មាតិកា

ព្យាការីអេសាយ
ពាក្យលំនាំ

«អេសាយ»  ​ក្នុងភាសាហេប្រឺ​មានន័យថា  ​«ព្រះអម្ចាស់សង្គ្រោះ»។ ​ឈ្មោះរបស់លោកអេសាយហាក់​ ដូចជាចង់សង្ខេបអត្ថន័យនៃខ្លឹមសាររបស់ ក័ណ្ឌគម្ពីរអេសាយនេះទាំងមូល។ ​ប៉ុន្តែ  ​ការសង្គ្រោះ ដែលព្រះ​ជាម្ចាស់ប្រទានមក​ជួនកាល​មិនស្រប តាមចិត្តប៉ងប្រាថ្នារបស់មនុស្សទេ ​ហេតុ នេះហើយបានជានៅក្នុង​គម្ពីរអេសាយ  ​មានសេចក្តីខ្លះធ្វើ អោយយើងងឿងឆ្ងល់​អំពីរបៀបដែលព្រះអម្ចាស់សង្គ្រោះប្រជារាស្ត្រ​របស់ព្រះអង្គ។ យើង អាចបែងចែកក័ណ្ឌគម្ពីរ អេសាយទាំង  ៦៦  ចំពូក  ជាបីផ្នែក​យោងតាមយុគសម័យ​បី  នៃប្រវត្តិសាស្ត្ររបស់ប្រជារាស្ត្រអ៊ីស្រាអែល។​

ផ្នែកទីមួយ  (ចំពូក  ១​-​៣៩)​:  ព្រះបន្ទូលក្នុងផ្នែកនេះ  រៀបរាប់ចាប់ពី​ឆ្នាំ   ៧៤០  ដល់  ៧០០ ​មុនគ.ស. ។ ​លោកអេសាយថ្លែង ព្រះបន្ទូលនៅក្រុងយេរូ សាឡឹម  ក្នុងរយៈកាលមួយដ៏វឹកវរ​ គឺនៅគ្រាដែលមានវិបត្តិ​អន្តរជាតិមួយធ្ងន់ធ្ងរ​:  ស្រុកអេស៉ីប  ដែលជាមហាអំណាចប៉ែកខាងត្បូង  កំពុងតែចុះអោន ថយ  ​ហើយ​ស្រុកអាស្ស៊ីរីដែលនៅខាងជើងចេះ តែពង្រឹងអំណាចខ្លាំងឡើងៗ។

នៅឆ្នាំ  ៧៣៥  មុន​គ.ស.  គឺនៅគ្រាដែលព្រះបាទអខាសគ្រងរាជ្យនៅក្រុងយេរូសាឡឹម ​រាជាណាចក្រ​ស៊ីរី  ​និង​  អេប្រាអ៊ីម  (អ៊ីស្រាអែល ខាងជើង)  បាន ព្រួតគ្នាប្រឆាំងនឹងរាជាណាចក្រយូដា   ​ដើម្បីបង្ខំនគរនេះ​អោយចូលដៃជា​មួយពួកគេ  ​តទល់នឹង ការគំរាមកំហែងរបស់ជនជាតិអាស៉្សីរី។

នៅឆ្នាំ  ៧២២​-​៧២១​:  ​ រាជាណាចក្រអ៊ីស្រាអែលខាងជើងត្រូវរលាយ  ​គឺកងទ័ពអាស្ស៊ីរីវាយយកបាន​ក្រុងសាម៉ារី   ​ហើយកៀរប្រជាជនទៅជា ឈ្លើយសឹក។

នៅឆ្នាំ  ៧០១​:  ​កងទ័ពអាស៉្សីរីឡោមព័ទ្ធក្រុងយេរូសាឡឹម ​ហើយលេបទឹកដីយូដាបន្តិចម្តងៗ។

ក្នុងរយៈកាលនោះ  ​ព្យាការីអេសាយប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់  យ៉ាងតឹងរ៊ឹងបំផុត   ។​ លោក​ស្តីបន្ទោស​ជនជាតិ អ៊ីស្រាអែល  ​ដោយ ប្រកាសថា​   ព្រះជាម្ចាស់អនុញ្ញាតអោយជនជាតិអាស្ស៊ីរីមកគំរាម​កំហែងជនជាតិ​អ៊ីស្រា​អែល  ​ដើម្បីដាក់ទោស ពួកគេ  ​ព្រោះពួកគេបោះបង់ចោល ព្រះអង្គ ។ ​លោកក៏បាន​ប្រកាសជំទាស់នឹងនយោបាយរបស់​អ្នកដឹកនាំ  ដែលគិតគូររក មធ្យោបាយរំដោះស្រុក​ដោយពឹងលើកម្លាំង​មនុស្សលោក ។ ​លោកប្រកាសប្រឆាំង​នឹងមេ​ដឹក​នាំ  ដែលចេះតែប្រើអំណាចជិះ ជាន់​រំលោភលើសិទ្ធិ​ប្រជាជនទន់ខ្សោយ ​ព្រមទាំងប្រឆាំងនឹងមេដឹកនាំសាសនា​ដែលឆ្លៀតឱកាសកេងប្រវ័ញ្ចប្រជាជនក្រីក្រ​ហើយលោកក៏បន្ទោសជនជាតិអ៊ីស្រាអែលចំពោះមហិច្ឆតា​ចង់ក្លាយ​ទៅជាមហាប្រទេសដែរ ។

ប៉ុន្តែ​នៅពេលមានទុក្ខលំបាកមកដល់  ​ព្រះបន្ទូលដែលលោកថ្លែង​បានក្លាយទៅជាពាក្យលើកទឹកចិត្ត​ប្រជាជន​មិន​អោយភ័យតក់ស្លុត  ឬ  បាក់ទឹកចិត្តឡើយ ។ ​ក្នុងគ្រប់កាលៈទេសៈទាំងអស់  ​ព្យាការីអេសាយ​ប្រកាសអោយ​ប្រជាជនកែប្រែចិត្ត គំនិត  ​ហើយជឿទុកចិត្តលើព្រះជាម្ចាស់  ​និង​ទុកចិត្តលើព្រះបន្ទូល​សន្យារបស់ព្រះអង្គ។ ​លោកណែនាំប្រជាជនអោយប្រព្រឹត្តអំពើ ផ្សេងៗ​ស្របតាមជំនឿរបស់ខ្លួន  ទោះបី​ក្នុង​ផ្នែកសង្គម  ឬ  ផ្នែកនយោ​បាយ​  និង  ក្នុងជីវិតរបស់បុគ្គលម្នាក់ៗក្តី។

យើងអាចចែកផ្នែកទីមួយនេះ  ដូចតទៅ  :

-  ចំពូក  ១​-​១២  ;​  ២៨​-​៣៣  :  ព្រះបន្ទូលស្តីអំពីរាជាណាចក្រយូដា  និង  រាជាណាចក្រអ៊ីស្រាអែល។

-  ចំពូក  ១៣​-​២៣  :  ​ព្រះបន្ទូលស្តីអំពីប្រជាជាតិឯទៀតៗ  គឺមានបាប៊ីឡូន  ភីលីស្ទីន  និង  ម៉ូអាប់​។ល។

-  ចំពូក  ២៤​-​២៧​;  ៣៤​-​៣៥  :  ​ស្ថានភាពវឹកវរនៅគ្រាចុងក្រោយបំផុត។

-  ចំពូក  ៣៦​-​៣៩  :  ​ព្រឹត្តិការណ៍ផ្សេងៗនៅរជ្ជកាលព្រះបាទអេសេខ្យាស  ដែលជាកំណត់ហេតុដូចគ្នា​នឹងក័ណ្ឌគម្ពីរពង្សាវតារក្សត្រដែរ។

ផ្នែកទីពីរ   (ចំពូក  ៤០​-​៥៥​)​ :   ពេលខ្លះ  ​គេហៅផ្នែកនេះថា​  «គម្ពីរសំរាលទុក្ខអ៊ីស្រាអែល» ។  ​ ក្នុងផ្នែក​នេះ  ​មាន​រៀប​រាប់អំពីជន ជាតិបាប៊ីឡូន  ដែលឡើងជាមហាអំណាចគ្រប់គ្រងនៅតំបន់នោះ  ​ជំនួសជនជាតិ​អាស្ស៊ីរី ។ ​កងទ័ព​បាប៊ី​​ឡូនវាយយកបាន ក្រុងយេរូសាឡឹមនៅឆ្នាំ  ៥៨៧  មុន  គ.​ស.  ហើយកៀរប្រជាជន​យកទៅជាឈ្លើយសឹក។ ​ពេល​នោះ  ប្រជាជនដែលជាប់ជាឈ្លើយ  នាំគ្នាបាក់ទឹកចិត្ត  ​ហើយគិតថា​ព្រះជា​ម្ចាស់បានបោះបង់ចោល ពួកគេ។

ក្នុងផ្នែកនេះ  ព្យាការីប្រកាសថា   ​ព្រះជាម្ចាស់នឹងប្រើព្រះចៅស៊ីរូស   ជាស្តេចនៃចក្រភពពែរ្ស​អោយ​រំដោះប្រជា​រាស្ត្ររបស់ ព្រះអង្គ  ​ព្រមទាំងនាំពួក គេវិលមកកាន់ទឹកដីសន្យាវិញ​ ។ ​តាមរយៈការរំដោះនេះ​ព្រះអង្គសព្វព្រះហប្ញទ័យ​ប្រកាសអោយ ប្រជាជនដឹងថា  ​ព្រះអង្គជាព្រះអាទិករនៃពិភព លោកនេះ  ​ព្រះ​បន្ទូល​ដែលព្រះអង្គប្រកាស​  ហើយអ្វីៗ​ដែលព្រះអង្គគ្រោងទុក មុខតែសំរេចជារូបរាងមិនខាន។  ​រីឯព្រះ​របស់សាសន៍ដទៃវិញ  ​សុទ្ធតែឥត ប្រយោជន៍​    ព្រោះ​ពុំអាចធ្វើអ្វីកើតឡើយ ។

នៅក្នុងព្រះបន្ទូលដែលផ្តល់សេចក្តីសង្ឃឹមនេះ  ​មានកំណាព្យបួន​ថ្លែងអំពី  «អ្នកបំរើរបស់ព្រះជាម្ចាស់»​(៤២.​១​-​៤​;  ៤៩.​១​-​៦​;  ​៥០.​៤​-​៩​;  ៥២.​១៣​-​៥៣.១២) ​  ដែលគេចាត់ទុកជារូបភាពមួយរបស់​ព្រះយេស៊ូ   ក្នុងសម្ពន្ធមេត្រីថ្មី​    (សូម​អាន ​ កិច្ចការ  ៨.​៣០​-​៣៥)។

ផ្នែកទីបី  (ចំពូក  ៥៦​-​៦៦)​:   ពេលជនជាតិអ៊ីស្រាអែលដែលត្រូវគេកៀរទៅជាឈ្លើយសឹក​វិលមកដល់​ស្រុកវិញ ​ពួកគេរស់នៅ យ៉ាងលំបាក  កំសត់ទុគ៌ត  ​គឺទីក្រុងបាក់បែក  ​មានសត្រូវយាយីជុំវិញ  ​ហើយអ្នក​ដែលស្មោះត្រង់នឹង​ព្រះ​ជាម្ចាស់មាននៅសល់តែ មួយចំនួនតូចប៉ុណ្ណោះ…។

ប៉ុន្តែ  ​ព្យាការីប្រកាសថា​ព្រះវិញ្ញាណរបស់ព្រះអម្ចាស់​បានចាត់លោកអោយមកប្រកាសដំណឹងល្អដល់​ជនក្រីក្រ​  និង  ថែទាំអ្នក ដែលបាក់ទឹកចិត្ត…(ចំពូក  ៦១)។​ក្រោយមក​ព្រះយេស៊ូប្រកាសថា  ព្រះអង្គយាង​មកបំពេញព្រះ​បរម​កិច្ចរបស់​ព្រះអង្គនៅ ផែនដី  ដូចព្យាការីបានប្រកាសទុកមែន  (លូកា  ៤.​១៦​-​២១)។