អេសាយ (២៥)

ទំនុកអរព្រះគុណ
១ ព្រះអម្ចាស់អើយ
ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង
ព្រះកិត្តិនាមរបស់ព្រះអង្គ
ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។
គំរោងការដែលព្រះអង្គរៀបចំទុក
តាំងពីយូរយារណាស់មកហើយនោះ
សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
២ ព្រះអង្គបានរំលាយទីក្រុងអោយ
ក្លាយទៅជាគំនរឥដ្ឋ
ព្រះអង្គធ្វើអោយបុរីដែលមានកំពែងរឹងមាំ
ក្លាយទៅជាគំនរបាក់បែក
បន្ទាយរបស់ខ្មាំង បានរលាយសូន្យ
លែងមានឈ្មោះជាទីក្រុងទៀត
ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។
៣ ហេតុនេះហើយបានជាប្រជារាស្ត្រដ៏ខ្លាំងពូកែ
នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
សូម្បីនៅក្នុងទីក្រុងរបស់ប្រជាជាតិដ៏សាហាវ
ក៏គេនាំគ្នាគោរពកោតខ្លាចព្រះអង្គដែរ
៤ ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស
ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត
ក្នុងពេលមានអាសន្ន
ព្រះអង្គក៏ជាជំរកនៅពេលមានភ្លៀងព្យុះ
ហើយជាម្លប់បាំងកំដៅ
ព្រោះកំហឹងរបស់មនុស្សសាហាវ
ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
៥ ព្រះអង្គបង្ក្រាបមនុស្សព្រៃអោយបាត់មាត់ឈឹង
ដូចព្រះអង្គបន្ថយកំដៅក្នុងទីហួតហែង។
ព្រះអង្គក៏ធ្វើអោយចំរៀងជោគជ័យ
របស់មនុស្សសាហាវប្រែជាស្ងាត់សូន្យ
ដូចពពកបន្ថយកំដៅថ្ងៃដែរ។
៦ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង
ប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន
គឺមានម្ហូបដ៏ឆ្ងាញ់ពិសា
និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត
មានសាច់ចំឡក និងស្រាទំពាំងបាយជូរ
ដែលគេសំរាំងយ៉ាងល្អ។
៧ នៅលើភ្នំនោះព្រះអង្គនឹងដកស្បៃកាន់ទុក្ខ
ចេញពីជាតិសាសន៍ទាំងប៉ុន្មាន
ហើយក៏ដកវាំងននទុក្ខព្រួយចេញពី
ប្រជាជាតិទាំងអស់ដែរ។
៨ ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ
ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ
របស់មនុស្សទាំងអស់។
ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ
របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ នៅថ្ងៃនោះគេនឹងប្រកាសថា៖
«ព្រះជាម្ចាស់ជាព្រះនៃយើង
យើងបានផ្ញើជីវិតលើព្រះអង្គ
ហើយព្រះអង្គសង្គ្រោះយើង
យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន!
ចូរយើងសប្បាយរីករាយ និងមានអំណរឡើង
ដ្បិតព្រះអង្គសង្គ្រោះយើង!»។
១០ព្រះអម្ចាស់ដាក់ព្រះហស្ដលើភ្នំនេះ
រីឯជនជាតិម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែង
ដូចចំបើងកប់នៅក្នុងលាមកសត្វ។
១១នៅក្នុងរណ្ដៅលាមកសត្វ
ម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹក
ប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្ដី
ព្រះអម្ចាស់គង់តែបំបាក់អំនួត
របស់ជនជាតិនេះជាមិនខាន។
១២ព្រះអម្ចាស់នឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ
នៅស្រុកម៉ូអាប់
គឺព្រះអង្គធ្វើអោយរាបដល់ដី កប់ក្នុងធូលីដី។