អេសាយ (៣៩)

ព្រះបាទ​អេសេខ្យាស​ទទួល​ទូត​របស់​ស្រុក​បាប៊ីឡូន
(២​ពង្សាវតារក្សត្រ ២០:១២-១៩)
 នៅ​គ្រា​នោះ​ស្ដេច​ស្រុក​ បាប៊ីឡូន គឺ​ព្រះចៅ​មេរ៉ូដាក-បាឡាដន ​ជា​បុត្រ​របស់​ព្រះចៅ​បាឡាដន បាន​ផ្ញើ​រាជសារ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​អេសេខ្យាស ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះបាទ​អេសេខ្យាស​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។  ព្រះបាទ​អេសេខ្យាសមាន​ព្រះហឫទ័យ​រីករាយ​ណាស់ ស្ដេច​នាំ​រាជទូត​របស់​ស្រុក​បាប៊ីឡូន​ទៅ​ទស្សនា កន្លែង​ដែល​ស្ដេច​ទុក​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វាវុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះបាទ​អេសេខ្យាស​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជវាំង និង​ក្នុង​នគរ​អោយ​រាជទូត​របស់​ស្ដេច​បាប៊ីឡូន ឃើញ​ឥត​មាន​ចន្លោះ​អ្វី​ឡើយ។

 បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះបាទ​អេសេខ្យាស​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះបាទ​អេសេខ្យាស​មាន​រាជឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ីឡូន»។ លោក​អេសាយ​សួរ​ព្រះបាទ​ អេសេខ្យាស​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះបរមរាជ​វាំង?»។ ព្រះបាទ​អេសេខ្យាស​តប​វិញ​ថា៖ «ពួក​គេ​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ អោយ​ពួក​គេ​ឃើញ​ឥត​មាន​លាក់លៀម​អ្វី​ឡើយ»។

 ពេល​នោះ លោក​អេសាយ​ទូល​ព្រះបាទ​អេសេខ្យាស​ថា៖ «សូម​ព្រះករុណា​ទ្រង់​សណ្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ដូច​ត​ទៅ: ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា “នៅ​គ្រា​ខាង​មុខ​រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​អ្នក និង​ភោគ​សម្បត្តិ​ដែល​អយ្យកោ​របស់​អ្នក​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន ឥត​មាន​សេសសល់​អ្វី​ឡើយ។  គេ​ក៏​នាំ​រាជវង្សានុវង្ស​របស់​អ្នក យក​ទៅ​ធ្វើ​ជា​មហាត​លិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ដែរ”»។  ព្រះ​បាទ​អេសេខ្យាស​មាន​រាជឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដែល​លោក​ថ្លែង​នេះ​ល្អ​ហើយ» ដ្បិត​ព្រះរាជា​គិត​ថា «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត យើង​នឹង​រស់​នៅ​ដោយ​សន្តិភាព និង​សុខសាន្តត្រាណ»។