អេសាយ (៣៧)

ព្រះបាទ​អេសេខ្យាស​សួរ​យោបល់​ព្យាការី​អេសាយ
(២​ពង្សាវតារក្សត្រ ១៩:១-៧)
 កាល​ព្រះបាទ​អេសេខ្យាស​ទទួល​ដំណឹង​នេះ ស្ដេច​ហែក​ព្រះភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ព្រះរាជា​ចាត់​លោក​ អេលីយ៉ាគីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរមរាជវាំង និង​លោក​សិបណា​ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជាចារ្យ​ចាស់ៗ​ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា អោយ​ទៅ​ជួប​ព្យាការី​អេសាយ​ជា​កូន​របស់​លោក​អម៉ុស។ ពួក​គេ​ជំរាប​លោក​ដូច​ត​ ទៅ៖ «ព្រះបាទ​អេសេខ្យាស​មាន​រាជឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​អាសន្ន ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌកម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​ទេ។ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេទ័ព អោយ​មក​ជេរ​ប្រមាថ​ព្រះអម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ ប្រហែល​ជា​ព្រះអម្ចាស់ជា ​ព្រះ​របស់​លោក ឮ​ពាក្យ​របស់​មេទ័ព​នោះ​ដែរ ហើយ​ព្រះអង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​ឮ។ ហេតុ​នេះ​សូម​ទូលអង្វរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​មេត្តា ប្រណី​ដល់​ប្រជាជន​ដែល​នៅ​សេសសល់​នេះ​ផង»។

 មន្ត្រី​របស់​ព្រះបាទ​អេសេខ្យាស​នាំ​គ្នា​ទៅ​ជួប​លោក​អេសាយ ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះករុណា​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី ប្រមាថ​មាក់ងាយ​យើង​នោះ​ឡើយ។  បន្តិច​ទៀត​ស្ដេច​ស្រុក​ អាស្ស៊ីរី​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​អោយ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់ ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។

ការ​គំរាម​កំហែង​សា​ជា​ថ្មី​ពី​សំណាក់​ស្ដេច​សេណាខេរីប
(២​ពង្សាវតារក្សត្រ ១៩:៨-១៣)
 មេទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ស្ដេច​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស ទៅ​វាយ​យក​ក្រុង​លីបណា។ ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កងទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះចៅ​ទីរ៉ាកា ជា​ជន​ជាតិ​អេត្យូពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ ​អោយ​ទៅ​ជួប​ព្រះបាទ​អេសេខ្យាស​ដោយ​​ផ្ដាំ​ថា៖ ១០ «ចូរ​ប្រាប់​ព្រះបាទ​ អេសេខ្យាសជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​អោយ​ព្រះ​របស់​ព្រះករុណា គឺ​ព្រះ​ដែល​ព្រះករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះករុណា​ដោយ​អះអាង​ថា ក្រុង​យេរូសាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ អាស្ស៊ីរី​ទេ”។ ១១ ព្រះករុណា​ជ្រាប​ស្រាប់ ​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ព្រះករុណា​វិញ តើ​ព្រះករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?១២ ពេល​អយ្យកោ​របស់​យើង​ កំទេច​នគរ​កូសាន ហារ៉ាន រ៉េតសេប និង​ក្រុង​របស់​ពួក​អេដែន​នៅ​ស្រុក​តេឡាសារគ្មាន​ព្រះ​ណា​មួយ​របស់​ប្រជាជាតិ​ទាំង​នោះ រំដោះ​ពួក​គេ​ឡើយ។ ១៣ រីឯ​ស្ដេច​ទាំងឡាយ​របស់​ក្រុង​ហាម៉ាត ក្រុង​អារប៉ាដ ក្រុង​សេផារវ៉ាអ៊ីម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

ពាក្យ​អធិស្ឋាន​របស់​ព្រះបាទ​អេសេខ្យាស
(២​ពង្សាវតារក្សត្រ ១៩:១៤-៣៧)
១៤ ព្រះបាទ​អេសេខ្យាស​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ស្ដេច​យាង​ឡើង​ទៅ​ព្រះដំណាក់​យក​លិខិត​នោះ លាត​បង្ហាញ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ ១៥ ព្រះ​បាទ​​អេសេខ្យាស​ទូលអង្វរ ព្រះអម្ចាស់​ដូច​ត​ទៅ៖

១៦ «ឱ​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល​អើយ ព្រះអង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​លើ​ពួក​ខេរូប៊ីម មាន​តែ​ព្រះអង្គ​មួយ​គត់​ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ១៧ ព្រះអម្ចាស់​អើយ សូម​ផ្ទៀង​ព្រះកាណ៌ ស្ដាប់​ទូលបង្គំ! ព្រះអម្ចាស់​អើយ សូម​បើក​ព្រះនេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះសណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សេណាខេរីប​បាន​ផ្ញើ​ មក​ជេរ​ប្រមាថ ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ! ១៨ ឱ​ព្រះអម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី ពិត​ជា​បាន​កំទេច​ប្រជាជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ​មែន ១៩ ព្រម​ទាំង​យក​ព្រះ​របស់ ​គេ​ទៅ​ដុត អោយ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។ ២០ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ សេណាខេរីប​ផង ដើម្បី​អោយ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ព្រះអម្ចាស់!»។

២១ ពេល​នោះ លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ុស ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​អេសេខ្យាស​ថា៖ «ព្រះករុណា​បាន​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្ដី​អំពី​សេណាខេរីប​ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី។ នេះ​ជា​ព្រះបន្ទូល​ឆ្លើយ​តប​របស់​ព្រះអម្ចាស់។

២២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា:
សេណាខេរីប​អើយ!
ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី
នឹង​ប្រមាថ​មើលងាយ​អ្នក
អ្នក​ក្រុង​យេរូសាឡឹម​នឹង​គ្រវី​ក្បាល
ចំអក​អោយ​អ្នក។
២៣ តើ​អ្នក​បាន​ជេរ និង​ត្មះតិះដៀល​នរណា?
តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា?
គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏វិសុទ្ធ
របស់​ជន​ជាតិ​អ៊ីស្រាអែល។
២៤ អ្នក​បាន​ប្រើ​ពួក​បំរើ​របស់​អ្នក
អោយ​មក​ជេរ​ព្រះអម្ចាស់។
អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ច្រើន
អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ
អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់
ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ
និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។
អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ
ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។
២៥ អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក
ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល
ទឹក​នៅ​តាម​ដៃ​ទន្លេ​នឹង​រីង​អស់​ជា​មិន​ខាន។
២៦សេណាខេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា
យើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិការណ៍
ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!
ឥឡូវ​នេះ យើង​ធ្វើ​អោយ​សំរេច
ដើម្បី​កំទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ
អោយ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។
២៧អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេ
ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។
ពួក​គេ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល
ឬ​ដូច​រុក្ខជាតិ​នៅ​តាម​ចំការ
និង​ដូច​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ
ពេល​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត​បក់​មក
វា​ក៏​ក្រៀម​អស់​ទៅ។
២៨ចំណែក​ឯ​យើង​វិញ
អ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់។
ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ចូល
ឬ​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ។
២៩អ្នក​ច្រឡោត​ខឹង​នឹង​យើង
យើង​បាន​ឮ​ពាក្យ​សំដី​ព្រហើនៗ​របស់​អ្នក
ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ
មក​ដាក់​ច្រមុះ​អ្នក
និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក
ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ
តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។

៣០ចំពោះ​ អ្នក​វិញ អេសេខ្យាស​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​អោយ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំងបាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។ ៣១ អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេសសល់ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។ ៣២ ដោយ​ព្រះហឫទ័យ​ស្រឡាញ់​ដ៏​លើសលប់​របស់​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ព្រះអង្គ​នឹង​ទុក​អោយ​ប្រជាជន​មួយ​ចំនួន​នៅ​សេសសល់​ក្នុង​ក្រុង​យេរូសាឡឹម ហើយ​អោយ​ប្រជាជន​មួយ​ចំនួន​រួច​ជីវិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

៣៣ ចំពោះ​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូសាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ក៏​ប្រើ​ខែល និង​លើក​ដី​ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ។ ៣៤ ស្ដេច​នោះ​នឹង​វិល​ ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ” -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ៣៥ យើង​នឹង​ការពារ​ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង»។

៣៦ ពេល​នោះ ទេវទូតរបស់​ព្រះអម្ចាស់​ បាន​ចេញ​មក វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាកសព​នៅ​ពាសពេញ​ទី​តាំង​ទ័ព។ ៣៧ ព្រះចៅ​សេណាខេរីប​ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។ ៣៨ ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយបង្គំ​ព្រះនីសរ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រា​ពីរ​អង្គ​របស់​ស្ដេច គឺ​អដ្រាមេឡេក និង​សារ៉េតសេ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ារ៉ាត។ បុត្រា​មួយ​អង្គ​ទៀត នាម​អេសារហាដូន បាន​ឡើង​ស្នង​រាជ្យ។