អេសាយ (១៥)

ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់
១ សេចក្ដីប្រកាសស្ដីអំពីស្រុកម៉ូអាប់:
ក្រុងអារ-ម៉ូអាប់មុខជាត្រូវហិនហោច
និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ!
ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច
និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!
២ ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន
គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ
ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង
ស្រណោះក្រុងនេបូ និងក្រុងមែដេបា
គេកោរសក់ទាំងអស់គ្នា
ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
៣ នៅតាមផ្លូវក្រុងគេស្លៀកបាវកាន់ទុក្ខ
ហើយគ្រប់ៗគ្នាយំសោកសង្រេង
នៅលើផ្ទះ និងនៅតាមទីផ្សារ។
៤ នៅក្រុងហេសបូន និងអេឡាលេ
ប្រជាជនស្រែកយំលាន់ឮ
រហូតដល់ក្រុងយ៉ាហាត់។
សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់
ក៏ស្រែកទ្រហោយំដោយបាក់ទឹកចិត្តដែរ។
៥ ខ្ញុំយំអាណិតស្រុកម៉ូអាប់
ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ
ក្រុងអេក្លាត-សេលីស៉្យា
ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូហ៊ីត
ពួកគេស្រែកទ្រហោយំ យ៉ាងអស់សង្ឃឹម
តាមផ្លូវទៅហូរ៉ូណាអ៊ីម
៦ ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបអោយរីង
តិណជាតិក្រៀមស្វិតអស់
ស្មៅដ៏ខៀវខ្ចី ក៏ងាប់អស់
ហើយរុក្ខជាតិក៏លែងមានទៀតដែរ។
៧ ហេតុនេះហើយបានជាពួកគេប្រមែប្រមូល
អ្វីៗដែលនៅសល់នាំយកទៅទុក
នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
៨ សំរែករបស់ប្រជាជនលាន់ឮជុំវិញ
ព្រំដែនស្រុកម៉ូអាប់ទាំងមូល
ទំនួញរបស់ពួកគេឮទៅដល់អេក្លាអ៊ីម
ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។
៩ ទឹកអូរដែលហូរកាត់ភូមិដេម៉ូន
មានសុទ្ធតែឈាម
ហើយយើងនឹងធ្វើអោយទុក្ខវេទនា
កើតមានដល់ភូមិដេម៉ូននេះថែមទៀត
គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់
ដែលនៅសល់លើទឹកដីរបស់គេ។