អេសាយ (៣៣)

ព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹម អោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
១ អ្នកបានបំផ្លាញអ្នកដទៃ
តែគ្មាននរណាបំផ្លាញអ្នកវិញ
អ្នកមុខជាត្រូវវេទនាពុំខាន!
អ្នកបានក្បត់អ្នកដទៃ
តែគ្មាននរណាក្បត់អ្នកវិញទេ។
ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ
នោះនឹងមានគេបំផ្លាញអ្នកវិញ
ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ
នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
២ ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង
យើងខ្ញុំសង្ឃឹមលើព្រះអង្គហើយ
រៀងរាល់ព្រឹក
សូមព្រះអង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។
នៅពេលមានអាសន្ន
សូមសង្គ្រោះយើងខ្ញុំផង!
៣ ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក
របស់ព្រះអង្គ គេនាំគ្នារត់ចេញទៅ
ពេលព្រះអង្គក្រោកឡើង
ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។
៤ ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប
នាំគ្នាប្រមូលយកជយភ័ណ្ឌ
គេលើកគ្នាដូចស្រមោច
ទៅដណ្ដើមយកជយភ័ណ្ឌនោះ។
៥ មនុស្សម្នាលើកតម្កើងព្រះអម្ចាស់
ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអង្គប្រទានអោយក្រុងស៊ីយ៉ូន
មានពោរពេញដោយ
សេចក្ដីសុចរិត និងយុត្តិធម៌។
៦ ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។
ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់
នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌អោយអ្នក
ហើយការគោរពកោតខ្លាចព្រះអម្ចាស់
ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!
៧ នៅគ្រានោះអ្នកក្រុងអារីអែល
ស្រែកតាមផ្លូវរកគេជួយ
រីឯអ្នកដែលទៅចចាររកសន្តិភាព
បែរជាមកវិញនាំគ្នាយំយ៉ាងខ្លោចផ្សា។
៨ ផ្លូវនានាស្ងាត់ជ្រងំ
ឥតមាននរណាដើរកាត់តាមនោះទៀតទេ
គូភាគីលែងគោរពសន្ធិសញ្ញា
គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ
គឺគេមិនគោរពនរណាទាំងអស់។
៩ ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ
ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ
ព្រៃឈើនៅភ្នំលីបង់ នឹងបាក់មុខ ហើយរុះរោយ
វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង
ភ្នំបាសាន និងភ្នំកាម៉ែល នឹងលែងមាន
ព្រៃឈើទៀតហើយ។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ឥឡូវនេះយើងក្រោកឡើង
យើងត្រូវងើបឡើង
ដើម្បីបង្ហាញឫទ្ធិបារមីរបស់យើង។
១១ គំរោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង
ពេលណាសំរេចជារូបរាងឡើង
អ្នករាល់គ្នានឹងឃើញមានតែ
កំទេចសំរាមប៉ុណ្ណោះ
ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង
ដែលឆេះបំផ្លាញអ្នករាល់គ្នា។
១២ ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ
និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។
១៣ អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយ
ចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ!
អ្នករាល់គ្នាដែលនៅជិតៗនេះអើយ
ចូរទទួលស្គាល់ឫទ្ធានុភាពរបស់យើង!
១៤ នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់
ពួកទមិឡនឹងភ័យតក់ស្លុតទាំងពោលថា:
“ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ
ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន?
តើនរណាអាចរស់នៅក្បែរគុកភ្លើង
ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
១៥ មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត
និងអ្នកនិយាយការពិត
ទើបអាចនៅក្បែរបាន
គឺអ្នកមិនប្រព្រឹត្តអំពើហិង្សាដើម្បីរកកំរៃ
អ្នកមិនព្រមទទួលសំណូក
អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ
គេបបួលទៅប្រហារជីវិតអ្នកដទៃ
អ្នកមិនចង់ឃើញអំពើអាក្រក់។
១៦ មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ
គេនឹងមានថ្មដាដ៏រឹងមាំជាជំរក
គេនឹងមានអាហារ មានទឹក គ្រប់គ្រាន់
ឥតខ្វះអ្វីឡើយ។
១៧ពេលនោះ អ្នកនឹងឃើញព្រះមហាក្សត្រ
ប្រកបដោយភាពថ្កុំថ្កើង
អ្នកនឹងឃើញស្រុកទេសរបស់អ្នក
មានទឹកដីធំល្វឹងល្វើយ។
១៨អ្នកនឹកដល់អតីតកាល
ដែលធ្វើអោយអ្នកញ័ររន្ធត់ហើយសួរថា:
“តើពួកត្រួតត្រា ពួកទារពន្ធ
និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង
ទៅណាបាត់អស់ហើយ?”។
១៩អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់
ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន
គួរអោយអស់សំណើច នោះទៀតហើយ។
២០ ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែល
យើងតែងជួបជុំគ្នាធ្វើពិធីបុណ្យនោះទៅ
អ្នកនឹងឃើញថា
យេរូសាឡឹមជាក្រុងមួយដ៏សុខក្សេមក្សាន្ត
ជាពន្លាដែលគ្មាននរណារុះរើបានទៀត
ហើយក៏គ្មាននរណាដកចម្រឹង និងស្រាយខ្សែ
ចេញពីពន្លានេះបានទៀតដែរ។
២១នៅទីនោះព្រះអម្ចាស់សំដែងភាពថ្កុំថ្កើង
របស់ព្រះអង្គអោយយើងឃើញ
គឺព្រះអង្គប្រទានទន្លេដ៏ធំទូលាយ
ជាទន្លេដែលនាវាចំបាំងពុំអាចចូលបាន
ហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។
២២ព្រះអម្ចាស់គ្រប់គ្រងលើយើង
ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង
ព្រះអង្គជាព្រះមហាក្សត្ររបស់យើង
មានតែព្រះអង្គទេដែលសង្គ្រោះយើង។
២៣ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ
វាពុំអាចទប់ដងក្ដោងអោយនៅរឹងប៉ឹងបានទេ
ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។
ពេលនោះ គេនឹងយកជយភ័ណ្ឌដ៏ច្រើន
មកចែកគ្នា សូម្បីតែមនុស្សខ្វិន
ក៏មកយកជយភ័ណ្ឌនេះដែរ។
២៤នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា
«ខ្ញុំមានជំងឺ» ទៀតឡើយ
ព្រោះព្រះអម្ចាស់បានលើកលែងទោសអោយ
ប្រជាជននៅក្នុងទីក្រុងរួចពីបាប។