មាតិកា

ព្យាការីអម៉ូស
ពាក្យលំនាំ

ប្រហែលជានៅឆ្នាំ  ៧៦០  មុន​គ.ស.  ​ព្យាការីអម៉ូសចាកចេញពីភូមិរបស់លោក  ដែលស្ថិតនៅក្នុងទឹកដី​យូដា   ​(រាជាណាចក្រខាង ត្បូង)​ធ្វើដំណើរទៅ ដល់កន្លែងសក្ការៈនៅបេតអែល  ​ក្នុងទឹកដីអ៊ីស្រាអែល​(រាជា​ណាចក្រខាងជើង) ​ហើយប្រកាសព្រះបន្ទូលស្តី ប្រដៅប្រជាជននៅរាជាណាចក្រខាងជើង។

គ្រានោះ  ​គឺនៅរជ្ជកាលព្រះបោទយេរ៉ូបោម  ទី  ២   (៧៨៧​-​៧៤៧​មុន​គ.ស.)   ​រាជាណាចក្រអ៊ីស្រាអែល​បានស្ងប់សង្គ្រាមជាមួយ ស្រុកស៉ីរី ​ហើយស្រុកទេសកំពុងតែចំរុងចំរើនឡើងវិញ  ​ រីឯស្ថានភាពសាសនាក៏​នៅល្អដែរ​ស្រាប់តែព្យាការីអម៉ូសមកដល់ប្រកាស ថារាជាណាចក្រនេះ​នឹងត្រូវ រលាយនៅពេលខាង​មុខ។

មនុស្សម្នាក់ៗ  និង  ជាតិសាសន៍នីមួយៗ​ត្រូវតែរស់នៅ  ដោយមានសិទ្ធិសេរីភាពដូចគ្នា  ​ហេតុនេះហើយ​បានជាព្រះជាម្ចាស់តាក់តែង​អោយមានច្បាប់  មានវិន័យ។ ​ប៉ុន្តែ  ច្បាប់នេះត្រូវអ្នកដែលមានកម្លាំង​មាន​អំណាចជាន់ឈ្លី  ​ដោយរំលោភលើសិទ្ធិរបស់អ្នកដែល​ទន់​ខ្សោយជាងខ្លួន។ ​ព្រះជាម្ចាស់ តែងតែគាំទ្រអ្នក​ទន់ខ្សោយជានិច្ច។ ​ព្យាការីអម៉ូសបាននាំយកព្រះបន្ទូលមករំលឹកដាស់តឿន​  និង  ​បន្ទោសអ្នកស្រុក​អ៊ីស្រាអែល  (ជាពិសេស  និមិត្តហេតុ ដែលលោកបានឃើញនៅចំពូក  ៧​  ដល់  ៩)។ ​ប៉ុន្តែ  ពួកគេមិនស្តាប់​លោកឡើយ  ​គឺបែរជានាំគ្នាដេញលោកចេញពីស្រុកអ៊ីស្រាអែលយ៉ាងឆាប់ៗ  (៧.​១០​-​១៧)។

យើងអាចចែកក័ណ្ឌគម្ពីរនេះជាបីផ្នែក  ដូចតទៅ  :
ចំពូក  ១​-​២​:  ព្រះជាម្ចាស់ស្តីបន្ទោសស្រុកអ៊ីស្រាអែល  និង  នគរជិតខាង។
ចំពូក  ៣​-​៦​:  ប្រជារាស្ត្រអ៊ីស្រាអែលប្រព្រឹត្តខុសចំពោះព្រះជាម្ចាស់។
ចំពូក  ៧​-​៩​:  និមិត្តហេតុអស្ចារ្យប្រាំ  ​ជានិមិត្តរូបនៃអន្តរាគមរបស់ព្រះជាម្ចាស់នៅពេលខាងមុខ។