ព្យាការីអេម៉ូស (០៩)

និមិត្តហេតុអស្ចារ្យចុងក្រោយ
១ ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ
អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖
«ចូរវាយក្បាលសសរអោយកក្រើក
រហូតដល់ជើងសសរ!
ចូរកិនកំទេចមេដឹកនាំរបស់
ពួកគេទាំងអស់គ្នា!
យើងនឹងប្រហារបរិវាររបស់ពួកគេ
អោយវិនាសដោយមុខដាវ
គ្មាននរណាម្នាក់អាចរត់គេចខ្លួន
គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
២ ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដី
ក៏យើងទៅអូសយកមកវិញ
ទោះបីពួកគេឡើងទៅដល់ស្ថានសួគ៌ក្ដី
ក៏យើងទាញទម្លាក់ចុះមកវិញដែរ។
៣ ទោះបីពួកគេទៅពួននៅកំពូលភ្នំកាម៉ែលក្ដី
ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ
ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ
ដើម្បីកុំអោយយើងឃើញក្ដី
ក៏យើងប្រើនាគអោយទៅខាំពួកគេដែរ។
៤ ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដី
ក៏យើងប្រើដាវអោយទៅតាមប្រហារពួកគេ
យើងនឹងតាមមើលពួកគេជានិច្ច
ដើម្បីធ្វើអោយពួកគេវេទនា
គឺមិនមែនផ្ដល់សេចក្ដីសុខទេ»។
៥ ព្រះជាអម្ចាស់នៃពិភពទាំងមូលពាល់ផែនដី
នោះផែនដីរញ្ជួយញាប់ញ័រ
ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។
ផែនដីកក្រើកឡើង ស្ងប់ទៅវិញ
ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង
រួចស្រកទៅវិញដែរ។
៦ ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃ
ព្រះអង្គដាក់លំហអាកាសនៅលើផែនដី
ព្រះអង្គហៅទឹកសមុទ្រ
អោយមកស្រោចស្រពផែនដី
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
៧ «កូនចៅអ៊ីស្រាអែលអើយ
យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង
ជនជាតិអេត្យូពីទេ។
យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប
ហើយយើងក៏បាននាំជនជាតិភីលីស្ទីន
ចេញពីស្រុកកាប់ទរ
ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៨ យើងជាព្រះជាអម្ចាស់ យើងតាមមើលនគរ
ដែលមានទោស
យើងនឹងកំទេចនគរនេះ
អោយវិនាសបាត់ពីផែនដី។
ប៉ុន្តែ យើងនឹងមិនកំទេចកូនចៅលោកយ៉ាកុប
អោយវិនាសសូន្យទាំងស្រុងទេ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ យើងបញ្ជាអោយគេរែងពូជពង្សអ៊ីស្រាអែល
ក្នុងចំណោមប្រជាជាតិទាំងអស់
ដូចគេរែងយកថ្មចេញពីអង្ករ។
សូម្បីតែក្រួសតូចមួយ
ក៏មិនអោយជ្រុះដល់ដីដែរ។
១០ មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើង
នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា
អ្នកទាំងនោះពោលថា:
“ព្រះអង្គមិនធ្វើអោយទុក្ខវេទនាចូលមកជិត
ឬកើតមានដល់ពួកយើងឡើយ”។

ព្រះបន្ទូលសន្យាស្ដារស្រុកអ៊ីស្រាអែលឡើងវិញ
១១ «នៅថ្ងៃនោះយើងនឹងលើកខ្ទមរបស់ដាវីឌ
ដែលជិតរលំទៅហើយនោះឡើងវិញ
យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ
យើងនឹងលើកកន្លែងដែលរលំបាក់បែក
ហើយសង់ខ្ទមនោះអោយបានល្អដូចដើមវិញ
១២ ដើម្បីអោយជនជាតិអ៊ីស្រាអែលចាប់យក
ស្រុកអេដុមដែលនៅសេសសល់
ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់
ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលនឹងសំរេចការទាំងនោះ។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ
កាលណាគេច្រូតស្រូវរួចរាល់ហើយ
អ្នកភ្ជួរក៏មកភ្ជួរភ្លាម។
ក្រោយពេលសាបព្រោះស្រូវរួចហើយ
អ្នកជាន់ផ្លែទំពាំងបាយជូរ
ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។
ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ
យ៉ាងសម្បូណ៌ហូរហៀរ។
១៤ ពេលនោះ យើងនឹងនាំអ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់យើងដែលជាប់ជាឈ្លើយ
អោយត្រឡប់មកវិញ។
ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត
ដើម្បីស្នាក់នៅ។
ពួកគេនឹងដាំទំពាំងបាយជូរ
ហើយផឹកស្រាពីចំការទំពាំងបាយជូរនោះ។
ពួកគេនឹងធ្វើចំការ ហើយបរិភោគ
ផលផ្លែពីចំការនោះដែរ។
១៥ យើងនឹងអោយពួកគេរស់នៅយ៉ាងស្ថិតស្ថេរ
លើទឹកដីរបស់ខ្លួន
គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក
ដែលយើងបានប្រគល់អោយពួកគេ
នេះទៀតឡើយ»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះរបស់អ្នក។