អេសាយ (១៧)

ព្រះបន្ទូលប្រឆាំងនឹងក្រុងដាម៉ាស និងស្រុកអ៊ីស្រាអែល
១ សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស:
ថ្ងៃមួយ ដាម៉ាសនឹងលែងជា
ទីក្រុងទៀតហើយ
គឺក្លាយទៅគំនរបាក់បែក។
២ ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ
បោះបង់ចោលរហូតតទៅ
គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក
នៅទីនោះ ឥតមាននរណារំខានវាឡើយ។
៣ នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារ
ហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។
រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវ
អាប់អោនដូចជនជាតិអ៊ីស្រាអែលដែរ។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃ
ពិភពទាំងមូល។
៤ នៅថ្ងៃនោះភាពថ្កុំថ្កើងរបស់
កូនចៅលោកយ៉ាកុបនឹងត្រូវចុះអោនថយ
គេនឹងបាត់បង់ភោគទ្រព្យ
ហើយក្លាយទៅជាក្រខ្សត់។
៥ ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ
ដែលគេទើបនឹងច្រូតកាត់រួច
គ្មានអ្វីនៅសល់សោះ
គឺដូចវាលទំនាបរេផាអ៊ីម
នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
៦ មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះ
ដែលនៅសល់
គឺស្រុកអ៊ីស្រាអែលប្រៀបបាននឹង
ដើមអូលីវដែលគេទើបនឹងបេះផ្លែរួច
នៅខាងចុងមានសល់ពីរបីផ្លែ
ហើយតាមមែកមានសល់បួនប្រាំផ្លែ។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។

 នៅ​ថ្ងៃ​ នោះ​មនុស្ស​នឹង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ភ្នែក​របស់​គេ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ គេ​លែង​ផ្ដោត​អារម្មណ៍​ទៅ ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្ដូប​ព្រះអាសេរ៉ា ឬ​អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។

​៩ នៅ​ថ្ងៃ​ នោះ​ទីក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹងមាំ នឹង​ត្រូវ​បោះ​បង់​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ ដូច​ក្រុង​នានា ដែល​ជន​ជាតិ​ហេវី និង​ជន​ជាតិ​អាម៉ូរី បោះបង់​ចោល​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ​។

១០ អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់
ដែលជាព្រះសង្គ្រោះរបស់អ្នក
អ្នកពុំបាននឹកឃើញព្រះដែលជាកំពែងការពារអ្នកទេ។
ហេតុនេះហើយបានជាអ្នកដាំដំណាំ
សំរាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
១១ នៅថ្ងៃដែលអ្នកដាំដំណាំ
អ្នកបានធ្វើអោយដំណាំនោះដុះឡើង។
នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ
វាក៏ចេញផ្កាភ្លាម។
ប៉ុន្តែ ពេលចំរូតមកដល់ គ្មានផលអ្វីសោះ
ផ្ទុយទៅវិញមានតែការឈឺចាប់
គ្មានអ្វីព្យាបាលអោយជាបានទេ។
បរាជ័យរបស់ខ្មាំងសត្រូវ
១២ មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា
ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ
និងឮស្នូរសំឡេងសាសន៍ទាំងឡាយ
គគ្រឹកគគ្រេងដូចរលកសមុទ្រ
១៣ សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង
គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង
ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ
ហើយពួកគេក៏រត់ចេញឆ្ងាយ
ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ
ផាត់បាត់អស់ទៅ និងដូចលំអងផ្កា
ដែលត្រូវខ្យល់កួចយកទៅដែរ។
១៤ នៅពេលល្ងាចពួកគេភ័យញ័ររន្ធត់
មុនពេលថ្ងៃរះពួកគេវិនាសសូន្យអស់ទៅ។
នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់
និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។