អេសាយ (២៣)

ព្រះបន្ទូលស្ដីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន
១ សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស:
នាវាមកពីស្រុកតារស៊ីសអើយ
ចូរនាំគ្នាស្រែកយំទៅ
ដ្បិតកំពង់ផែរបស់ក្រុងទីរ៉ុសវិនាសសូន្យ
ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចត
ទៀតឡើយ!។
ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ
មកពីកោះគីប្រុស។
២ អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ
អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់
មនុស្សអោយទៅរកស៊ីតាមសមុទ្រអើយ
ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។
៣ អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន
ដែលគេដាំនៅតាមដងទន្លេនីល
ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ
សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។
៤ ស៊ីដូន ជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រអើយ
អ្នកត្រូវអាម៉ាស់ហើយ
ដ្បិតសមុទ្រពោលថា:
ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូន
ហើយក៏ពុំធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ។
៥ ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប
អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន
ឮដំណឹងពីហេតុការណ៍ដែលកើតមាន
ដល់ក្រុងទីរ៉ុសដែរ។
៦ អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ
ចូរនាំគ្នាឆ្លងទៅស្រុកតារស៊ីស
ហើយស្រែកយំនៅទីនោះទៅ!។
៧ តើនេះឬទីក្រុងរបស់អ្នករាល់គ្នា
ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ
ជាក្រុងដែលមានកំណើតពីបុរាណកាលមក
ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ?
៨ តើនរណាសំរេចរំលាយក្រុងទីរ៉ុសដូច្នេះ?
ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេច
អោយគ្រងរាជ្យលើស្រុកនានា
អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ
ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ
គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។
៩ ព្រះអម្ចាស់នៃពិភពទាំងមូល បានសំរេចដូច្នេះ
ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល
ស្រឡាញ់កិត្តិយស
និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន
នៅលើផែនដីនេះ។
១០ ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក
ដូចគេភ្ជួររាស់នៅតាមទន្លេនីល
ដ្បិតលែងមានកំពង់ផែសំរាប់អោយនាវា
មកពីស្រុកតារស៊ីសចូលចតទៀតហើយ!។
១១ ព្រះអម្ចាស់បានលាតព្រះហស្ដទៅលើសមុទ្រ
ព្រះអង្គបានធ្វើអោយនគរទាំងឡាយញាប់ញ័រ
ព្រះអង្គបានបញ្ជាអោយជនជាតិកាណាន
កំទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។
១២ ព្រះអង្គមានព្រះបន្ទូលថា:
អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ
អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ
តទៅមុខទៀតហើយ
ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី
ក៏នៅតែពុំបានសំរាកដែរ។
១៣ចូរមើលទៅស្រុកខាល់ដេ!
ស្រុកនោះលែងមានប្រជាជនទៀតហើយ
ព្រោះជនជាតិអាស្ស៊ីរីបានធ្វើអោយស្រុកនោះ
ក្លាយទៅជាជំរករបស់សត្វព្រៃ។
ពួកគេបានដំឡើងប៉មចាំយាម
ហើយផ្ដួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុស
អោយបាក់បែកអស់។
១៤ នាវាទាំងឡាយដែលមកពីស្រុកតារស៊ីសអើយ
ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជំរករបស់អ្នករាល់គ្នា
រលាយសូន្យបាត់ទៅហើយ!

១៥នៅ​គ្រា ​នោះ​ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ លុះ​ផុត​ពេល​ចិតសិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចំរៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:
១៦ «ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយ
ចូរ​យក​ចាប៉ី​មួយ​មក
ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ទៅ!
ចូរ​លេង​អោយ​ពីរោះ
ចូរ​ច្រៀង​ហើយ​ច្រៀង​ទៀត​ទៅ
ដើម្បី​អោយ​គេ​នឹក​នា​ដល់​នាង​វិញ!»។

១៧លុះ​ចិតសិប​ឆ្នាំ​កន្លង​ផុត​ទៅ ព្រះអម្ចាស់​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​អោយ​នគរ​ទាំង​ប៉ុន្មាន ក្នុង​សកល​លោក​នេះ។ ១៨ ប៉ុន្តែ កំរៃ និង​ប្រាក់​ចំណេញ​ដែល​ក្រុង​នេះ​រក​បាន នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះអម្ចាស់ គ្មាន​នរណា​អាច​ប្រមូល​ទ្រព្យ​ទាំង​នេះ​ទុក​បាន​ឡើយ ដ្បិត​របស់​ទ្រព្យ​ទាំង​នេះ នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ សំរាប់​ពួក​អ្នក​បំរើ​ព្រះអម្ចាស់ និង​ជា​សម្លៀកបំពាក់​ដ៏​ថ្លៃថ្នូរ​សំរាប់​ពួក​គេ។