អេសាយ (១៦)

ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូសាឡឹមអោយជួយ
១ ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន
យកទៅថ្វាយព្រះមហាក្សត្រយូដា
ដែលគង់នៅភ្នំស៊ីយ៉ូន!
២ ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អាណូន
ជាកន្លែងទឹករាក់
ដូចបក្សីដែលគេដេញចេញពីសំបុក។
៣ ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖
«សូមជួយផ្ដល់គំនិតអោយយើងខ្ញុំ
សូមចាត់វិធានការជួយយើងខ្ញុំផង។
ក្នុងពេលថ្ងៃពេញកំដៅនេះ
សូមធ្វើជាម្លប់ដល់យើងខ្ញុំ
ដូចនៅពេលយប់ដែរ
សូមអោយជនភៀសខ្លួនរបស់យើងខ្ញុំ
ជ្រកកោនជាមួយបងប្អូន
សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
៤ សូមអនុញ្ញាតអោយជនភៀសខ្លួនសាសន៍ម៉ូអាប់
ជ្រកកោនជាមួយបងប្អូនផង!
សូមលាក់គេកុំអោយមេបំផ្លាញរកឃើញ!
ពេលណាចប់ការសង្កត់សង្កិន
និងការសម្លាប់រង្គាល
ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
៥ ពេលនោះ ព្រះជាម្ចាស់នឹងប្រទានអោយ
ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ
ប្រកបដោយមេត្តាករុណា។
ព្រះរាជានឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រ
ស្ដេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត
ព្រមទាំងស្វែងរកយុត្តិធម៌អោយប្រជាជន»។
ក្រុងយេរូសាឡឹមពុំអាចជួយស្រុកម៉ូអាប់បានឡើយ
៦ ពេលនោះ ជនជាតិយូដាតបវិញថា៖
«យើងបានឮគេនិយាយថាពួកម៉ូអាប់
ពូកែអួតអាងខ្លាំងណាស់
ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់
ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។
៧ ប៉ុន្តែ ឥឡូវនេះជនជាតិម៉ូអាប់បែរជា
សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។
ពួកគេយំសោកស្ដាយអាហារដែល
ធ្លាប់បរិភោគនៅគៀរ-ហារេសេត
ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
៨ ចំការដំណាំនៅហេសបូនត្រូវខូចខាតអស់
រីឯចំការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស
ហិនហោចអស់ដែរ។
ចំការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរ
អោយមេដឹកនាំប្រជាជាតិនានា។
ចំការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង
រហូតដល់យ៉ាស៊ែរ
និងវាររហូតដល់វាលរហោស្ថាន
ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។
៩ ហេតុនេះហើយបានជាយើងយំ
ជាមួយអ្នកស្រុកយ៉ាស៊ែរ
ស្រណោះចំការទំពាំងបាយជូរនៅស៊ីបម៉ា។
យើងបង្ហូរទឹកភ្នែកស្រោចស្រព
ហេសបូន និងអេឡាលេ
ដ្បិតសង្គ្រាមបានធ្វើអោយភោគផលដំណាំ
របស់អ្នករាល់គ្នាវិនាសហិនហោចអស់។
១០ នៅតាមចំការដំណាំនោះ
លែងមានឮសំរែកអរសប្បាយទៀតហើយ
រីឯក្នុងចំការទំពាំងបាយជូរ
ក៏គ្មាននរណាច្រៀងដោយអំណរ
ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ
ដាក់ក្នុងធុងទៀតដែរ
គឺលែងមានសំរែកហ៊ោកញ្ជ្រៀវទៀតហើយ។
១១ ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង
អន្លង់អន្លោច ដូចសំឡេងពិណ
ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់
ខ្ញុំស្រណោះក្រុងគៀរ-ហេរ៉ែស។
១២ គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ
កន្លែងសក្ការៈតាមទួលខ្ពស់ៗ
យ៉ាងត្រដាបត្រដួស
គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ
តែឥតបានផលអ្វីសោះ។

១៣ នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្ដី​អំពី​ជន​ជាតិ​ម៉ូអាប់។ ១៤ ឥឡូវ​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «គំរប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ ជា​មួយ​ប្រជាជន​ដ៏​ច្រើន​លើសលប់​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេសសល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​អោន»។