ព្យាការីអេម៉ូស (០៨)

និមិត្តហេតុអស្ចារ្យអំពីកំប្រោងផ្លែឈើ
១ ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ បង្ហាញអោយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ:
ខ្ញុំឃើញកំប្រោងមួយ
មានពេញដោយផ្លែឈើទុំ។
២ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
«អម៉ូសអើយ តើអ្នកឃើញអ្វី?»
ខ្ញុំទូលព្រះអង្គថា៖ «ទូលបង្គំឃើញកំប្រោង
មួយ មានពេញដោយផ្លែឈើទុំ»
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
«ចុងបញ្ចប់របស់អ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់យើង ជិតមកដល់ហើយ
យើងនឹងមិនអធ្យាស្រ័យអោយគេទៀតទេ។
៣ នៅថ្ងៃនោះសំរែកថ្ងូរនឹងមកជំនួស
ចំរៀងសប្បាយនៅក្នុងវិហារហ្លួង។
មានសាកសពពាសពេញ
ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង»
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
៤ អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ
ហើយធ្វើអោយជនទុគ៌តត្រូវវិនាស
ចូរស្ដាប់ពាក្យខ្ញុំ!
៥ អ្នករាល់គ្នាតែងតែបន់អោយបុណ្យចូលខែថ្មី
និងថ្ងៃសប្ប័ទ*ឆាប់ចប់
ដើម្បីបើកជង្រុកលក់ស្រូវ
ដោយយកតៅតូចជាងធម្មតាមកវាល់
ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ
ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
៦ អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌ត
យកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។
សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។
៧ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់
ដោយយកទឹកដី ដែលជាមោទនភាព
របស់ជនជាតិអ៊ីស្រាអែលធ្វើជាសាក្សីថា:
យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ
ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
៨ ហេតុនេះហើយបានជាមានរញ្ជួយផែនដី
អ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។
ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញ
ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង
រួចស្រកទៅវិញដែរ។
៩ នៅថ្ងៃនោះ យើងនឹងធ្វើអោយព្រះអាទិត្យលិច
នៅពេលថ្ងៃត្រង់
ហើយអោយផែនដីងងឹតសូន្យនៅពេលថ្ងៃ
– នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
១០ យើងនឹងធ្វើអោយពិធីបុណ្យដ៏សប្បាយ
របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ
ហើយអោយបទចំរៀងរបស់អ្នករាល់គ្នា
ក្លាយទៅជាបទទំនួញ។
យើងនឹងអោយអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ
ព្រមទាំងកោរសក់ផង។
យើងនឹងអោយអ្នកស្រុកទាំងអស់កាន់ទុក្ខ
ដូចគេកាន់ទុក្ខកូនតែមួយ
ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
១១ ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖
«នៅគ្រាខាងមុខ យើងនឹងធ្វើអោយ
ការអត់ឃ្លានកើតនៅក្នុងស្រុក
តែមិនមែនការអត់ឃ្លានខាងអាហារ
ឬការស្រេកទឹកនោះទេ
ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់
ព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ពួកគេនឹងដើរចុះឡើង ពីសមុទ្រមួយ
ទៅសមុទ្រមួយ
ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត
ដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់
តែរកមិនឃើញឡើយ។
១៣ នៅថ្ងៃនោះស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗ
នឹងអស់កម្លាំងដួលដោយស្រេកទឹក។
១៤ អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយ
នៅក្រុងសាម៉ារីថា:
“ខ្ញុំសូមស្បថ ដោយយកព្រះជន្ម
របស់ព្រះនៅក្រុងដាន់ជាសាក្សី”
“ខ្ញុំសូមស្បថ ដោយយក
ព្រះនៅបៀរសេបាជាសាក្សី”
អ្នកនោះមុខជាដួលស្លាប់
ក្រោកឡើងវិញមិនរួចឡើយ។»