អេសាយ (២៤)

ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសផែនដី
១ ព្រះអម្ចាស់នឹងបំផ្លាញផែនដីអោយ
វិនាស។
ព្រះអង្គនឹងរំលើងផែនដី ហើយកំចាត់កំចាយ
មនុស្សម្នាដែលរស់នៅលើផែនដី
២ គឺបូជាចារ្យក៏ដូចប្រជាជន
ម្ចាស់ប្រុស ក៏ដូចទាសា
ម្ចាស់ស្រី ក៏ដូចទាសី
អ្នកលក់ ក៏ដូចអ្នកទិញ
ម្ចាស់របស់ ក៏ដូចអ្នកខ្ចី
ម្ចាស់បំណុល ក៏ដូចកូនបំណុលដែរ។
៣ ផែនដីនឹងត្រូវវិនាសហិនហោចទាំងស្រុង
ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤ មនុស្សនៅផែនដីនឹងកាន់ទុក្ខ
គេធ្លាក់ខ្លួនខ្សោយ
ឥតមានកម្លាំងកំហែងទៀតទេ
វត្ថុស័ក្ដិសិទ្ធិទាំងឡាយនឹងអស់ឫទ្ធិ។
៥ ផែនដីក្លាយទៅជាអាស្រូវ
ដោយសារមនុស្សជាន់ឈ្លី
គឺពួកគេបានបំពានលើវិន័យ
ពួកគេរំលោភដំបូន្មានរបស់ព្រះអម្ចាស់
ហើយពួកគេបានផ្ដាច់
សម្ពន្ធមេត្រីអស់កល្បជានិច្ច
ដែលព្រះអង្គចងជាមួយគេ។
៦ ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា
មនុស្សម្នានៅលើផែនដីមានទោស
ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។
ពួកគេនឹងត្រូវវិនាស
ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
៧ សូម្បីតែស្រាទំពាំងបាយជូរថ្មីក៏កាន់ទុក្ខដែរ
ចំការទំពាំងបាយជូរត្រូវហិនហោចអស់
អស់អ្នកដែលធ្លាប់តែសប្បាយ
បែរជាស្រែកថ្ងូរទៅវិញ។
៨ សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ
សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់
ហើយសំឡេងចាប៉ីដ៏ពីរោះ
ក៏លែងមានទៀតដែរ។
៩ ពេលនោះ មនុស្សម្នាលែងផឹកស្រា
ទាំងច្រៀងទៀតហើយ
ស្រាឆ្ងាញ់បែរជាជូរល្វីងដល់អ្នកផឹកទៅវិញ។
១០ក្រុងដែលគ្មានមនុស្សនៅនឹងត្រូវរលំ
ផ្ទះទាំងឡាយត្រូវបិទទ្វារចោល
គ្មាននរណាអាចចូលបានទៀតឡើយ។
១១នៅតាមផ្លូវ មនុស្សម្នានាំគ្នាត្អូញត្អែរ
ព្រោះរកស្រាផឹកមិនបាន
ការរីករាយក៏លែងមាន
ហើយក៏គ្មានអំណរសប្បាយ
នៅក្នុងស្រុកទៀតដែរ។
១២ក្នុងទីក្រុងមានតែសំណល់បាក់បែក
ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។
១៣ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅលើផែនដី
ប្រជាជនដែលនៅសេសសល់ មានចំនួនតិច
ដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែល
នៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។
១៤ រីឯអ្នកដែលបានរួចជីវិត
នឹងនាំគ្នាបន្លឺសំឡេងលើកតម្កើងសិរីរុងរឿង
ព្រះអម្ចាស់ ដោយអំណររីករាយ។
ពួកគេមកពីស្រុកខាងលិចយ៉ាងសប្បាយ។
១៥ អស់អ្នកដែលរស់នៅទិសបូព៌ា
នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់
ហើយអស់អ្នកដែលរស់នៅតាមកោះទាំងឡាយ
ក៏លើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ!
១៦ យើងបានឮសូរចំរៀង
ពីចុងខាងនាយផែនដីមកថា:
«សូមលើកតម្កើងព្រះដ៏សុចរិត!»។
ប៉ុន្តែ ចំពោះខ្ញុំវិញខ្ញុំពោលថា:
ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ!
ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ!
១៧មនុស្សម្នានៅលើផែនដីអើយ
អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់
ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន!
១៨ អ្នកដែលរត់គេចផុតពីការញ័ររន្ធត់
នឹងធ្លាក់ទៅក្នុងរណ្ដៅ
អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។
ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក
ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
១៩ ផែនដីប្រេះ ផែនដីបាក់បែក
ផែនដីរញ្ជួយញាប់ញ័រយ៉ាងខ្លាំង
២០ ឃ្លីងឃ្លោងដូចមនុស្សស្រវឹង
ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក
ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់
ផែនដីត្រូវរលំ
ក្រោកឡើងវិញពុំរួចឡើយ។

ចុងបញ្ចប់របស់អាណាចក្រនានា
២១ នៅថ្ងៃនោះព្រះអម្ចាស់នឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្ដេចទាំងឡាយ នៅផែនដីដែរ។ ២២ ព្រះអង្គនឹងប្រមូល អំណាចទាំងនោះដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ព្រះអង្គឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបព្រះអង្គជំនុំជំរះពួកគេ។
២៣ ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ
ព្រះអាទិត្យត្រូវអាម៉ាស់។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
ហើយសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យរបស់ព្រះអង្គ។