អេសាយ (៣១)

អេស៊ីបពុំអាចជួយអ៊ីស្រាអែលបានឡើយ
១ អស់អ្នកដែលរត់ទៅ
ស្រុកអេស៊ីប ដើម្បីរកជំនួយ
មុខជាត្រូវវេទនាពុំខាន!
អ្នកទាំងនោះពឹងផ្អែកលើសេះ
និងទុកចិត្តលើរទេះចំបាំង
ព្រោះឃើញមានចំនួនច្រើន
ពួកគេទុកចិត្តលើកងទ័ពសេះ
ព្រោះឃើញថាខ្លាំងពូកែ
តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែលទេ
ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
២ រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរ
ព្រះអង្គអាចធ្វើអោយទុក្ខវេទនាកើតឡើង
ព្រះអង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ
ព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់
ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត
ដែលគេហៅអោយមកជួយ។
៣ ជនជាតិអេស៊ីបជាមនុស្ស
គឺមិនមែនជាព្រះទេ
សេះរបស់ពួកគេជាសត្វ
គឺមិនមែនជាទេវទូតឡើយ។
ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើង
អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល
ហើយអ្នកដែលគេជួយក៏នឹងដួលដែរ
គឺគេត្រូវវិនាសជាមួយគ្នា។
មានតែព្រះអម្ចាស់ទេដែលអាចសង្គ្រោះក្រុងយេរូសាឡឹម
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
«ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា
ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម
ចង់ដណ្ដើមរំពានោះពីវាក្ដី
ក៏វាមិនភ័យខ្លាចសំរែករបស់ពួកគេ
ឬដកខ្លួនថយ ដោយសំឡេងបង្អើល
របស់ពួកគង្វាលនោះឡើយ។
រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល
ក៏ដូច្នោះដែរ
យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
៥ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារ
ក្រុងយេរូសាឡឹម
ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។
ព្រះអង្គការពារ និងរំដោះក្រុងយេរូសាឡឹម
ព្រះអង្គសង្គ្រោះក្រុងនេះ
មិនអោយវិនាសអន្តរាយឡើយ។
៦ កូនចៅអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះអម្ចាស់ ចូរនាំគ្នាវិលមករកព្រះអង្គវិញ! ៧ អ្នករាល់គ្នាបាន ប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។
៨ ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ
តែមិនមែនជាដាវរបស់មនុស្សទេ
គឺពួកគេមិនមែនស្លាប់ដោយមុខដាវ
របស់មនុស្សឡើយ។
ពួកអាស្ស៊ីរីនឹងបាក់ទ័ព
ហើយទាហានក្មេងៗរបស់ពួកគេ
នឹងក្លាយទៅជាឈ្លើយសឹក។
៩ ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ
មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់
នៅមុខទង់ជ័យរបស់ព្រះអង្គ។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលប្រជាជនគោរពបំរើនៅភ្នំស៊ីយ៉ូន
ហើយដុតតង្វាយថ្វាយព្រះអង្គ
នៅក្រុងយេរូសាឡឹម។