អេសាយ (៣៤)

ព្រះអម្ចាស់វិនិច្ឆ័យទោសស្រុកអេដុម មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
១ ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាចូលមកហើយស្ដាប់ចុះ
ជាតិសាសន៍ទាំងឡាយអើយ
ចូរនាំគ្នាផ្ទៀងត្រចៀក!
ផែនដី និងអ្វីៗនៅលើផែនដី
ពិភពលោក និងអ្វីៗដែលកើតចេញ
ពីពិភពលោក
ចូរធ្វើជាសាក្សីដឹងឮចុះ!
២ ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង
ប្រជាជាតិទាំងអស់
ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន
របស់ពួកគេ។
ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ
ព្រះអង្គបញ្ជូនពួកគេទៅអោយខ្មាំង
សម្លាប់រង្គាល។
៣ សាកសពរបស់ពួកគេនឹងត្រូវ
ទុកចោលអោយមានក្លិនអសោច
ហើយឈាមរបស់ពួកគេហូរពាសពេញភ្នំ។
៤ ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ
ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក
ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់
ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ
ដែលជ្រុះអស់នោះដែរ។
៥ ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ
ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម
ដើម្បីបំផ្លាញប្រជាជន
ដែលព្រះអង្គបានកាត់ទោសនេះ
ថ្វាយផ្ដាច់ដល់ព្រះអង្គ។
៦ ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែ
ឈាម និងខ្លាញ់
គឺដូចឈាមកូនចៀម និងពពែឈ្មោល
ដូចខ្លាញ់ដែលជាប់នឹងក្រលៀន
របស់ចៀមឈ្មោល
ដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ា
ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង
នៅស្រុកអេដុម។
៧ នៅពេលនោះក្របី គោស្ទាវ និងគោបា
វិនាសជាមួយគ្នា
ដីនឹងជោកជាំទៅដោយឈាម
ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់
៨ ដ្បិតថ្ងៃនោះជាថ្ងៃដែលព្រះអម្ចាស់
សងសឹកខ្មាំងសត្រូវ
ហើយនៅឆ្នាំនោះ ព្រះអង្គជំរះបញ្ជីពួកគេ
ជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។
៩ ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្ម
ដីរបស់គេនឹងក្លាយជាស្ពាន់ធ័រ
ហើយស្រុករបស់គេ
ប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។
១០ គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់
មានផ្សែងហុយអស់កល្បជានិច្ច។
ស្រុកទេសរបស់គេនឹងនៅជាទីស្មសាន
ជាដរាបតរៀងទៅ ឥតមាននរណាម្នាក់
ដើរកាត់តាមនោះទៀតឡើយ។
១១ សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក
ហើយទីទុយ និងក្អែក
ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។
ព្រះអម្ចាស់នឹងធ្វើអោយស្រុកវិនាសហិនហោច
ឥតរូបរាងអ្វីទៀតឡើយ។
១២ នៅក្នុងស្រុក នឹងលែងមានអ្នកធំ
ដើម្បីជ្រើសរើសស្ដេចអោយឡើង
សោយរាជ្យទៀតហើយ
រីឯអ្នកដឹកនាំស្រុក ក៏បាត់សូន្យអស់ដែរ។
១៣ គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង
បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ
ពាសពេញបន្ទាយ
ដែលក្លាយទៅជាជំរករបស់ចចក
និងជាទ្រនំរបស់សត្វត្មាត។
១៤ សត្វដែលរស់នៅតាមវាលរហោស្ថាន
មកជួបជុំនឹងសត្វស្វាននៅទីនោះ
ពពែព្រៃមកជួបជុំគ្នា
ហើយព្រាយបិសាចក៏មកតាំងទីលំនៅ
និងសំរាកនៅទីនោះដែរ។
១៥ រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ
រួចភ្ញាស់កូនរបស់វា។
ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ
មកជួបជុំគ្នានៅទីនោះដែរ។
១៦ចូរពិនិត្យមើលក្នុងគម្ពីររបស់ព្រះអម្ចាស់
អ្នករាល់គ្នាមុខជាឃើញសេចក្ដីដែលមានចែង
ថា: «សត្វទាំងនោះនឹងនាំគ្នាមក
ឥតខ្វះមួយណាឡើយ
គឺវាធ្វើតាមបង្គាប់ព្រះអម្ចាស់ទាំងអស់គ្នា
ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គ
នឹងប្រមែប្រមូលវាមក។
១៧ ព្រះអង្គជ្រើសរើសកន្លែងសំរាប់សត្វទាំងនោះ
ហើយវាស់ទឹកដីចែកអោយពួកវា
ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ
រហូតអស់កល្បជាអង្វែងតរៀងទៅ»។