អេសាយ (២២)

ព្រះបន្ទូលព្រមានក្រុងយេរូសាឡឹម
១ សេចក្ដីប្រកាសស្ដីអំពីជ្រលង
ភ្នំនៃនិមិត្តហេតុអស្ចារ្យ:
យេរូសាឡឹមអើយ!
តើមានរឿងអ្វីកើតឡើងដល់អ្នក
បានជាប្រជាជនរបស់អ្នក
នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ?
២ ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ
ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ?
ទាហានរបស់អ្នក ដែលស្លាប់
មិនមែនស្លាប់ដោយមុខដាវទេ
ហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។
៣ នាយទាហានរបស់អ្នកត្រូវបរាជ័យ
បាក់ទ័ពរត់នៅមុខពលបាញ់ធ្នូរបស់ខ្មាំង។
ទោះបីពួកគេរត់ទៅឆ្ងាយយ៉ាងណាក្ដី
ក៏ខ្មាំងសត្រូវចាប់បានពួកគេ
យកទៅជាឈ្លើយដែរ។
៤ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា
កុំរវីរវល់នឹងខ្ញុំអី
ទុកអោយខ្ញុំយំសោកយ៉ាងជូរចត់ទៅ
មិនបាច់ខ្វល់ខ្វាយនឹងសំរាលទុក្ខខ្ញុំ
ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ
ត្រូវអន្តរាយនោះឡើយ
៥ ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
ធ្វើអោយមានចលាចល
បរាជ័យ និងភាពច្របូកច្របល់។
នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះ
កំពែងក្រុងត្រូវស្រុត
អ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
៦ កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក
ហើយក៏មានរទេះចំបាំង និងកងពលសេះ
មកជាមួយដែរ។
រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
៧ យេរូសាឡឹមអើយ!
ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក
មានពេញទៅដោយរទេះចំបាំង
ហើយកងពលសេះតំរៀបគ្នា
នៅមាត់ទ្វាររបស់អ្នក។
៨ យូដាគ្មានអ្វីការពារខ្លួនទេ
នៅថ្ងៃនោះអ្នកបែរចិត្តទៅរកគ្រឿង
សស្រ្ដាវុធនៅក្នុងប្រាសាទព្រៃ។
៩ អ្នករាល់គ្នាបានឃើញកំពែងក្រុង
របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង
អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ
នៅក្នុងស្រះប៉ែកខាងក្រោម។
១០ អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម
ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ
ដើម្បីអោយងាយការពារកំពែងក្រុង។
១១ អ្នករាល់គ្នាជីកអាងទឹក
នៅចន្លោះកំពែងទាំងពីរ
ដើម្បីបង្ហូរទឹកពីស្រះចាស់មក។
ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់
ដែលបានធ្វើការអស់ទាំងនេះទេ
អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គ
ដែលរៀបចំគំរោងការនេះ
តាំងពីយូរណាស់មកហើយ។
១២ នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
បានហៅអ្នករាល់គ្នាអោយយំសោកសង្រេង
កោរសក់ និងស្លៀកបាវកាន់ទុក្ខ
១៣ តែអ្នករាល់គ្នាបែរជាធ្វើបុណ្យ សើចសប្បាយ
គឺអ្នករាល់គ្នាសម្លាប់គោ សម្លាប់ចៀម
ហើយស៊ីផឹកជប់លៀងទៅវិញ!
អ្នករាល់គ្នាពោលថា: “យើងនាំគ្នាស៊ីផឹកទៅ
ដ្បិតស្អែកយើងនឹងស្លាប់ហើយ!”។
១៤ ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល
បានសំដែងអោយខ្ញុំដឹងថា
រហូតដល់អ្នករាល់គ្នាស្លាប់
ក៏ព្រះអង្គមិនលើកលែងទោសអ្នករាល់គ្នាទេ។
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។

លោកអភិបាលសិបណានឹងត្រូវបាត់មុខតំណែង
១៥ ព្រះជាអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំថា: «ចូរទៅជួបលោកសិបណា ជាមន្ត្រីមើលខុសត្រូវ ក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ:
១៦ តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា
បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ?
អ្នកដាប់ថ្មធ្វើផ្នូរទុកសំរាប់ខ្លួន នៅលើទីខ្ពស់!
១៧ ឥស្សរជនអើយ!
ព្រះអម្ចាស់នឹងរំលំអ្នកយ៉ាងទាន់ហន់
ព្រះអង្គនឹងចងអ្នកមិនអោយរើរួចឡើយ។
១៨ ព្រះអង្គនឹងបោះអ្នកអោយរមៀល
ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ
អ្នកនឹងស្លាប់លើដីនោះ
ជាមួយរថដ៏រុងរឿងរបស់អ្នក
ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក!
១៩ យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង
ហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។
២០ នៅថ្ងៃនោះយើងនឹងហៅអ្នកបំរើរបស់យើង
អោយមក គឺអេលីយ៉ាគីមជាកូនហ៊ីលគីយ៉ា
២១យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក
មកបំពាក់អោយគាត់។
យើងនឹងដកអំណាចរបស់អ្នក
ប្រគល់ទៅអោយគាត់។
គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម
និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
២២យើងនឹងប្រគល់កូនសោវាំង
របស់ស្ដេចដាវីឌអោយគាត់
បើគាត់បើកគ្មាននរណាបិទបានទេ
ហើយបើគាត់បិទក៏គ្មាននរណាបើកបានដែរ។
២៣ យើងនឹងតាំងគាត់អោយមានជំហររឹងប៉ឹង
ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម
គាត់នឹងធ្វើអោយវង្សត្រកូលរបស់គាត់
មានកិត្តិយសថ្លៃថ្នូរ។
២៤ សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំ
នឹងពឹងផ្អែកលើគាត់ទាំងអស់គ្នា
គឺប្រៀបដូចជាចាន ឆ្នាំង និងថូ
ដែលគេដាក់ក្នុងសង្រែក
ហើយព្យួរនឹងដែកគោលតែមួយ។
២៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
“នៅគ្រានោះដែកគោលដែលបោះភ្ជាប់
លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក
ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ
ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”»
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។