ​មក
ទ្រង់​មាន​ព្រះបន្ទូល​ថា
“តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង
អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ
នៅ​ពេល​អនាគត សំរាប់​កូន​ចៅ​របស់​យើង​ឬ?
អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ
ដែល​យើង​ត្រូវ​ធ្វើ​ឬ?
១២យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី
ព្រម​ទាំង​បាន​បង្កើត​មនុស្ស​អោយ​រស់
នៅ​លើ​ផែនដី​នេះ​ផង
យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ដោយ​ដៃ​របស់​យើង​ផ្ទាល់
ហើយ​យើង​ក៏​បញ្ជា​ហ្វូងតារា​ទាំង​ប៉ុន្មាន
នៅ​លើ​មេឃ​ដែរ”។
១៣ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា
“យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើង
តាម​សេចក្ដី​សុចរិត​របស់​យើង
យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​អោយ​ស្ដេច​នោះ។
ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ
ព្រម​ទាំង​បើក​អោយ​ប្រជាជន​របស់​យើង
ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញ
ដោយ​មិន​បាច់​បង់​ពិន័យ
ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។

១៤ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
សម្បត្តិ​របស់​ស្រុក​អេស៊ីប
និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូពី
រីឯ​ប្រជាជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា
នឹង​ឆ្លង​កាត់​តាម​អ្នក
ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។
ប្រជាជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក
ទាំង​ជាប់​ច្រវាក់
គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក

ហើយ​ប្រកាស​ប្រាប់​អ្នក​ថា:
“ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន
ក្រៅ​ពី​ព្រះអង្គ​គ្មាន​ព្រះ​ណា​ទៀត​ទេ
ដ្បិត​ព្រះ​ទាំងឡាយ សុទ្ធ​តែ​ឥត​បាន​ការ។
១៥ឱ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល
ដែល​ជា​ព្រះសង្គ្រោះ​អើយ
មនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះអង្គ​ណាស់!
១៦អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមា
ត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នា
ពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។
១៧ ចំណែក​ឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ
គេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះអម្ចាស់
ព្រះអង្គ​សង្គ្រោះ​គេ​អស់កល្ប​ជានិច្ច។
អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។
១៨ ព្រះអម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ
ព្រម​ទាំង​បាន​សូន​ផែនដី
ព្រះអង្គ​បាន​ពង្រឹង​ផែនដី​អោយ​រឹងមាំ
ព្រះអង្គ​មិន​បាន​បង្កើត​ផែនដី​មក
ដើម្បី​អោយ​នៅ​ទទេ​ឡើយ
គឺ​ព្រះអង្គ​បាន​បង្កើត​ផែនដី
អោយ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។

ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:
“គឺ​យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
ក្រៅ​ពី​យើង​គ្មាន​ព្រះអម្ចាស់​ឯ​ណា​ទៀត​ទេ។
១៩យើង​មិន​ដែល​និយាយ​ដោយ​លាក់លៀម
ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។
យើង​ក៏​មិន​ដែល​ប្រាប់​ពូជពង្ស​របស់​យ៉ាកុប
អោយ​ស្វែង​រក​យើង នៅ​កន្លែង
ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។
យើង​ជា​ព្រះអម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ
អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។
២០អ្នក​សេសសល់​ពី​ប្រជាជាតិ​នានា​អើយ
ចូរ​ប្រមែប្រមូល​គ្នា​មក
ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។
អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ
ហើយ​បួងសួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះ
សុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។
២១ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្ដុតាង​មក​មើល
ចូរ​ពិភាក្សា​គ្នា​ទៅ។
តាំង​ពី​បុរាណ​កាល​មក
តើ​នរណា​បាន​ប្រាប់​ទុក​ជា​មុន
នូវ​ហេតុការណ៍​ទាំង​អំបាលម៉ាន
ដែល​កើត​មាន​នៅ​ពេល​នេះ?
គឺ​មាន​តែ​យើង​ដែល​ជា​ព្រះអម្ចាស់​ប៉ុណ្ណោះ
ដែល​បាន​ប្រាប់​ជា​មុន
ក្រៅ​ពី​យើង​គ្មាន​ព្រះជាម្ចាស់​ណា​ទៀត​ទេ។
យើង​ជា​ព្រះ​ដ៏​សុចរិត និង​ជា​ព្រះសង្គ្រោះ
ក្រៅ​ពី​យើង​គ្មាន​ព្រះសង្គ្រោះ​ដ៏​សុចរិត
ណា​ទៀត​ឡើយ។ ២២អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ
ចូរ​នាំ​គ្នា​បែរ​មក​រក​យើង
យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា
ដ្បិត​យើង​ជា​ព្រះជាម្ចាស់
ក្រៅ​ពី​យើង​គ្មាន​ព្រះជាម្ចាស់​ណា​ទៀត​ទេ។
២៣អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក
សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ
មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។
យើង​សុំ​ប្រកាស​យ៉ាង​ឱឡារិក
ក្នុង​នាម​យើង​ផ្ទាល់​ថា
មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយបង្គំ​យើង
ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា
នឹង​គោរព​បំរើ​យើង​ដោយ​ស្មោះ។
២៤គេ​នឹង​ពោល​ថា
មាន​តែ​ព្រះអម្ចាស់​មួយ​ព្រះអង្គ​ទេ ដែល​មាន
ព្រះហឫទ័យ​ស្មោះស្ម័គ្រ និង​មាន​ព្រះចេស្ដា។
រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ព្រះអង្គ
នឹង​មក​រក​ព្រះអង្គ​ទាំង​អាម៉ាស់។
២៥ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​នឹង​បាន​សុចរិត
ហើយ​ខ្ពស់​មុខ​ដោយសារ​ព្រះអម្ចាស់។