អេសាយ (៤០)

ភាគទីពីរ
ព្រះអម្ចាស់សំរាលទុក្ខជនជាតិអ៊ីស្រាអែល
សេចក្ដីប្រកាសស្ដីអំពីការសង្គ្រោះ
១ ព្រះរបស់អ្នករាល់គ្នា
មានព្រះបន្ទូលថា៖
«ចូរជួយសំរាលទុក្ខប្រជាជនរបស់យើង
កុំបង្អង់ឡើយ!
២ ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម
ហើយប្រកាសប្រាប់គេថា
ពេលវេលាដែលខ្មាំងបង្ខំអោយគេធ្វើការ
យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ!
គេរងទុក្ខទោសគ្រប់គ្រាន់ហើយ!
ព្រះអម្ចាស់បានដាក់ទោសគេ
ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត
ហើយគេក៏បានរងទុក្ខទោសនោះ
មួយទ្វេជាពីរដែរ!»។
៣ មានសំឡេងមួយស្រែកថា៖
«នៅវាលរហោស្ថាន
ចូរបើកផ្លូវថ្វាយព្រះអម្ចាស់
ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង
៤ ត្រូវបំពេញច្រកភ្នំទាំងឡាយ
ហើយពង្រាបភ្នំតូច ភ្នំធំទាំងប៉ុន្មានអោយរាប
កន្លែងណាមានដីខ្ពស់ទាប
ត្រូវធ្វើអោយទៅជាវាលរាបស្មើ
កន្លែងណារដិបរដុបក៏ត្រូវពង្រាប
អោយស្មើផងដែរ។
៥ ពេលនោះ ព្រះអម្ចាស់នឹងសំដែងសិរីរុងរឿង
អោយមនុស្សលោកឃើញក្នុងពេលជាមួយគ្នា
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។
៦ មានសំឡេងមួយបង្គាប់ថា៖
«ចូរស្រែកប្រកាសចុះ!»
សំឡេងមួយទៀតសួរថា៖
«តើអោយខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។
«មនុស្សលោកប្រៀបដូចជាស្មៅ
រីឯអំពើល្អទាំងប៉ុន្មានរបស់គេ
ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
៧ នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។
ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។
៨ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន
ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង
នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
៩ ក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ
ចូរឡើងទៅលើភ្នំខ្ពស់!
ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ
ចូរស្រែកអោយអស់ទំហឹង កុំខ្លាចអ្វីឡើយ!
ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា:
មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
១០មើលហ្ន៎ ព្រះជាអម្ចាស់យាងមក
ប្រកបដោយឫទ្ធានុភាព
ព្រះអង្គយាងមកប្រកបដោយព្រះបារមី
ដើម្បីគ្រងរាជ្យ។
ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះមកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។
១១ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ
ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។
ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម
ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា
ហើយព្រះអង្គថែទាំមេចៀម
ដែលកំពុងបំបៅកូនផងដែរ។
គ្មាននរណាផ្ទឹមស្មើនឹងព្រះជាម្ចាស់បានឡើយ
១២តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់
ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ?
តើនរណាយករង្វាល់មកវាល់ធូលី
ហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
១៣តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់
តើនរណាធ្វើជាទីប្រឹក្សា ជួយគំនិតព្រះអង្គ?
១៤តើព្រះអង្គបានសុំនរណាអោយធ្វើជាទីប្រឹក្សា
ដើម្បីថ្វាយយោបល់ព្រះអង្គ?
តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត?
តើនរណាបង្រៀនព្រះអង្គអោយស្គាល់ប្រាជ្ញា
ហើយណែនាំព្រះអង្គអោយស្គាល់មាគ៌ា
នៃបញ្ញាឈ្លាសវៃ?
១៥ប្រជាជាតិទាំងឡាយប្រៀបដូចជា
ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង
ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។
កោះទាំងឡាយប្រៀបបាននឹងធូលីដី
ដែលផាត់ទៅតាមខ្យល់។
១៦ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម
សំរាប់ធ្វើជាអុស
ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន
ល្មមសំរាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។
១៧នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ
ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ
គឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍
និងឥតបានការទៅទៀត។
១៨ តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់
ទៅនឹងព្រះណា?
តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
១៩អ្នករាល់គ្នាប្រដូចព្រះអង្គទៅនឹង
ព្រះក្លែងក្លាយឬ?
ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ
ជាងមាសយកមាសមកស្រោបរូបនោះ
ព្រមទាំងធ្វើខ្សែកប្រាក់ពាក់អោយទៀតផង។
២០រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់
គេជ្រើសរើសយកឈើខ្លឹម
ហើយរកជាងមួយរូបដ៏ចំណាន
អោយឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។
២១តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ?
តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ?
តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា
តាំងពីដើមដំបូងមកទេឬ?
តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់
ផែនដីនេះទេឬ?
២២ព្រះអង្គដែលគង់នៅពីលើលំហអាកាស
ទ្រង់ទតមើលមនុស្សនៅលើផែនដី
ឃើញមនុស្សដូចសត្វស្រមោច
ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ
ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង
ព្រះអង្គដំឡើងផ្ទៃមេឃ ធ្វើជាព្រះដំណាក់
ដូចដំឡើងព្រះពន្លា។
២៣ព្រះអង្គបានធ្វើអោយមេដឹកនាំទាំងឡាយ
ទៅជាឥតប្រយោជន៍
ព្រះអង្គធ្វើអោយអ្នកកាន់អំណាចទាំងប៉ុន្មាន
នៅលើផែនដីទៅជាឥតបានការ។
២៤អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ
ទោះបីលូតលាស់ ឬមិនលូតលាស់
ចាក់ឫស ឬមិនចាក់ឫសក្ដី
ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ
ក៏ស្វិតក្រៀមអស់
រួចត្រូវខ្យល់កួចយកបាត់ទៅដូចកំទេចចំបើង។
២៥ ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖
តើអ្នករាល់គ្នាប្រៀបប្រដូចយើង
ទៅនឹងនរណា?
តើនរណាអាចស្មើនឹងយើងបាន?។
២៦ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ!
តើនរណាបានបង្កើតផ្កាយទាំងនោះ?
គឺព្រះអម្ចាស់ ដែលបានហៅហ្វូងតារា ទាំងនោះ
អោយរះឡើង ផ្ដុំគ្នាជាកងទ័ព
ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។
ដោយសារមហិទ្ធិឫទ្ធិ
និងព្រះចេស្ដាដ៏ខ្លាំងពូកែ
ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
២៧ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ!
ម្នាលប្រជាជនអ៊ីស្រាអែលអើយ!
ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖
ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ
ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌
អោយខ្ញុំឡើយ។
២៨តើអ្នកមិនធ្លាប់ដឹងទេឬ?
តើអ្នកមិនធ្លាប់ឮទេឬថា
ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច
បានបង្កើតផែនដីទាំងមូល?
ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង
រីឯព្រះតម្រិះរបស់ព្រះអង្គ
ក៏គ្មាននរណាអាចស្ទង់បានដែរ។
២៩ព្រះអង្គប្រទានកម្លាំងពលំ
ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។
៣០ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង
ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ
៣១រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់
តែងតែមានកម្លាំងថ្មីជានិច្ច
ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ
គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់
ហើយដើរដោយមិនចេះអស់កម្លាំង។