អេសាយ (១៩)

ព្រះជាម្ចាស់នឹងដាក់ទោសស្រុកអេស៊ីប
១ សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប:
ព្រះអម្ចាស់យាងមកស្រុកអេស៊ីប
ដោយគង់លើពពកមួយដុំដែលរសាត់យ៉ាងលឿន។
ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ
នៅចំពោះព្រះភក្ត្រព្រះអង្គ
ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។
ព្រះអង្គមានព្រះបន្ទូលថា:
២ «យើងនឹងធ្វើអោយជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង
ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន
ក្រុងមួយច្បាំង និងក្រុងមួយ
ហើយនគរមួយច្បាំងនឹងនគរមួយទៀត។
៣ យើងនឹងធ្វើអោយជនជាតិអេស៊ីបវង្វេងស្មារតី
ហើយធ្វើអោយនយោបាយរបស់គេត្រូវរលាយ
ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ
ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស
និងរកគ្រូទាយអោយជួយ។
៤ យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ
របស់អ្នកកាន់អំណាចផ្ដាច់ការហើយនឹង
មានស្ដេចកំណាចគ្រងរាជ្យលើពួកគេ»
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
៥ ទឹកសមុទ្រនឹងហួតបាត់អស់ទៅ
ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។
៦ ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់
ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក
ហើយរីងអស់ទៅ។
ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
៧ ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ
នឹងហិនហោចអស់គ្មានសល់!
អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល
ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។
៨ ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ
ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ
ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។
៩ ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់
នឹងមានទឹកមុខស្លេកស្លាំង។
១០ អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស
នឹងបាត់បង់ទឹកចិត្ត
ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។
១១ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ
រីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោន
ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ
តែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា
“ទូលបង្គំ ជាពូជអ្នកប្រាជ្ញ
ជាពូជស្ដេចនៅជំនាន់ដើម”។
១២ ព្រះចៅផារ៉ោនអើយ
អ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា?
សូមអោយពួកគេទូលព្រះករុណាអំពី
ហេតុការណ៍ដែលព្រះអម្ចាស់នៃពិភពទាំងមូល
សំរេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ!
១៣ ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា
ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ
គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ
ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប
អោយវង្វេង។
១៤ ព្រះអម្ចាស់នឹងធ្វើអោយពួកគេឡប់ស្មារតី
ពួកគេនឹងនាំស្រុកអេស៊ីបអោយវង្វេង
ក្នុងគ្រប់វិស័យទាំងអស់
គឺប្រៀបដូចជាមនុស្សប្រមឹក
ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។

១៥ នៅ​ស្រុក​អេស៊ីប ចាប់​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច ចាប់​ពី​មនុស្ស​ចេះ​ដឹង​រហូត​ដល់​មនុស្ស​ខ្លៅ​ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។

ជន​ជាតិ​អេស៊ីប​នឹង​ថ្វាយបង្គំ​ព្រះអម្ចាស់
១៦ នៅ​គ្រា​នោះ​ជន​ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រចំប្រប់ នៅ​ពេល​ឃើញ​ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល​លើក​ព្រះហស្ដ​គំរាម​ពួក​គេ។ ១៧ ទឹក​ដី​យូដា​ជា​កន្លែង​ មួយ ដែល​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ញាប់ញ័រ​ជា​ខ្លាំង ពេល​ណា​រំលឹក​ពី​ស្រុក​យូដា​គេ​ភ័យ​ខ្លាច​ណាស់ ព្រោះ​តែ​ការ​ដែល​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​សំរេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។

១៨ គ្រា​នោះ​ មាន​ក្រុង​ប្រាំ​នៅ​ស្រុក​អេស៊ីប​និយាយ​ភាសា​ហេប្រឺ​ ហើយ​អ្នក​ក្រុង​នោះ​ស្បថស្បែ​ថា គេ​នឹង​គោរព​បំរើ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​ប្រាំ​នឹង​មាន​ឈ្មោះ​ថា “ក្រុង​របស់​ព្រះអាទិត្យ”​។

១៩ គ្រា​នោះ ​គេ​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់ នៅ​ចំ​កណ្ដាល​ស្រុក​អេស៊ីប ហើយ​គេ​នឹង​ដំឡើង​ស្ដូប មួយ​ថ្វាយ​ព្រះអម្ចាស់​នៅ​ក្បែរ​ព្រំដែន ២០ ទុក​ជា​សញ្ញា​បញ្ជាក់​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន​ជាតិ​អេស៊ីប​អង្វរ​សូម​ព្រះអម្ចាស់​ ជួយ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះជាន់​ពួក​គេ ព្រះអង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​អោយ​មក​ការពារ និង​រំដោះ​ពួក​គេ។ ២១ ព្រះអម្ចាស់​នឹង​សំដែង​អោយ​ជន​ជាតិ​អេស៊ីប​ស្គាល់​ព្រះអង្គ ហើយ​នៅ​គ្រា​នោះ​ជន​ជាតិ​អេស៊ីប​នឹង​ស្គាល់​ព្រះអម្ចាស់​ពិត​មែន។ ពួក​គេ​នឹង​គោរព​បំរើ​ព្រះអង្គ ដោយ​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ផ្សេងៗ ពួក​គេ​នាំ​គ្នា​បន់​ព្រះអម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។ ២២ ព្រះអម្ចាស់​នឹង​វាយ​ប្រហារ​ជន​ជាតិ​អេស៊ីប​មែន តែ​ព្រះអង្គ​នឹង​ប្រោស​គេ​អោយ​បាន​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​អោយ​បាន​ជា​ទៀត​ផង។

២៣ នៅ​គ្រា ​នោះ​នឹង​មាន​ផ្លូវ​មួយ​ភ្ជាប់​ពី​ស្រុក​អេស៊ីប ទៅ​ស្រុក​អាស្ស៊ីរី។ ជន​ជាតិ​អាស្ស៊ីរី​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ជន​ជាតិ​អេស៊ីប​ទៅ​ស្រុក​អាស្ស៊ីរី ហើយ​ជន​ជាតិ​ទាំង​ពីរ​នឹង​គោរព​បំរើ​ព្រះអម្ចាស់​ជា​មួយ​គ្នា។ ២៤ នៅ​គ្រា​នោះ​ជន​ជាតិ​ អ៊ីស្រាអែល​នឹង​មក​រួម​ជា មួយ​ជន​ជាតិ​អេស៊ីប និង​ជន​ជាតិ​អាស្ស៊ីរី ហើយ​ជន​ជាតិ​ទាំង​បី​នឹង​ធ្វើ​អោយ​ពិភព​លោក​ទាំង​មូល​ស្គាល់​ព្រះពរ។ ២៥ ព្រះ​អម្ចាស់​ នៃ​ពិភព​ទាំង​មូល​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ​ថា: «សូម​អោយ​អេស៊ីប​ជា​ប្រជាជន​របស់​យើង ព្រម​ទាំង​អាស្ស៊ីរី ដែល​យើង​បាន​បង្កើត​មក និង​អ៊ីស្រាអែល ជា​ចំណែក​មត៌ក​របស់​យើង​បាន​ទទួល​ពរ!»។