អេសាយ (២៦)

ព្រះជាម្ចាស់ប្រទានជ័យជំនះអោយប្រជារាស្ត្រព្រះអង្គ
១ នៅថ្ងៃនោះក្នុងស្រុកយូដា
គេនឹងច្រៀងបទចំរៀងដូចតទៅ:
«យើងមានក្រុងមួយដ៏រឹងមាំ
ព្រះអម្ចាស់ប្រទានការសង្គ្រោះមកយើង
ទុកជាកំពែង និងជញ្ជាំងការពារយើង។
២ ចូរបើកទ្វារ អោយប្រជាជាតិដ៏សុចរិត
ដែលមានចិត្តស្មោះស្ម័គ្រចូលផង!
៣ ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍
ដល់ប្រជាជាតិនេះ
ព្រោះគេមានជំហររឹងប៉ឹង
ហើយផ្ញើជីវិតលើព្រះអង្គ។
៤ ចូរនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់ជានិច្ចចុះ!
ដ្បិតព្រះអម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរ
អស់កល្បជាអង្វែងតរៀងទៅ។
៥ ព្រះអង្គបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ
ព្រះអង្គផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ
អោយរាបដល់ដី កប់ក្នុងធូលី
៦ មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ
នឹងដើរជាន់ក្រុងនោះ»។
៧ ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញអោយ
មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់
ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិត
អោយរាបស្មើ។
៨ ឱព្រះអម្ចាស់អើយ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គ
យើងខ្ញុំដើរតាមមាគ៌ា
ដែលព្រះអង្គបានត្រួសត្រាយទុក
ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាម
របស់ព្រះអង្គប៉ុណ្ណោះ។
៩ នៅពេលយប់ទូលបង្គំចង់នៅជិតព្រះអង្គ
ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។
ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី
ស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គ
ពួកគេនឹងស្គាល់សេចក្ដីសុចរិត។
១០ប្រសិនបើព្រះអង្គលើកលែងទោសអោយ
មនុស្សអាក្រក់
នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ
គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង
ស្រុកដ៏សុចរិតនេះ
ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង
របស់ព្រះអម្ចាស់ឡើយ។
១១ឱព្រះអម្ចាស់អើយ!
អ្នកទាំងនោះពុំចាប់អារម្មណ៍ថា
ព្រះអង្គកំពុងតែគំរាមពួកគេទេ។
សូមអោយបច្ចាមិត្តត្រូវអាម៉ាស់
ដោយឃើញរបៀបដែលព្រះអង្គការពារ
ប្រជារាស្ត្ររបស់ព្រះអង្គ។
សូមអោយភ្លើងឆេះបំផ្លាញពួកគេ។
១២បពិត្រព្រះអម្ចាស់!
ព្រះអង្គប្រទានអោយយើងខ្ញុំបានសុខសាន្ត
អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត
ព្រះអង្គធ្វើអោយបានសំរេចទាំងអស់។
១៣ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ!
ក្រៅពីព្រះអង្គ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន
ត្រួតត្រាលើយើងខ្ញុំ
ប៉ុន្តែ មានតែព្រះនាមព្រះអង្គមួយប៉ុណ្ណោះ
ដែលយើងខ្ញុំចង់គោរពបំរើ។
១៤អស់អ្នកដែលស្លាប់ផុតទៅហើយ
មិនរស់ឡើងវិញទេ
អ្នកទាំងនោះក្លាយទៅជាស្រមោល
គេមិនវិលត្រឡប់មកវិញឡើយ។
ព្រះអង្គបានធ្វើទោសពួកគេអោយវិនាសសូន្យ
ឥតមាននរណានឹកនាដល់ពួកគេទៀត។
១៥ឱព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើអោយ
ប្រជាជាតិយើងកើនចំនួនច្រើនឡើង
ព្រះអង្គលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
ហើយពង្រីកព្រំប្រទល់ទឹកដីរបស់យើងខ្ញុំ។
១៦ព្រះអម្ចាស់អើយ! ពេលមានអាសន្ន
យើងខ្ញុំមករកព្រះអង្គ
នៅពេលព្រះអង្គដាក់ទោស
យើងខ្ញុំទទូចអង្វរករព្រះអង្គ។
១៧ឱព្រះអម្ចាស់អើយ!
ស្ត្រីមានផ្ទៃពោះហៀបនឹងសំរាលកូន
ស្រែកថ្ងូរដោយឈឺចុកចាប់យ៉ាងណា
យើងខ្ញុំក៏ស្រែកថ្ងូរនៅចំពោះព្រះភក្ត្ររបស់
ព្រះអង្គយ៉ាងនោះដែរ។
១៨យើងខ្ញុំប្រៀបដូចជាស្ត្រីដែលមានផ្ទៃពោះ
យើងខ្ញុំឈឺចុកចាប់តែឥតបង្កើតអ្វីសោះឡើយ
យើងខ្ញុំមិនបាននាំការសង្គ្រោះ
មកអោយមនុស្សលោកទេ
ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មី
នៅលើផែនដីដែរ។

មនុស្សស្លាប់នឹងរស់ឡើងវិញ ការដាក់ទោសមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត
១៩ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ក្នុងចំណោមអ្នករាល់គ្នា
អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ!
សាកសពរបស់គេនឹងក្រោកឡើង!
អស់អ្នកដែលដេកក្នុងធូលីដីអើយ
ចូរភ្ញាក់ឡើង!
ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ!
ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី
ធ្វើអោយដំណាំដុះឡើងយ៉ាងណា
ព្រះអម្ចាស់នឹងប្រទានពន្លឺមក
ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ
អោយចេញពីដី
មានជីវិតឡើងវិញយ៉ាងនោះដែរ។
២០ឱប្រជាជនរបស់ខ្ញុំអើយ!
ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា
ហើយបិទទ្វារអោយជិត។
ត្រូវនៅសំងំលាក់ខ្លួន
រហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ
២១ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់
ដើម្បីដាក់ទោសមនុស្សនៅផែនដី
ដែលបានប្រព្រឹត្តអំពើទុច្ចរិត។
ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត
នៅលើផែនដី
នឹងលាក់លែងជិតទៀតហើយ
ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ
គេសម្លាប់ទៀតដែរ។