អេសាយ (១៣)

ទោសរបស់រាជាណាចក្របាប៊ីឡូន
១ សេចក្ដីប្រកាសស្ដីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ុស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
២ «ចូរលើកទង់សញ្ញាមួយ
នៅលើភ្នំមួយដែលគ្មានដើមឈើ
ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន
ទាំងនោះអោយចូលមកតាមទ្វារកិត្តិយស។
៣ យើងបានចេញបញ្ជាទៅកាន់អស់អ្នក
ដែលប្រគល់ជីវិតមកយើង
គឺហៅអ្នកចំបាំងដ៏ជំនាញទាំងនោះមក
ដើម្បីប្រើពួកគេអោយសំរេចតាម
កំហឹងរបស់យើង
ពួកគេនឹងមានអំណរសប្បាយ
ដោយយើងមានជ័យជំនះ»។
៤ ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ
ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ
គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ
ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។
ព្រះអម្ចាស់នៃពិភពទាំងមូល
ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។
៥ អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ
គឺមកពីជើងមេឃ
ព្រះអម្ចាស់នឹងប្រើពួកគេ
ដើម្បីសំរេចតាមព្រះពិរោធរបស់ព្រះអង្គ
និងបំផ្លាញស្រុកនោះទាំងមូល។
៦ ចូរនាំគ្នាស្រែកទ្រហោយំ
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។
នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុត
នឹងធ្វើអោយកើតមហន្តរាយ។
៧ ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នា
បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។
៨ ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន
ដូចស្ត្រីដែលកំពុងតែសំរាលកូន។
ពួកគេមើលមុខគ្នាទៅវិញទៅមក
ទាំងស្រឡាំងកាំង ហើយមុខរបស់គេ
ពោរពេញទៅដោយភាពអាម៉ាស់។
៩ មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយ
គឺជាថ្ងៃមួយដ៏សាហាវ
ជាថ្ងៃដែលមនុស្សត្រូវទទួលទោស
ស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។
ថ្ងៃនោះនឹងធ្វើអោយផែនដីក្លាយទៅជា
ទីស្មសានដ៏ស្ងាត់ជ្រងំ
មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
១០ ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ
នឹងលែងបញ្ចេញពន្លឺ
ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង
ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
១១ យើងនឹងដាក់ទោសមនុស្សលោក
ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត
យើងនឹងដាក់ទោសមនុស្សពាល
ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់
អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប
ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
១២ យើងនឹងធ្វើអោយមនុស្សនៅសល់តិចតួចបំផុត
គឺពិបាករកជាងរកមាសទឹកដប់
និងមាសដ៏ល្អបំផុតទៅទៀត។
១៣ នៅថ្ងៃដែលព្រះអម្ចាស់នៃពិភពទាំងមូល
ខ្ញាល់នឹងមនុស្សលោក
ផ្ទៃមេឃនឹងកក្រើករំពើក
ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា
ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។
១៤ ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន
ហើយរត់ទៅរកស្រុកកំណើតវិញ
ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន
ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
១៥អ្នកណាត្រូវគេប្រទះឃើញ
អ្នកនោះនឹងស្លាប់ដោយមុខព្រួញ
ហើយអ្នកណាត្រូវគេតាមទាន់
អ្នកនោះនឹងស្លាប់ដោយមុខដាវ។
១៦ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ
ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់
ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
១៧យើងនឹងជំរុញជនជាតិម៉ែដ
អោយលើកគ្នាមកវាយប្រហារពួកគេ។
អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
១៨ជនជាតិម៉ែដនឹងបាញ់ព្រួញប្រហារពួកយុវជន
ហើយគ្មានចិត្តអាណិតអាសូរទារកដែលទើប
នឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
១៩រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុង
រាជាណាចក្រ ដែលធ្វើអោយជនជាតិខាល់ដេ
មានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយ
ដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
២០ក្រុងនោះនឹងលែងមាននរណារស់នៅ
លែងមានប្រជាជនរហូតតទៅ។
សូម្បីពួកអារ៉ាប៊ីក៏លែងបោះជំរំនៅទីនោះ
ហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួន
ទៅស៊ីស្មៅនៅតាមទីនោះដែរ។
២១មានតែសត្វព្រៃប៉ុណ្ណោះដែលនឹងនាំគ្នាមក
ស្នាក់អាស្រ័យនៅ
មានសត្វទីទុយនាំគ្នាមកធ្វើសំបុកនៅតាមផ្ទះ
សត្វត្មាតនាំគ្នាមករស់នៅ
សត្វពពែព្រៃនាំគ្នាមកលោតលេង។
២២ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ
ហើយហ្វូងស្វានរស់នៅក្នុងវិមានលំហែកាយ។
ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់
ឥតពន្យារឡើយ។