អេសាយ (៣៥)

សម័យកាលដ៏ប្រសើររុងរឿង
១ វាលរហោស្ថាន និងដីហួតហែង
ចូររីករាយឡើង!
រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ
ហើយមានផ្ការីកស្គុសស្គាយឡើង!
២ ចូរមានផ្កាដុះដេរដាស
ហើយត្រេកអរសប្បាយ
ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ
ដ្បិតព្រះអម្ចាស់ប្រទានអោយទឹកដីនេះ
រុងរឿងដូចព្រៃនៅភ្នំលីបង់
មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកាម៉ែល
និងដូចចំការដំណាំនៅវាលទំនាបសារ៉ូនដែរ។
ពេលនោះ ប្រជាជននឹងឃើញ
សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់
ជាព្រះនៃយើង។
៣ ចូរជួយអ្នកដែលទន់ដៃទន់ជើង
អោយមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ!
៤ ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា:
ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
ព្រះអង្គយាងមកសងសឹក
ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ
តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា
គឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។
៥ ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ
មនុស្សថ្លង់នឹងស្ដាប់ឮ
៦ មនុស្សខ្វិននឹងលោតដូចប្រើស
ហើយមនុស្សគ នឹងច្រៀងយ៉ាងរីករាយ
ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន
ព្រមទាំងមានទឹកជ្រោះហូរ
នៅវាលហួតហែង។
៧ ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ
ស្រុកដែលធ្លាប់តែរីងស្ងួត
បែរជាមានប្រភពទឹកផុសឡើងជាច្រើន
នៅតាមរូងចចក បែរជាមានដើមត្រែង
និងដើមកក់ដុះវិញ។
៨ នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា
«ផ្លូវដ៏វិសុទ្ធ»។
មនុស្សមិនបរិសុទ្ធ មិនអាចដើរតាមផ្លូវនោះទេ
ហើយអ្នកគោរពព្រះក្លែងក្លាយ
ក៏ដើរតាមផ្លូវនោះមិនបានដែរ
ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។
៩ គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ
មានតែពួកឈ្លើយដែលព្រះអង្គបានលោះ
មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។
១០ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ
នឹងដើរត្រឡប់មកស្រុកវិញ
ពួកគេមកដល់ក្រុងស៊ីយ៉ូន
ដោយស្រែកហ៊ោយ៉ាងសប្បាយ។
ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ
រកអ្វីប្រៀបស្មើពុំបាន
ពួកគេសប្បាយរីករាយឥតឧបមា
ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ
លែងមានទៀតហើយ។